ពាក្យថ្មី

នេះគ្រាន់តែជាកង្វល់មួយក្នុងសំណេរភាសាយើង ។ មើលទៅហាក់ដូចជាយើងស្ថិត
ក្នុងចលនាមួយនៃការសាកល្បង ក្នុងគ្រាដែលយើងមានវចនានុក្រមមួយជាគោលរួច
ទៅហើយ ។ ការកែប្រែសំណេរក្នុងភាសាតាមបែបចប្ចុប្បន្ននេះមិនមែនកើតពីធម្មភាព
នៃបម្រែបម្រួលរបស់ភាសាទេ ការនេះកើតមកអំពីទំនើងចិត្តបុគ្គលដែលមិនសូវពិនិត្យ
ដល់ភាពពិត ។ គេចំណាយថវិកាជាតិមិនស្ទើរដើម្បីរាវរកអ្វីដែលមានរួចទៅហើយ ។
កាលសម័យខ្ញុំនៅរៀន សំណេរក្នុងសៀវភៅរបស់ក្រសួងសឹងមួយរយភាគរយដែល
តម្រូវគ្រូបង្រៀនយកតាមគេដោយប្រាសចាកសំណេរក្នុងវចនានុក្រម ។ ខ្ញុំក៏ជាប់
និស្ស័យ​សំណេររបៀបនេះដរាបមក ។ ដោយមានទម្លាប់អានសៀវភៅ ឯកសារ​សិក្សា​នានា​ ពិសេសរឿង​ព្រេងដែលបោះពុម្ពដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ (សៀវភៅ​ដែលបោះពុម្ពមុនសម័យសង្គ្រាម) ​ស្រាប់តែជួបសំណេរពាក្យមួយចំនួនធំខុសពីសំណេរ​ដែលខ្លួន​បានរៀនចេះចាំពីសាលា ។ លុះក្រោយមកទើបយល់ថា នេះជាទំនងជា​ការ​ចាប់​​​​បង្ខំឲ្យសរសេរតាមបែបថ្មី ។ ខ្ញុំទទួលស្គាល់ថា សំណេរពាក្យខ្លះក្នុងវចនានុក្រម
ខ្មែរ​ក៏មានលក្ខណៈចាប់បង្ខំខ្លះដែរ ប៉ុន្តែការចាប់បង្ខំនេះមាន​ហេតុផលច្រើនជាង​ចេះតែថាឲ្យសរសេរយ៉ាងនេះយ៉ាងនោះ​ និងម្យ៉ាងទៀត ការនេះបានក្លាយទៅជាទម្លាប់​នៃ​សំណេរទៅហើយសម្រាប់មនុស្សនៃជំនាន់នោះ ។ វចនានុក្រមភាសាខ្មែរគួរចាត់​ទុកជា​ដំណោះស្រាយវិបត្តិសំណេរភាសាដែលមានតាំងពីអតីតមក ។​ ព្រោះប្រមាណ​ជា​ជាង​មួយ​រយ​ឆ្នាំមុន​នេះសំណេរក្នុងភាសា​ខ្មែរមិនមានលក្ខណៈឯកភាព​គ្នា​ដោយអន្លើ ។ ជាឧទាហរណ៍ ពាក្យ កណ្តាល ជួនកាល​គេសរសេរ កន្តាល ក៏មាន កណ្តាល ក៏មាន ។ បន្ទាប់ពីយើងមានវចនានុក្រមសាងដោយអ្នកភាសារបស់យើងហើយ ខ្មែរភាគច្រើនក៏នាំ​គ្នា​ក៏ដើរតាមលំអានវចនានុក្រមនេះ ។ នៅសល់ខ្លះៗ មានទំនោរតាមបែបលោកតាកេង វ៉ាន់សាក់ ហើយនាំគ្នាកែប្រែសំណេរភាសាតាមបែបជ្រុលនិយម​ក្នុងគ្រា​ដែលក្រុមខ្លួន​មានអំណាចក្នុងក្រសួងអប់រំ ។​ … ទើបមកឃើញសៀវភៅភាសាខ្មែរបោះពុម្ព​ក្រោយៗ​មក​ទៀត (2009?) បានងាកមករកវចនានុក្រមខ្មែរក្នុង​សំណេរ​ពាក្យខ្លះ ។

​ការងារ​សម្រាប់យើងទាំងអស់គ្នា ពិសេសក្រុមអ្នកស្រាវជ្រាវភាសា ម្តេចក៏មិននាំគ្នារាវ​រកអ្វីដែល​ជាតម្រូវការចំពោះមុខ ។​ មានពាក្យបរទេសច្រើនសន្ធឹកដែលហូរ​ចូលមក​តាម​ពិភព​បច្ចេក​វិជ្ជាទំនើប ហើយយើងមិនដឹងថាប្រែថាម៉េច ។ ខ្ញុំគិតថា​ជំហាននៃ​ការ​សាកល្បងនៃសំណេរភាសាខ្មែរគួរបញ្ចប់ដោយការនាំគ្នាមកខ្វល់ខ្វាយរឿងពាក្យដែល​ទើបនឹងកើតថ្មី ៗ ដែលកំពុងហូរចូលមកយ៉ាងគំហុកមកក្នុងភាសាខ្មែរនោះវិញ ។ ប៉ុន្តែគួររំឭកថា ពាក្យ département មិនមែនទើបហូរចូល​មកទេ ។​ យើងមានពាក្យ​នេះ​យូរក្រែលដែរហើយ ហើយខ្ញុំមិនដឹងថា ក្រុមខេមរយានកម្ម លោកប្រែពាក្យនេះ​យ៉ាង​ម៉េចទេ ។ សព្វថ្ងៃនេះឃើញមានប្រើបែបផ្ទាប់ចម្លង គឺ ដេប៉ាតឺម៉ង់ ។ ពាក្យដែល​មាន​ន័យដូចគ្នានេះ​ឃើញ​ប្រើក្នុងភាសាថៃ ។ ថៃគេប្រែថា ផ្នែក (แผนก)។ ពាក្យ ផ្នែក ជា​ពាក្យខ្មែរសោះ ។ ក្រៅពីនេះឃើញមានពាក្យខ្មែរច្រើនសន្ធឹកដែល​ ថៃ ឡាវ គេយក​ទៅ​ប្រើ​យ៉ាងសប្បាយ​ហើយយើងជាម្ចាស់ភាសាធ្វើដូចជា​ខ្វះមុខខ្វះ​ក្រោយ​យ៉ាងម៉េច​មិនដឹង និងជួនកាលមានអស់លោកខ្លះចោទថាភាសាខ្លួនមិនទាន់សម័យ ឬ ជួនកាលថា​ពាក្យ​ខ្មែរប្រើក្តោបន័យមិនគ្រប់ជ្រុងបស់គេ ។

ដេប៉ាតឺម៉ង់ ! ស្តាប់ទៅប្លែក ៗ យ៉ាងម៉េច គឺមាន ដេរ ផង ប៉ាត ផង ???? ។ តើយើង​ខ្លាច​អីនឹងថា ផ្នែកប្រវត្តិវិទ្យា, ផ្នែកទស្សនវិទ្យា ជាជាងថា ដេប៉ាតឺម៉ង់ប្រវត្ដិវិទ្យា ដេប៉ាតឺម៉ង់​​ទស្សនវិទ្យា ទៅវិញ ។

4 Responses to ពាក្យថ្មី

  1. Samady KS និយាយថា ៖

    ខ្ញុំ​គិត​ថា មិន​មែន​បង្ខំ​នោះ​ទេ តែ​គឺ​ចង់​ឲ្យ​ប្រើ​​ប្រាស់​ជា​គោល… (​តាម​​វចនា​នុក្រម​សម្ដេច​ ជួន​ណាត)

  2. វិចិត្រ និយាយថា ៖

    ដូច​លោក​មានមតិ​អ៊ីចឹង​ត្រឹម​ត្រូវម្យ៉ាង​ដែរ គឺ​យើង​បង្កើន​ពាក្យ​បានច្រើន ហើយ​លឿន។ វចនាក្រម​ខ្មែរ​ទំរាំ​តែ​បាន​បោះ​ពុម្ព​ចេញ​មក​ មាន​ឧបសគ្គ​ច្រើន​សម្បើម​ណាស់ ព្រោះ​មាន​គេ​ប្រឆាំ​ង​ក៏​ច្រើន​ណាស់​ដែរនៅ​ពេល​បង្កើត ដូចជា​ការ​បង្កើត​សញ្ញា​អឌ្ឍចន្ទ លុបបំបាត់​សញ្ញា​ផាត់​លើ។ល។ ខាត​ពេល​អស់​មិន​ចេះ​តិច ព្រោះ​តែ​រឿង​អ្នក​ប្រឆាំ​ងអ្នក​ស្រប​នេះ។

    តែ​ខាង​អ្នក​អក្សរសាស្ត្រ​គេ​មាន​គំនិត​របស់​គេ​នោះ​ម្យ៉ាងរបស់​គេ​​ដែរ។ គំនិត​របស់​គេ​នោះ គឺ​បើ​ឃើញ​ត្រង់​ណា​ខុស​ កែ​ត្រង់​នោះ ព្រោះ​អ្វី​ដែល​បោះពុម្ព​ហើយ មិន​មែន​សន្មត​ថា​ត្រូវ​ទាំង​អស់​នោះ​ទេ។ មិនមែន​តែ​កេង​វ៉ាន់​សាក់​ទេ ដែល​មាន​បំនង​ចង់​កែវចនានុក្រម​ខ្មែរ ខាង​សម្ដេចជួនណាត​ក៏​បាន​កែ​ដែរ ដូចជា​ពីដំបូង​គេសរសេរ​ បដិមាករ មានន័យ​ថា រូប​ព្រះពុទ្ធ តែ​ក្រោយមក​កែថា បដិមា វិញ ហើយ បដិមាករ មាន​ន័យ​ថា អ្នក​សង់​រូប​សំណាកព្រះ​ពុទ្ធ​ទៅ​វិញ, ចតុមុខ មក​ជា ចតុម្មុខ, ពីមុន​សរសេរ​បាន​ព្យាង្គ​រាយ​ក៏​បាន​តំរួត​ក៏​បាន ក្រោយ​មក​លុប​ចោល​ខ្លះ ពាក្យ​ខ្លះ​សរសេរ​បាន​តែ​ព្យាង្គ​តំរួត​ទៅវិញ, ប្រហែល​នៅ​មាន​ច្រើន​ទៀត… ។​

  3. Maly និយាយថា ៖

    កាលដែលគេហៅdépartement បែបនេះមកពីគេធ្លាប់ហៅ តាមភាសា​បារាំង ដោយសារតែយើងស្ថិត​នៅក្រោម​អាណា​និ​គមបារាំង ។ ហើយក៏​ធ្លាប់​រហូត​មក លុះកូនចៅជំនាន់ក្រោយក៏ហៅតាម ។ ខ្ញុំសូមគាំទ្រចំពោះគំនិត​បង្កើត​ពាក្យ​ថ្មី ៗ ដែលហូរចូលមកតាមរយៈបច្ចេកវិទ្យាទំនើប ៗ នាសម័យ​បច្ចុប្បន្ន​​ដែលយើងពុំទាន់មានប្រើ ។

  4. Horm Sanghy និយាយថា ៖

    ខ្ញុំគាំទ្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: