រតនៈភ័ណ្ឌ និង រតនភណ្ឌ

ពាក្យសមាសក្នុងភាសាខ្មែរអាចកើតពីបន្សំរវាងពាក្យខ្មែរនិងខ្មែរ, បាលីនិងបាលី, បាលីនិងសំស្ក្រឹត…។ នៅទីនេះសូមផ្ដោតអារម្មណ៍លើពាក្យសមាសដែលកើតពី​បន្សំ​ពាក្យកម្ចី បាលី-សំស្ក្រឹត និងនិយាយឲ្យចង្អៀតទៅទៀត គឺរឿងយុគលពិន្ទុក្នុង​ពាក្យ​សមាស ។​ នៅក្នុងពាក្យសមាសប្រភេទនេះ​ប្រសិនបើពាក្យដើម​ឬ​ពាក្យ​កណ្តាល​មាន​សញ្ញា យុគលពិន្ទ (សញ្ញាចុចពី ៈ) សញ្ញានៅលើពាក្យទាំង​នោះបុរាណលោកឲ្យ​លុប​​ចេញ ។ សូមមិនបូរបាច់ច្រើនអំពីរឿងនេះថាម៉េចនោះទេ តែសូមលើកជាឧទាហរណ៍​មក​ចែកគ្នាសង្កេតដូចខាងក្រោម ៖

  1. គណៈ + បក្ស > គណបក្ស    គណៈបក្ស
  2. គណៈ + កម្មាធិការ > គណកម្មាធិការ    គណៈកម្មាធិការ
  3. រតនៈ + សម្បត្តិ > រតនសម្បត្តិ    រតនៈសម្បត្តិ
  4. រតនៈ + គិរី > រតនគិរី    រតនៈគិរី
  5. រតនៈ + វត្ថុ > រតនវត្ថុ    រតនៈវត្ថុ
  6. សារៈ + ប្រយោជន៍ > សារប្រយោជន៍    សារៈប្រយោជន៍
  7. ភាវៈ + គតិ > ភាវគតិ    ភាវៈគតិ

20 Phnom Penh jewel

ថ្មី ៗ នេះ សាលារាជធានីភ្នំពេញប្រកាសអំពីទីកន្លែងសំខាន់ចំនួន ២០ កន្លែង​របស់​រាជធានីនៅលើទំព័រវេបសាយរបស់ខ្លួន ។ ទីកន្លែងទាំងនេះត្រូវបានគេហៅថា រតនៈភ័ណ្ឌ ។ ប្រសិនបើយើងបំបែកពាក្យមួយដុំនេះ យើងបានពាក្យផ្សេងគ្នាពីរម៉ាត់ គឺ រតនៈ និង ភណ្ឌ ។ ពាក្យទាំងពីរនេះសុទ្ធសឹងជាពាក្យកម្ចីពីឥណ្ឌា ។ តាមកម្រងពាក្យ​ខាងលើ និងតាមវចនានុក្រមភាសាខ្មែរដែលពាក្យ ភណ្ឌ មិន មានសំយោគសញ្ញាទេ នោះ ហេតុនេះ រតនៈភ័ណ្ឌ ត្រូវសរសេរ រតនភណ្ឌ ទើបដូចគេដូចឯង ។

ខ្ញុំបានផ្ញើសារដំណឹងអំពីរឿងនេះទៅ http://www.phnompenh.gov.kh​​ ដើម្បីធ្វើការ​ពិចារណា​ហើយ និងកំពុងចាំមើលចម្លើយ ។

រឿងទាក់ទង៖

រយះ និង រយៈ

5 Responses to រតនៈភ័ណ្ឌ និង រតនភណ្ឌ

  1. David និយាយថា ៖

    នៅក្នុងវេបសាយនុង ឃើញគេសរសេរបានទាំងពីរ រតនៈភ័ណ្ឌ ផង និង រតនភណ្ឌ ផង ។ ក្រែងលោនេះជាសំណេរបែបថ្មីទៀតហើយដឹង ?

  2. វិចិត្រ និយាយថា ៖

    លោក​សរសេរពាក្យ គណៈកម្មាធិការ ខុស​ហើយ គេ​សរសេរ​មាន​ចុចពីរ កណ្ដាល !!!

    ពាក្យ រតនៈភ័ណ្ឌ មើល​ទៅ​ទំនង​ជា​សរសេរ​ខុស​ហើយ។ ពាក្យ​នេះ ខ្ញុំ​គិត​ថា ពាក្យ​មេ ជា​ពាក្យ ភណ្ឌ ពាក្យ រតនៈ មាន​តួនាទី​ជាគុណនាម។ ដូច្នេះ ត្រូវ​សរសេរ ជា រតនភណ្ឌ ដែល​មាន​ន័យថា ភណ្ធ ដែល​ជា​​រតនៈ …. មានន័យថា ទ្រព្យ ធន ដែល​មាន​​តំលៃវិសេស​វិសាល….។

    • Khmerling និយាយថា ៖

      អរគុណលោកវិចិត្រដែលជួយកែតម្រូវ ។

      តាមវចនាននុក្រម លោកសរសេរ​បែបហ្នឹង​មែន ប៉ុន្តែជួនកាលនៅតែឆ្ងល់ ។ ក្រៅពីពាក្យ គណៈកម្មាធិការ នៅមានពាក្យ គណៈរដ្ឋមន្ត្រី, គណៈប្រតិភូ, គណៈ…។
      សង្ឃឹមថាលោកអ្នកដែលមានភាពភ្លឺថ្លាក្នុងរឿងនេះនឹងចូលមកជួយបកស្រាយ ។

      • វិចិត្រ និយាយថា ៖

        តាម​លោក​ចន្ទ សំណព្វ គាត់​បាន​ពន្យល់​ថា (ខ្ញុំ​យល់​ថា​ពិត​ដូច​គាត់​ពន្យល់​មែន)៖
        – គេ​រក្សា​ចុច​ពីរ​ដដែល បើ​ពាក្យ​នោះ​ជា​នាម​គោល
        – លុប​ចុច​ពីរ ចោល​បើ​ពាក្យ​នោះ​ដើរ​តួ​ជា​គុណនាម ដាក់​ពី​មុខ​នាម។

        ឧទាហរណ៍
        គណៈរដ្ឋមន្ត្រី ៖ នាម​គោល​គឺ​គណៈ មាន​ន័យ​ថា​ក្រុម។ រដ្ឋមន្ត្រី ដើរ​តួ​ជា​គុណនាម បញ្ជាក់​ន័យ​លើ​ក្រុម ។ ក្រុម​អ្វី? ក្រុម​រដ្ឋមន្ត្រី !!
        ដូចគ្នា គណៈ​សង្ឃ … ។ ពាក្យ​គណបក្ស ជា​ពាក្យ​តែ​មួយ។

        សារមន្ទីរ ៖ ពាក្យ​គោល​ជា​ពាក្យ មន្ទីរ។ សារៈ ដើរ​តួ​ជា​គុណនាម។ ដាក់​មុខ​នាម ដូច្នេះ​លុប​ចុច​ពីរ​ចោល។ របៀប​ផ្សំ គុណនាម​ដាក់​មុខ​នាម ជា​របៀប​បាលី។ ពាក្យ គណៈ​រដ្ឋមន្ត្រី ជា​ពាក្យ​ផ្សំ​របៀប​ខ្មែរ នាម + គុណនាម។

        ជីវវិទ្យា ៖ វិទ្យា ជា​នាម​គោល ជីវៈ​ដើរ​តួ​ជា​គុណនាម ដាក់​ពីមុខ​នាម លុប​ចុច​ពីរ​ចោល។ វិទ្យា អ្វី? វិទ្យា​ ជីវៈ។ បើ​ផ្សំ​តាម​របៀប​ខ្មែរ ៖ វិទ្យា​ជីវៈ ។

        – ជីវៈ​ឧស្ម័ន ៖ មាន​ន័យ​ថា ជីវៈ ដែល​មាន​លក្ខណៈ​ជា​ឧស្ម័ន។ (ពាក្យ​គោល​ជា​ពាក្យ​ ជីវៈ)

        – ជីវឧស្ម័ន (អត់​មាន​ចុចពីរ)៖ ឧស្ម័ន​ផ្សំ​ពី​ជីវៈ។(ពាក្យ​គោល​ជា​ពាក្យ ឧស្ម័ន)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: