ឈ្មោះឆ្នាំ

សូមរំឭកបន្តិចថា ឆ្នាំខ្មែរយើងមានចំនួនដប់ពីរ ។​នៅទីនេះសូមមិនវែក​ញែក​ដល់​រឿង​ថា ហេតុអ្វីបានជាឈ្មោះឆ្នាំទាំងដប់ពីរ ហើយសត្វទាំងនេះតំណាងអ្វី ។ ឈ្មោះ​​ឆ្នាំ​ទាំងដប់ពីរមាន ៖ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច និង កុរ ។ សូមនិយាយបែបអភិរក្សបន្តិចថា ឈ្មោះឆ្នាំទាំង​នេះអាច​ចាត់ទុកថា​ជាមរតក​ភាសាដ៏ថ្លៃថ្លាដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក ហើយ​ដែល​ខ្មែរ​ម្នាក់​ៗ គួរ​នាំ​គ្នារក្សាឲ្យបានគង់វង់ ។ នឹងមានមតិខ្លះថា ច មិនមែនជាពាក្យខ្មែរទេ តែ​ជា​​ពាក្យ​យួន ។ តាមពិតពាក្យ ច នេះ​ជាពាក្យខ្មែរដើម និងមានប្រើក្នុងអំបូរ​ភាសា​មន-ខ្មែរដទៃទៀត ជាអាទិ័ភាសាកួយ ។ ចំណែកភាសាវៀតណាម​ក៏ត្រូវបាន​អ្នក​ភាសា​វិទ្យាអាមេរិកាំង (David D. Thomas)ចាត់បញ្ចូលក្នុងអំបូរភាសាមន-ខ្មែរដែរ ។

ខ្ញុំទើបមកប្លែកភ្នែកប្លែកត្រចៀកនឹងចំណងជើងមួយរបស់កាសែតកោះសន្តិភាព សរ​សេរ​ថា ណាហ្គាវើលរៀបចំពិធីអបអរសាទរឆ្នាំថ្មីឆ្នាំទន្សាយ ។ ការបន្លិចភាព​ប្លែក​ៗក្នុងសំណេរជាសិល្ប៍មួយនៃ​សោភ័ណ ហើយគេមានវិធីច្រើនក្នុងផ្នែក​នេះ ។ ប៉ុន្តែការបន្លិចតាមបែបខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រើភាសា និងបានរូមចំណែកក្នុងការបន្ថែមបន្ទុកបញ្ហាវិបត្តភាសាទៀតផង ។ អ្នកអាន​មួយចំនួន​ដែលមិនបានចាប់អារម្មណ៍នឹងបញ្ហានេះ នឹងនាំគ្នាប្រើតាម ហើយ​អំណឹះ​​ត​ទៅ​ឈ្មោះ​ឆ្នាំបែបបរមបូរាណទាំងអស់នឹងប្តូរមកជាពាក្យសាមញ្ញ គឺ ឆ្នាំ​កណ្តុរ ឆ្នាំគោ ឆ្នាំខ្លា… ។ល។ (តាខ្ញុំកើតឆ្នាំឆ្កែ ឯយាយខ្ញុំកើតឆ្នាំស្វា)។

Year of Rabit

ឈ្មោះ​ថ្ងៃ ខែ និង ឆ្នាំ អាចចាត់​ទុកជាអសាធារណៈនាម ។​ ការហៅឈ្មោះឆ្នាំដោយ​ពាក្យ​ធម្មតានិងរហូតមានលេចជាសំណេរបែបនេះ ប្រហែលជាមានយូរមកហើយ តែខ្ញុំទើបមកចាប់អារម្មណ៍ទេដឹង ។ តែបើទោះជា​គេហៅបែបនេះជា​ទូទៅនិង​យូរមក​ហើយ​ក្តី ខ្ញុំសូម​ប្រកាន់ជំហរអភិរក្សឈ្មោះដើមនៃឆ្នាំ ។

6 Responses to ឈ្មោះឆ្នាំ

  1. វិចិត្រ និយាយថា ៖

    ពាក្យ ច ឆ្កែ​ហ្នឹង វចនានុក្រម​ដាក់​ថាមក​ពី​យួន អ៊ីចឹង គេ​ថា​មក​ពី​យួន​តាម​ទៅ :D

  2. veasna ly និយាយថា ៖

    សូមអានៈ ចក្រ​សត្វ​ទាំង ១២ ក្នុង​ប្រក្រតិទិន​ខ្មែរ​
    http://www.cen.com.kh/culture/detail_culturecustom/N2EzODhjNDdhNzc

  3. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណ វាសនា ដែលជួយបង្ហាញប្រភព ។ ភាសាមឿងនេះទំនងជាត្រូវនឹង​ពាក្យ Vietic របស់លោកដាវី តូម៉ាស ។

  4. ទឹម បឿន និយាយថា ៖

    ជូត ឆ្លូវ ខាល ថោះ … ជា​ឈ្មោះ​ឆ្នាំ ហើយ កណ្ដុរ គោ ខ្លា ទន្សាយ … ជា​សត្វ​តំណាង​ឆ្នាំ ។ បើ​និយាយ​អំពី​ឆ្នាំ​យើង​ថា ថោះ បើ​និយាយ​អំពី​សត្វ​តំណាង​ឆ្នាំ​ថា ទន្សាយ ។

  5. David និយាយថា ៖

    ហេតុហ្នឹងគួរហៅឈ្មោះឆ្នាំទើបប្រសើរ គឺឆ្នាំថោះ មិនមែនឆ្នាំទន្សាយទេ ។ ភាសាថៃទទួលឈ្មោះឆ្នាំនេះពីខ្មែរយើងទៅ ។ ជួនកាលឃើញគេហៅឈ្មោះ​សត្វ​តំណាងឆ្នាំជាងហៅឈ្មោះឆ្នាំ ។ តែគេខ្ចីយើងទៅ គេចង់ធ្វើម៉េចក៏ធ្វើទៅ ឯយើងជាម្ចាស់ដើមគួររក្សាច្បាប់ដើម ទើបរាប់ថាល្អ ។

    និយាយអញ្ចឹងខ្ញុំ​នៅ​ជំពាក់​បំណកស្រាយសម្រាប់ Achharia រឿងមួយ តែសុំទុកមួយអន្លើសិន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: