ក្ទម្ព និង ក្ទម្ពទេស

មានរុក្ខជាតិមួយចំនួនត្រូវដាច់ពូជទៅហើយ ហើយនៅសល់តែឈ្មោះហៅ និងមួយចំនួនទៀតបាត់ទាំងឈ្មោះទាំងរូបឆោម ។ ចំណែករុក្ខជាតិមួយចំនួនទៀតមិនទាន់បាត់ទៅណានៅឡើយទេ ប៉ុន្តែខ្មែរយើងមួយចំនួនធំមិនស្គាល់ថា ឈ្មោះអ្វីទេ ។ អស់អំពីចាស់ៗ ក្មេងជំនាន់ក្រោយពិតជាមិនស្គាល់ ។ ចាស់ពីដើមលោកស្គាល់ឈ្មោះសត្វ រុក្ខជាតិច្រើនណាស់ ប្រការនេះអាចមកពីសត្វ និង រុក្ខជាតិទាំងនោះជាឱសថ(បូរាណ)សម្រាប់ព្យាបាលរោគ ។ ដោយហេតុតែបច្ចុប្បន្ននេះ វិទ្យាសាស្រ្តជឿនលឿន ការព្យាបាលជំងឺគេមិនសូវនឹកនាដល់ថ្នាំបូរាណប៉ុន្មានទេ ។

មានរុក្ខជាតិមួយប្រភេទដែលគេឧស្សាហ៍យមកធ្វើថ្នាំទាស់ គឺ ដើមក្ទម្ព ។ យើងភាគច្រើនស្គាល់ឈ្មោះរុក្ខជាតិនេះ ប៉ុន្តែមានមិនសូវប៉ុន្មានទេ ដែលសរសេរឈ្មោះវាមិនសូវត្រូវ ដោយអ្នកខ្លះសរសេរតាមដែលគេឮដូចជា ខ្ទុំ, ក្ទំ, ខ្ទម, ក្ទុម ជាដើម ។

និងរុក្ខជាតិមួយបែបទៀតដែលគេច្រើនយកត្រួយស្លឹកនិងផ្លែខ្ចីៗមកធ្វើអន្លក់នំបញ្ចុក នោះគឺ ក្ទម្ពទេស ។ គេគ្រាប់គ្នានៅស្គាល់រុក្ខជាតិច្រើនជាងក្ទមខាងលើព្រោះវានៅមានប្រយោជន៍ច្រើននៅឡើយ ប៉ុន្តែទំនងជាមានមិនតិចទេដែលមិនដឹងថាឈ្មោះវាសរសេរដូចម្តេច និងជួនកាលហៅមិនទាំងត្រូវផង គឺគេច្រើនហៅថា កន្ធុំថេត ឬ កន្ទំថេត ។ ការហៅបែបនេះ បើតាមវចនានុក្រមភាសាខ្មែរថា មកយើងហៅបែបថៃ ។ លោកអ្នកដែលចេះភាសាថៃនិងអាចយល់បានថា ព្យញ្ជនៈ ស នៅក្នុងភាសានេះកាលបើសរសេរជាព្យញ្ជនៈប្រកប គេមិនបញ្ចេញសំឡេង ហ ដូចក្នុងភាសាខ្មែរទេ គឺគេបញ្ចេញសំឡេងជា ត ។ ចំណែកតួព្យញ្ជនៈ ទ ថៃអានចេញជាសូរ ថ ។ ហេតុនេះពាក្យ ក្ទម្ពទេស ថៃនិយាយថា ករៈ ធំ ថេត ។

7 Responses to ក្ទម្ព និង ក្ទម្ពទេស

  1. វិចិត្រ និយាយថា ៖

    អំពី​ឈ្មោះ​រុក្ខជាតិ​សត្វនេះ គួរ​តែមានលោក​ណាចេះដឹង ចងក្រង​ជា​សៀវភៅ ដាក់​ឈ្មោះ ដាក់​រូបថត​ភ្ជាប់​មក​ជាមួយផង ព្រោះ​វចនានុក្រម ប្រាប់​មក​យើងមិន​ដឹង​ថារបស់​នោះ​វា​យ៉ាងម៉េច​ឡើយ។

    បើខ្ញុំ​ស្គាល់សត្វ ស្គាល់​ដើម​ឈើ​ច្រើន​ ខ្ញុំ​នឹង​បង្កើត​សៀវភៅបែប​នោះ​ឡើង​ភ្លាម។

  2. khmerling និយាយថា ៖

    ខ្ញុំក៏គិតដូចលោកវិចិត្រដែរ ។ តាមសេចក្តីពន្យល់នៅក្នុងវចនានុក្រម នៅពេលខ្លះគ្រាន់តែថា …ជាឈ្មោះដើមឈើម្យ៉ាង, …ជាឈ្មោះត្រីមួយប្រភេទ ។ លក្ខណៈនេះអ្នកមិនដឹងនៅតែមិនដឹង ហេតុនេះបើមានទាំងអធិប្បាយនិងរូបបង្ហាញផង នេះចាត់ទុកថាប្រសើណាស់ ។

  3. ក្មេងស្រែ និយាយថា ៖

    តាំងពីតូច ញ៉ុមត្រូវបានប្រាប់អោយហៅវាថា «កន្ធុំថេត» ទៅវិញ ។ ស្គាល់វា ដោយសារកាលនៅពីក្មេងចូលចិត្តបេះផ្លែខ្ចីៗមកបក ទំពារគ្រាប់វាលេង, ចាស់ៗក៏មិនសូវហាម ដោយគិតថាវាជាថ្នាំបញ្ចុះសត្វល្អិត ។ ដល់ក្រោយៗមក ក៏ឃើញគេហូបស្លឹកវា ជាអន្លក់នំបញ្ចុក និងហូបជាមួយគ្រុំសមុទ្រអីវិញ ។ ពាក្យថា ក្ទម្ព និង ក្ទម្ពទេស មិនសូវបានប្រើទេ ដោយវាពិបាកនឹងហៅម៉េចទេ ។ ដូចពាក្យថា «ផ្លែឧទ្ទម្ពរ» ដែលសំគាល់ដល់«ល្វា» យ៉ាងដូចនោះដែរ!

  4. សួនវិចារ និយាយថា ៖

    អាគ្រាប់វាហ្នឹងស៊ីទៅស៊ុយមាត់ដល់ហើយ ។ ខ្ញុំធុំក្លិនវាសឹងក្អួត ។ មិនដឹងជាចូលចិត្តអីទេ ។

  5. David និយាយថា ៖

    នៅមានអ្នកខ្លះគេហៅ ស្មី ហើយអ្នកស្រុកបាត់ដំបងមួយចំនួនគេហៅ សំបូរ ។

  6. Maly និយាយថា ៖

    ខ្ញុំធ្លាប់ហៅថា “កន្ធំថេត”តែសរសេរយ៉ាងណានោះមិនចាំទេ ព្រោះកាលនៅ​ពីក្មេងខ្ញុំចូលចិត្ត យកញ៉ាំគ្រាប់ខ្ចី ៗ របស់វា​និង​ពេលខ្លះក៏យកមក​ធ្វើ​ជា​ថ្នាំពេទ្យ (ជំនួស​ថ្នាំមែនទែន)ពីមុននៅក្បែរផ្ទះរបស់ខ្ញុំសម្បូរណាស់តែពេល​ឥឡូវនេះមិនឃើញមានសោះ ។ នៅមានរុក្ខជាតិផ្សេង ៗ ទៀតជាច្រើន​ដែល​ខ្ញុំ​មិនធ្លាប់ស្គាល់ ប្រសិនជាមានសៀវភៅវចនានុក្រមដែលមាន​រូបភាព​ដូច​ដែល​លោក​វិចិត្រមានប្រសាសន៍​ខ្ញុំនឹងទៅរកទិញមុនគេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: