ពាក្យ Internet

ទន្ទឹមនឹងល្បឿននៃបច្ចេកវិទ្យានៃពិភពលោកកំពុងមានសន្ទុះ ការប្រើភាសាខ្មែរដើម្បី​បង្គ្រប់ទៅនឹងលំហូរចូលនៃពាក្យបច្ចេកវិទ្យាទាំងនោះនៅមានកម្រិត ។ នៅមានការប្រើ​ពាក្យបែបរប៉ាត់រប៉ាយ គ្មានសណ្តាប់ធ្នាប់ ដោយខ្មែរមួយចំនួនតែងលើកតម្កើងខ្លួន​ជា​អ្នក​ដឹងសព្វសុះសាច់អំពីភាសា ឬតាំងខ្លួនជាម្ចាស់ភាសាមួយនេះហើយធ្វើម៉េចក៏បាន ។

ពាក្យ Internet ខ្មែរយើងទទួលពីគេមកដោយរក្សាន័យរួមតែមួយ ប៉ុន្តែមានការបញ្ចេញ​សំឡេងជ្រលិះឬផ្សេងគ្នាតាមការយល់ដឹងរបស់ខ្លួន ។ អ្នកដែលមានចំណេះដឹងខាង​បារាំង គេក៏អានតាមបែបបារាំង អ្នកចេះអង់គ្លេសឬនិយមអង់គ្លេស គេក៏អានបែបអង់​គ្លេសទៅ ។ ទំនោរទាំងពីរនៃការបញ្ចេញសំឡេងនេះ មិនបានស្តែងចេញមកតែពីរបែប​នេះទេ ។ នៅក្នុងទំនោរបែបបារាំង គេសរសេរពាក្យនេះថា អាំងទែណែត ។ ដោយ​ឡែក​​ទំនោរខាងអង់គ្លេស គេបញ្ចេញសំឡេងពាក្យ Internet ទៅតាមការយល់ឃើញ​របស់គេ ដូចដែលបង្ហាញខាងក្រោម៖​

  1. អ៊ិនធើណេត
  2. អ៊ីនធើណេត
  3. អ៊ីនធឺណេត
  4. អ៊ិនធើណែត
  5. អ៊ិនធឺណិត

លើសពីនេះ ក្រែងពាក្យមានន័យមិនគ្រប់ អ្នកខ្លះព្យាយាមបន្ថែមពាក្យ ប្រព័ន្ធ មួយជាន់​ទៀត៖ ប្រព័ន្ធអ៊ិនធើណេត …​។ ខ្ញុំមិនមានជំនាញអ្វីនឹងបច្ចេកវិទ្យាមួយនេះទេ ប៉ុន្តែ​គ្រាន់តែឆ្ងល់ថា ចាំបាច់អីទៅថែមពាក្យ ប្រព័ន្ធ ទៀត ។ បើថែមពាក្យ ប្រព័ន្ធ​ ទៀត ន័យនឹងត្រូវតាមភាសាអង់គ្លេសថា Internet System ទេដឹង ? សូមទុកបញ្ហានេះឲ្យ​អ្នកជំនាញខាងផ្នែកនេះចូលមកបកស្រាយទៅចុះ ។ រឿងដែលសំខាន់នាពេលនេះ យើងត្រូវការឯកភាពក្នុងសំណេរពាក្យនេះ ។ សូមទាញអារម្មណ៍ថា ការសរសេរបាន​ច្រើនបែបនេះ មិនមែនជាភាពសម្បូរបែបខាងភាសាទេ​ តែជាភាពអនាធិបតេយ្យនៃ​ការប្រើប្រាស់ភាសាទៅវិញទេ ។ 

8 Responses to ពាក្យ Internet

  1. Samady KS និយាយថា ៖

    ពាក្យ​ថា​អ៊ិនធឺណេត នេះ​យើង​ចង់​សរសេរ​បែប​ណា​ក៏​បាន​ដែរ ព្រោះ​គ្រាន់​តែ​ជា​សំលេង​អាន​តាម​ភាស​របស់​គេ​តែ​ប៉ុណ្ណោះ ឧទាហរណ៍​ថា​ពាក្យ​ខ្មែរ​ដែល​អាន​ជា​ភាសា​អង់គ្លេស យើង​ក៏​មិន​អាច​សរសេរ​បាន​ត្រឹម​ត្រូវ​នោះ​ដែរ ព្រោះ​សំខាន់​បំផុត​គឺ​ត្រូវ​តាម​សូសៀង​ដើម អ្នក​ខ្លះ​អាន​ថា អ៊ិនធឺណិត អ្នក​ខ្លះ​អាន​ថា អ៊ុនរឺណិត! តាម​សំលេង​ធ្លាប់​និយាយ។ សូម្បី​តែ​ពាក្យ​ថា កម្មវិធី (កាំ វិធី) មួយ​ទៀត​គឺ (កាំ មះវិធី)

  2. សុភ័ក្ត្រ និយាយថា ៖

    កម្មវិធី អាន កាំ ម៉ៈ វិធី អញ្ចឹង​ហើយ ដូច​តែ​ កម្មសិទ្ធិ អញ្ចឹង​ដែរ មាន​នរណា អាន​ កាំសិត?
    ចំណែក​ឯ​ពួក​សរសេរ អ៊ិន​រឺណិត ហ្នឹង​ពួក​ឆ្កួត​ទេ កុំ​ទៅ​តាម​ពួក​ហ្នុង

  3. ឧត្តម និយាយថា ៖

    ខ្ញុំ​គិត​ថា គួរ​សរសេរ​ឲ្យ​មាន​ឯកភាព​គ្នា ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​យើង។
    គួរ​ឲ្យ​សរសើរ​ម្ចាស់​ប្លក់​ដែល​យក​បញ្ញា​នេះ​មក​ដាក់​ប្រកាស។

  4. khmerling ភាសាខ្មែរ និយាយថា ៖

    ពាក្យដែលប្រើក្នុងភាសាខ្មែរបច្ចុប្បន្នមិនមែនជាពាក្យខ្មែរសុទ្ធមួយភាគរយនោះទេគឺមានពាក្យពី​
    ភាសាបរទេសមកប្រើរាប់ពាន់ពាក្យ ។​​ ទោះជាមានប្រភព​មកពី​ភាសា​ណាក៏ដោយ
    ក៏ពាក្យបរទេសទាំងនោះបានក្លាយជារបស់ខ្មែរហើយ ។ បើ​ទៅជា​ខ្មែរ​ហើយ គួរណា
    យើងនាំគ្នាផ្ដល់លំនឹងវាដូចដែលយើងផ្ដល់លំនឹងដល់​ពាក្យខ្មែរ​ដទៃទៀតដែរ អ្វីដែលចង់
    បាននាទីនេះគឺលំនឹងនៃសំណេរ ។

  5. វិចូច និយាយថា ៖

    យើង​ពិបាក​ដែរ ដោយ​សារ​លោក​ខាង​រាជ​បណ្ឌិត​សភា ដូច​ជា​មិន​ទាន់​បាន​ចេញ​ផ្សាយ​អំពី​ពាក្យ​បច្ចេកទេសសរសេរ​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ។ តែ​នៅ​ក្នុង​វចនានុក្រម (ឯកសារ​ពិនិត្យ​អក្ខរាវិរុទ្ធ របស់​ពុទ្ធសាសបណ្ឌិត្យ) នៅ​ក្នុង OpenOffice.org និង LibreOffice ឃើញ​គេ​សរសេរ​ថា អ៊ីនធឺណិត បែប​នេះ​ទៅ​វិញ។

  6. achharia និយាយថា ៖

    INTERNET បើយកខ្យល់តាមភាសាបារាំង
    អាំងទែកណែត អាំងទែកណិត អាំងទែរណែត អាំងទែរណិត
    អាំងទែណែត អាំងទែណិត…គឺពួកអាំងៗនៅក្បាល ។
    បើតាមខ្យល់អង់គ្លេសវិញ
    អ៊ិនធើនែត អ៊ិនធើណែត អ៊ិនធើណិត
    អ៊ិនធ័រនែត អ៊ិនធ័រណែត អ៊ិនធ័រណិត… ។ល។
    បើយកខ្យល់អាគាំងគឺ អ៊ិនរើ— +នែត/ណែត/ណិត/ណឹត/…/…
    បើតាមដូចប្អូនវិចិត្រឃើញទៅជា អ៊ិនធឺណិត ឆ្កុយទៅវិញ
    -ធឺ- ហ្នឹងមិនដឹងអានចេញតាមភាសាណា ?

    តាមយោបល់ខ្ញុំពាក្យតិចនិចខាងកុំព្យូទ័រគួរតែយកតាមសម្លេង
    ភាសាដើមជាអង់គ្លេស ដែលក្រសួងសិក្សាធិការគួរតែជ្រើសយក
    មួយណាជាផ្លូវការឧិ្យបានទាន់ពេលវេលាដើម្បីឆាប់មានឯកភាព ។
    ហើយយ៉ាងណាៗក៏កុំពន្យុះគ្នាឧិ្យរៀនតាមតែភាសាខ្មែរសុទ្ធ បើនៅ
    តាមឧត្តមសិក្សាគង់រៀនជាអង់គ្លេសវិញដដែលជាដដែល ។ល។

  7. សំណួរ និយាយថា ៖

    មែន​ហើយ​គួរ​តែ​រក​ឯក​ភាព​មួយ សំខាន់​គឺ​ឯក​ភាព មិន​សំខាន់​ចំពោះ​សូរសៀង​នោះ​ទេ ជាក់ស្ដែង​ដូច​ជា តុ អាន​ថា តុក អញ្ចឹង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: