ខ្មែរ និង កម្ពុជា

មួយរយៈនេះរវល់ពេក ដើរលេងតែផ្ទះគេ មិនដែលបានតុបតែងអ្វីនៅផ្ទះខ្លួនឯង ។ នេះជាមតិដែលខ្ញុំបានចូលរួមនៅវេបសាយផ្សេង អំណឹះតទៅដោយខ្លាចម្ចាស់​ប្លក់​គេមិនពេញចិត្ត គេក៏លប់របស់យើងទៅ យោបល់នេះនឹងបាត់ ។ ដោយហេតុនេះ​ខ្ញុំសូមយកមកចុះនៅផ្ទះខ្លួនឯងមួយទៀត ។​ មតិនោះមានខ្លឹមសារដូចខាងក្រោម ៖

ពាក្យ ​ខ្មែរ និង កម្ពុជា មិនមានទំនាស់អ្វីនឹងគ្នាទេ ប៉ុន្តែក្នុងបរិបទ​នៃ​ការប្រើប្រាស់​ទាមទារឲ្យមានការពិនិត្យ​ដើម្បីរកភាពសមហេតុសមផលមួយដែលអ្នកស្រុកទូទៅ ពោលគឺម្ចាស់ភាសាអាចយល់បាននិងទទួលយក​បាន ។ ឫសគល់នៃពាក្យទាំងពីរសុទ្ធសឹងត្រូវបានអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រខាងភាសាសាស្ត្របានធ្វើ​ការសិក្សាថ្លឹងថ្ងែងថាមានឫសគល់យ៉ាងណារួចមកហើយ ។ ស្តិតនៅក្នុងការសន្និដ្ឋាន​នៅឡើយ ពាក្យ ខ្មែរ អាចមកពីកាលសម័យបូរាណខ្មែរយើងប្រកាន់យករបប​មាតាធិបតេយ្យ ដែលកាលនោះខ្មែរចាត់ទុកស្រ្តី (មេ)​ជាធំ (មេភូមិ, មេស្រុក, មេក្រុម, មេទ្វា, មេដៃ…) ។ ចំណែកពាក្យ កម្ពុជា មកពីឥសី កម្ពុជ និងអប្សរ មេរ៉ា ។ ផ្អែកតាម​សំណល់​នៃការប្រើភាសា ទំនោរនៃការប្រើពាក្យ ខ្មែរ មានកម្រិតខ្ពស់ជាងការប្រើពាក្យ កម្ពុជា ទាំងការប្រើប្រាស់ក្ក្នុង​លក្ខណៈធម្មតា ការមើលងាយ និងទាំងការលើកតម្កើង ។

ខ្មែរចេះតែកិន ចិនចេះតែកត់ ។ ចិនដេញខ្មែរ ខ្មែរដេញខ្មោច (ទិសស្លោកសម័យលក់ផ្ទះក្នុងក្រុង) ។

បើអ្នកជាម្ចាស់ភាសាខ្មែរ អ្នកនឹងស្តាប់ទៅឆ្គងត្រចៀក កាលបើមានគេនិយាយបែបនេះ៖ ភាសាកម្ពុជា, ស្រុកកម្ពុជា, វចនានុក្រមកម្ពុជា, ម្ហូបកម្ពុជា ។

ខ្មែរភាគច្រើននឹងមិនយល់ស្របនឹងការនិយាយបែបនេះទេ តែ​បើជជីកសួរថា ហេតុអ្វី​បាន​ជា​មិនយល់ស្រប ? តើខុសត្រង់ណា ? ចម្លើយនឹងពិបាករកបន្តិច ព្រោះការវិនិច្ឆ័យ​នេះ​កើតពី​អព្ភន្តរញាណនៃម្ចាស់ភាសា ។ គួររំឭកថា នៅក្នុងការប្រាស់ក្នុងជីវិតប្រចាំថ្ងៃ​ម្ចាស់ភាសាមិនដែលបារម្មណ៍​ទៅនឹងការរៀបចំសំណង់ឃ្លាប្រយោគដែលត្រូវនិយាយ​នោះ​ទេ ព្រោះគេមានវេយ្យាករណ៍ស្វ័យប្រវត្តិនៅក្នុងខួក្បាលសម្រាប់ធ្វើការហើយ​ ត្រង់នេះប្លែកពីអ្នករៀនភាសាទីពីរ បើលោកអ្នករៀនភាសាណាមួយ លោកអ្នកប្រាកដ​ជាគិតអំពិទីតាំងពាក្យ​និងពាក្យដែលត្រូវប្រើ ដោយផ្អែកតាមគំរូដែលបានរៀន ។

ត្រឡប់មករឿងដើម៖ មានមតិខ្លះថា ការដែលមិនប្រើពាក្យ ខ្មែរ សម្រាប់ជា​ឈ្មោះ​នៃសមាគម ឬស្ថាប័នខ្លួន… ព្រោះបរទេសគេមិន​សូវស្គាល់ខ្មែរ បរទេសគេស្គាល់តែពាក្យ កម្ពុជា ច្រើនជាង ហេតុនេះត្រូវប្រើពាក្យ កម្ពុជា វិញ ។ ជាយោបល់​ផ្ទាល់​ខ្លួនខ្ញុំ អ្វីដែល​យើង​ស្គាល់ច្បាស់​អំពីខ្លួនហើយ យើងគួរនាំអ្វីនោះទៅឲ្យលោកខាងក្រៅបានស្គាល់ផង ។ បើគេមិនស្គាល់ខ្មែរ យើងត្រូវប្រើពាក្យខ្មែរឲ្យញឹកញាប់ ។ តើយើងធ្វើដើម្បីយកចិត្តបរទេស ឬរក្សាតម្លៃ​ជាតិខ្លួន​ ?

ជាមតិផ្ទាល់ខ្លួន៖ កម្ពុជា សំដៅដល់អ្វីដែលទាក់ទងនឹង(ឈ្មោះ)ប្រទេស ហើយខ្មែរ​សំដៅដល់អ្វីដែលទាក់ទងនឹង​មនុស្សឬស្នាដៃដែលបានមកពីមនុស្សនៃ​ប្រទេស​នេះទាំងគ្រប់សម័យកាល ។ ខ្ញុំសូមមិន​កំណត់ថាពាក្យ កម្ពុជា ជានាម ចំណែក ខ្មែរ ជាគុណនាមនោះទេ ។

7 Responses to ខ្មែរ និង កម្ពុជា

  1. sounvichar និយាយថា ៖

    ជាគ្រោះថ្នាក់សម្រាប់ជាតិមួយបើមនុស្សនៃជាតិនោះមិនដឹងច្បាស់អំពីអ្វីដែលជាខ្លួន ។ ពិតជាបានមិនបាច់ច្រានបានមិនបាច់ខំ ខណៈដែលសៀមព្យាយាមបំភ្លៃប្រាប់កូន​ចៅ​គេ​ថាពូជខ្មែរហ្នឹងងាប់អស់​ហើយ និងខ្មែរមួយចំនួនមិនឲ្យគេហៅ​ខ្លួនថាជាខ្មែរ​ទៀតនោះ ឬគេហៅខ្លួនថាម៉េចក៏បាន ។ សៀមថាពួកនៅប្រទេស​កម្ពុជាសព្វថ្ងៃជា​មនុស្ស​កម្ពុជា​ដែលកាប់សម្លាប់ខ្មែរឲ្យផុតពូជហើយ​ដណ្ដើមទឹកដីនេះកាន់កាប់​ដរាប​មក ។ កុំភ្លេចបណ្ដាំដូនតា …ជនជាតិខ្មែររស់នៅលើដីខ្មែរ, ខ្មែរអើយចូរចាំជាក់ថា… ។ ក្នុងខ្លឹមសារនៃបទចម្រៀងនេះដូនតាបានហៅឬណែនាំថាខ្លួនជាខ្មែរ ។

  2. អាវុធ និយាយថា ៖

    ចង់ហៅខ្ញុំថាខ្មែររឺកម្ពុជា ខ្ញុំអត់ឃែរ ។ សូមអស់យោបល់ ៕

  3. lavorn (ឡាវ័ន​) និយាយថា ៖

    ខ្ញុំ​យល់ថា​កម្ពុជា​គ្រាន់​តែ​ជា​ឈ្មោះ​ប្រទេស​តែ​ប៉ុណ្ណោះ​ ដែល​ប្រទេស​យើង​ទ្រង់​ខុស​ពី​គេ​បន្តិច​ ព្រោះ​យើង​មាន​ឈ្មោះ​ប្រទេស​ផ្សេង​និង​ជនជាតិ​ផ្សេង​ យើង​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ យើង​ជា​ជនជាតិ​ខ្មែរ​ និង​អ្វី​ៗ​សុទ្ធ​តែ​ខ្មែរ​ លើក​លែង​តែ​ប្រទេស​?
    ចំ​ពោះ​មតិ​ដែលថា​ ខ្មែរ​ប្រើ​សម្រាប់​ទាក់​ទង​នឹង​មនុស្ស​.. ខ្ញុំ​ក៏​យល់​ស្រប​ខ្លះ​ៗ​ដែរ​

  4. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណឡាវ័នដែលបានចូលរួមផ្តល់មតិ ។ គ្មាននរណាដឹងអំពីច្រើនជាងខ្មែរទេ ។

  5. David និយាយថា ៖

    ิิប្រសិនបើចូលទៅស្រុកសៀម ក្នុងទម្រង់បំពេញបែបបទសុំទិដ្ឋាការ និង សលាក្កបត្ររបស់ថៃ ត្រង់ Nationality និង Nationality at Birth គេបង្គាប់ឲ្យសរសេរជា Cambodian ទាំងអស់ ។ ខ្ញុំសរសេរ Khmer គេលុបចោល ហើយបង្គាប់ឲ្យដាក់ Cambodian ។
    ខាងខ្មែរយើងគួរមានគោលការណ៍ឲ្យច្បាស់លាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: