ទាក់ទង និង ទំនាក់ទំនង

ខែ​ឧសភា 11, 2008

ក្នុងភាសាខ្មែរមានវិធីបង្កើតពាក្យរបស់ខ្លួនច្រើនសណ្ឋាន។​ វិធីដែលមានប្រើញឹកញាប់គឺវិធីកម្លាយ​ពាក្យ​។​​ តាម​វិធីកម្លាយ​ពាក្យ ខ្មែរ​មាន​មូលបទសំខាន់មួយចំនួនសម្រាប់បង្កើតពាក្យថ្មី ដែលមូលបទនីមួយ ៗ សុទ្ធ​សឹង​មានតួនាទីសម្គាល់ន័យ និងតួនាទីពាក្យតាម​ក្បួនវេយ្យាករណ៍ខ្មែរ។ ភ្ជាប់ជាមួយវិធីកម្លាយពាក្យនេះ​យើង​​សូម​​សង្កេតលើការប្រើពាក្យ ទាក់ទង និង ទំនាក់ទំនង។ យើងឃើញថា លោកអ្នកប្រើភាសាខ្មែរ​មួយចំនួន​បានប្រើពាក្យទាំងពីរខុសគោលការណ៍នៃក្បួន​សម្ព័ន្វវិទ្យាខ្មែរ (Khmer Syntax)។

សូមពិនិត្យល្បះខាងក្រោមដូចតទៅនេះ៖ (ដោយរកឧទាហរណ៍ចេញពីអត្ថបទមិនទាន់ សូមអនុញ្ញាតប្រើល្បះដែលធ្លាប់ឮញឹកញាប់សិន)

១. សូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦។ (ផ្សាយពាណិជ្ជកម្ម)

២. …ការទំនាក់ទំនងរវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។ (នាទីទស្សទាយ)

ពាក្យថា ទាក់ទង ជាកិរិយាសព្ទ រីឯពាក្យ ទំនាក់ទំនង ជានាមសព្ទ។​ នៅក្នុងឧទាហរណ៍ ១ ពាក្យ ទំនាក់ទំនង ត្រូវបានប្រើជាកិរិយាសព្ទ ជំនួយពាក្យ ទាក់ទង ។​ ចំណែកក្នុងឧទាហរណ៍ ២ គេប្រើ អឌ្ឍមូលបទ (Semi-affix) ការ បន្ថែមពីលើនាម ទំនាក់ទំនង។ ដោយពាក្យហេតុថា ទំនាក់ទំនង ជានាមសព្ទក្លាយមកពីពាក្យ ទាក់ទង ចាំបាច់អីទៅប្រើអឌ្ឍមូលបទ ការ ជាជំនួយទៀត ឬគេយល់ថា ពាក្យ ទំនាក់ទំនង ដែលកម្លាយរួចហើយនៅមិនទាន់ជានាមសព្ទពេញលក្ខណៈ។ តាមយោបល់ខ្ញុំ និងស្របតាមក្បួនវេយ្យាករណ៍ខ្មែរផងនោះ ១ និង ២ គួរនិយាយ ឬ សរសេរថា ៖

១. សូមទាក់ទង មកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦​។

២. …ទំនាក់ទំនង ការទាក់ទង រវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។

 

Advertisements

កៀប ឬ គាប

ខែ​ឧសភា 11, 2008

ពាក្យថា​ កៀប​ និង​ គាប តាមវចនានុក្រមខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យបានឲ្យនិយមន័យថា៖

កៀប កិ. រឹតដោយតង្កៀប៖ ក្តាមកៀប។ (ទំព័រ ៤៨)

គាប កិ. ចាប់រឹតដោយគំនាប ឬឃ្នាប៖ គាបត្នោត។

…គាត់ចេញមិនទាន់ ក៏ត្រូវមែកឈើដ៏ធំវាយសង្កត់ពីលើកៀបជាប់នឹងដី បណ្តាលឲ្យគាត់ដាច់ខ្យល់ស្លាប់មួយរំពេច។ …(កោះសនិ្តភាព៖ ឆ្នាំទី៤១ លេខ ៦៣៤១ ថ្ងៃសៅរ៍ អាទិត្យ ទី១០ ១១ ឧសភា ឆ្នាំ២០០៨)

តាមស្ថានភាពដូចក្នុងសំណេររបស់អត្ថបទខាងលើ ពាក្យ កៀប ឬ គាប មិនគួរប្រើទេ។ ដោយហេតុថា បើពិនិត្យលើន័យរបស់ពាក្យ កៀប ឬ គាប តាមទិដ្ឋភាពជាក់ស្តែង និងតាមន័យពន្យល់ក្នុងវចនានុក្រម​ដូចសម្រង់ខាងលើ គឺជាចលនារំកិលចូលគ្នា ឬមករកគ្នារវាងវត្ថុពីរ​ដែលអាចកម្រើកបាន។ តាមយោបល់ខ្ញុំ​ឃ្លាថា វាយសង្កត់ពីលើកៀបជាប់នឹងដី គួរសរសេរថា វាយសង្កត់ជាប់នឹងដីវាយសង្កត់ពីលើផ្ទប់ជាប់នឹងដី។​

តើលោកអ្នកយល់ដូចម្តេចដែរ?