គោលគំនិតខ្មែរអំពីលំនៅដ្ឋាន

…ខ្មែរ​យើង​ពី​ដើម​ឱ្យ​តែ​ធ្វើ​ផ្ទះ​​ហើយ​ចូល​នៅ​តែ​ម្តង តែ​ខ្មែរ​សម័យ​ថ្មី​នេះ​មុន​នឹង​ធ្វើ​ផ្ទះ​គេ​ត្រូវ​សិក្សា​អំពី​ប្លង់​គោល ប្លង់​ស្ថាបត្យ​កម្ម​ជា​មុន​សិន ដើម្បី​ឱ្យ​ដឹង​ថា តើ​ផ្ទះ​របស់​គេ​បែ​រ​មុខ​ទៅ​ទិស​ខាង​ណា សួន​ច្បារ​ដាក់​នៅ​កន្លែង​ណា អាង​ហែល​ទឹក​ដាក់​នៅ​កន្លែង​ណា និង​រចនា​ម៉ូដ​តាម​បែប​ខ្មែរ ឬ​អឺរ៉ុប និង​ត្រូវ​តុប​តែង​ផ្ទះ​បែប​ណា។ ដូច្នេះ​ហើយ​ទើប​ស្នាដៃ​ស្ថាបត្យ​កម្ម​ត្រូវ​បាន​គេ​ឱ្យ​តំលៃ​ខ្លាំង​ណាស់​នា​ពេល​បច្ចុ​ប្បន្ន​នេះ។ ដោយ​ឃើញ​ស្នាដៃ​ស្ថាបត្យ​កម្ម​កាន់​តែ​មាន​តំលៃ​នោះ ទើប​មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល​រៀបចំ​តាំង​ពិព័រណ៍​នេះ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​ផ្នែក​ស្ថាបត្យ​កម្ម​បាន​បញ្ចេញ​ស្នាដៃ​របស់​​ខ្លួន។… (កោះសន្តិភាព៖ តាំង​ពិព័រណ៍​ស្ថាបត្យ​កម្ម​បង្ហាញ​ស្នាដៃ​និស្សិត​សាកល​វិទ្យា​ល័យ)

រឿងដែលលើកមកពិចារណាមានពីរ គឺ៖ ១. ការប្រើសន្ធានស័ព្ទ តែ (ប៉ុន្តែ) និង ២. គោលគំនិតខ្មែរអំពីលំនៅដ្ឋាន ។

១.…ខ្មែរ​យើង​ពី​ដើម​ឱ្យ​តែ​ធ្វើ​ផ្ទះ​​ហើយ​ចូល​នៅ​តែ​ម្តង តែ​ខ្មែរ​សម័យ​ថ្មី​នេះ​មុន​នឹង​ធ្វើ​ផ្ទះ​គេ​ត្រូវ​សិក្សា​អំពី​ប្លង់​គោល…

ស្តាប់ទៅល្បះទាំងពីរដែលភ្ជាប់ដោយសន្ធានស័ព្ទ តែ ហាក់ដូចជាមិនសូវឆ្លើយគ្នាសោះ (correspond) ព្រោះ ល្បះដំបូង​និយាយ​រឿង​ធ្វើ​ផ្ទះហើយ និងទី២ និយាយអំពី​គម្រោង​មុននឹងធ្វើផ្ទះ ។ (សូមអានសម្រង់ខាងលើម្តងទៀត ហើយជួយពិចារណា)

២. គោលគំនិតនៃការសាងសង់លំនៅដ្ឋានខ្មែរ៖ ទាក់ទងនឹងការសាងសង់​លំនៅ​ដ្ឋាន​ខ្មែរពីដើម​ពិតជាមានការគិតគូរវែងឆ្ងាយណាស់ ទាំងខាងជំនៀ និងខាងបច្ចេកទេស ។ មិនបាច់ទៅពិចារណាទៅលើមរតកប្រាសាទបូរាណដែលនៅ​សេសសល់ដល់សព្វថ្ងៃ​នេះ​ទេ គឺគ្រាន់តែមើលសំណង់ផ្ទះបូរាណខ្មែរខ្លះ ក៏សឹងយល់​បាន​អំពីកម្រិតបច្ចេកទេស​សាង​សង់ និងការតុបតែងរចនារបស់ខ្មែរបានដែរ ។  ការហៅ​ឈ្មោះផ្ទះទៅតាមរាងរៅ​របស់ផ្ទះ ដូចជា ផ្ទះកន្តាំង ផ្ទះប៉ិត…ជាដើម ក៏ឆ្លុះបញ្ចាំងអំពីតម្រូវការខាងសោភណរបស់​ផ្ទះខ្មែរ ។

ចំពោះពិធីកម្មដែលធ្វើឡើង​តាំងពីមុននិងក្រោយការសាងសង់ (សែនក្រុងពាលី រើស​ពេល​លើក​សរសរ រកទិស ជាដើម) ក៏អាចបញ្ជាក់ពីគោល​គំនិតខ្មែរទៅ​លើលំនៅ​ដ្ឋាន​ដែរ ។ ការសាងសង់សម័យបច្ចុប្បន្នក៏មិនមែនកើតពីការរកឃើញថ្មីសុទ្ធសាធដែរ ។ មានម៉ូតផ្ទះខ្លះឈរលើមូលដ្ឋានពីសម័យដើម ។

PIC_4299P4220034

ដោយយើងជួបគ្រោះអកុសល ឈ្លោះតែគ្នាជាច្រើទសវត្ស យើងក៏គិតពីឆ្អែត​ជាង​ឆ្ងាញ់ (សោភ័ណ) ។

(ខុសត្រូវយ៉ាងណា​ សូមមេត្តាអធ្យាស្រ័យ)

6 Responses to គោលគំនិតខ្មែរអំពីលំនៅដ្ឋាន

  1. achharia និយាយថា ៖

    .
    ឆ្ងល់តៗគ្នា ។ បន្ទាប់ពីអានសំណេរខាងលើរួច ខ្ញុំទៅជាឆ្ងល់ពីការដកឃ្លាទៅ
    វិញ។ ដូចឃើញក្នុងសំរង់ឃ្លានៅខាងក្រោមនេះ ខ្ញុំឆ្ងល់ថានៅចន្លោះផ្ទះនិងទៅ
    ចន្លោះមិនមែននិងកើតពី ម៉េចចាំបាច់សរសេរដកឃ្លាពីគ្នា ?

    …ការហៅ​ឈ្មោះផ្ទះ ទៅតាមរាងរៅផ្ទះ ដូចជា….
    ការសាងសង់សម័យបច្ចុប្បន្នក៏មិនមែន កើតពីការរកឃើញថ្មីសុទ្ធសាធដែរ ។

    ការដកឃ្លានេះចាត់ថាជារឿងតូចតាចក៏ថាបាន ប៉ុន្តែបើគ្មានក្បួនខ្នាតជាក់
    លាក់ហើយម្នាក់ៗសរសេរដកឃ្លាតាមតែចិត្តចង់ឬយល់ឃើញផ្សេងៗគ្នារៀង
    ខ្លួន វានឹងអាចទៅជារឿងធំដែលត្រូវចំណាយពេលច្រើនក្នុងការកែតម្រូវឧិ្យ
    មានដំណូចគ្នាវិញក្នុងសំណេរជាអក្សរនិងភាសាខ្មែរយើងដែរ ។

    សូមអរគុណទុកជាមុនឧិ្យហើ្យចម្ពោះចម្លើយក្នុងន័យជួយស្ថាបនានានា។
    (ខុសត្រូវយ៉ាងណា​ ចាកប្រធានដល់ណា សូមមេត្តាអធ្យាស្រ័យផង)
    .

  2. khmerling ភាសាខ្មែរ និយាយថា ៖

    អរគុណ achharia ដែលចាប់អារម្មណ៍អំពីរឿងនេះ ។ ការដកឃ្លារវាងពាក្យ ផ្ទះ និង ទៅ, មិនមែន និង កើត ជា​កំហុស​ដោយអចេតនា ឥឡូវខ្ញុំដាក់ឲ្យជាប់​គ្នា​ហើយ ។ រឿងដកឃ្លានេះ ខ្ញុំក៏ចាប់អារម្មណ៍ជាយូរមកហើយដែរ ប៉ុន្តែ​ពេលគិត​យូរៗទៅឃើញថា គួរមានការសិក្សាឲ្យបានល្អិតល្អន់បន្តិច ។ ខ្ញុំធ្លាប់អានអត្ថបទ​មួយ​​​អំពី​រឿងដកឃ្លានេះ ដែលសរសេរដោយបណ្ឌិត្យ ព្រុំ ម៉ល់ ។ ប្រសិនបើចាប់​អារម្មណ៍ achharia អាចទាក់ទងទៅវិទ្យាស្ថាន​ភាសាជាតិដើម្បីរកអត្ថបទនេះ ។

  3. David និយាយថា ៖

    ទុកមួយឡែកសិនទៅអារឿងដកឃ្លាហ្នុង ។
    លោក achharia​​ មើលផង ៖
    ស្រង់ > សម្រង់ មិនមែន សំរង់ ទេ
    ឆ្ពោះ > ចម្ពោះ? ប៉ុន្តែវចនានុក្រមសរសេរ ចំពោះ

    • achharia និយាយថា ៖

      អរគុណលោក David ចំពោះចំណាប់អារម្មណ៍លើសំណេររបស់ខ្ញុំ ។
      ដូចក្តីរំពឹងរបស់ខ្ញុំ គឺមានមែន ! ចុះអែណាក្បួនខ្នាត ?
      ថា ស្រង់ ទៅជា សម្រង់ ព្រោះអោយវានៅត្រួតៗដូចគ្នា តាមគ្នា sic!
      ចុះម៉េចក៏ ឆ្ពោះ ទៅជា ចម្ពោះ វិញមិនបាន ?
      គឺខ្ញុំចង់អោយមានការចាប់អារម្មណ៍និងមានការលើកយកមកជជែកគ្នា
      អោយឃើញភាពសមហេតុសមផល(logic)នៅទីនេះ ដោយមិនយកច្បាប់
      យកអំណាចមកគំរាមគ្នាអោយបាក់ស្បាតបាក់លោង មិនភ្ជាប់ទៅនឹងរឿង
      នយោបាយនឹងអាលបានចាប់គ្នាដាក់គុកដាក់ច្រវាក់បង់ប្រាក់បង់កាស ។
      មានឃើញទៀតទេ? ឧិ្យ ហើ្យ ម៉េចក៍អាមួយដូរមកជា ហើយ បាន
      ហើយអាមួយទុកអោយនៅ ឧិ្យ បែបអក្សរចិនដដែល ។
      តើពួកអញស័ព្ទហ្នឹងជាសព្ទរឺជាពាក្យដែលអញណាម្នាក់ថាអោយត្រូវតែ
      នៅសរសេរយ៉ាងណាគឺយ៉ាងនោះមិនបាច់ប្រកែកសួរតវ៉ារករឹសរកគល់
      អីទេរឺ ? និយាយពីអញស័ព្ទវាហាក់ដូចជាបង្កប់នូវភាពផ្ដាច់ការក្នុងភាសា
      ដែរ …គឺត្រូវសរសេរតាមអញ្ចឹង! កុំដេញដោលរកភាពសមហេតុផល!
      កុំបាច់ធ្វើការកែសំរួលកែលំអ !
      ដូចជាពាក្យ អែង និង ឯង ដែរ ។ ចងបាន អែ វាទាល់តែ អ ដាក់ស្រៈ ែ
      បើក្មេងៗវាសួរថា ម៉េចបានចាំយក ឯ មកសរសេរជំនួស ? បើសរសេរ
      អែ ទៅវាយ៉ាងម៉េច ?
      កាលពីជំនាន់ខេមរយានកម្ម សិស្សណាសរសេរ អែង អោយ រឺ លឺ និង
      ព្យាង្គរាយជំនួសព្យាង្គតំរួត តែងទទួលបានពិន្ទុបន្ថែមពីសំណាក់គ្រួៗ
      ដែលជាកូសិស្សលោក កេង​ ​វ៉ាន់សាក់ ។
      ទស្សនៈខ្ញុំខ្លះៗពីរឿង ត្រួត តម្រួត តំរួត
      .

      • David និយាយថា ៖

        សួស្តីឆ្នាំថ្មី អ្នកទាំងអស់គ្នា ពិសេសហេឡូលោក achharia .។ គ្រានេះរវល់ដល់ហើយ ថ្ងៃចូលលេងខ្មែរលិង្គ ក៏មកជួបចម្ងល់​របស់លោក achharia ។ សូមទោសដេលសំនូររបស់​លោក​នៅ​គាំងស្ញេញគ្មានចម្លើយតប ។ ខ្ញុំជាអ្នកឆ្លើយព្រោះខ្ញុំឆ្កឹះ ។ ចាំ​លើក​ក្រោយណា ។

  4. somada និយាយថា ៖

    តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ អ្នកសរសេរហ្នឹង ដូចជាមិនដែលបាន​សៀវភៅ ​ទំនៀមទម្លាប់ខ្មែរសោះ ។​ ហួសចិត្តហ្ម៎ង​ធ្វើផ្ទះហើយចូលនៅភ្លាម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: