បណ្តឹង និង​ បន្តឹង, ឯង និង អែង, សំឡេង និង សំលេង

វិបត្តិភាសាខ្មែរ

មានទំនោរពីរក្នុងសំណេរភាសាខ្មែរ។​ ទំនោរទីមួយយកលំនាំតាម​សំណេរ​ក្នុងវចនានុក្រម​ភាសាខ្មែរ​បោះ​ពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលជន​ខ្មែរភាគច្រើននិយមហៅថា វចនានុ​ក្រមសម្តេចសង្ឃ ជួន ណាត​ និង​ទំនោរទីពីរ​គឺការដើរតាមលំអានបដិវត្តភាសាខ្មែរ​របស់​សាស្រ្តាចារ្យ កេង វ៉ាន់សាក់ ហើយ​យក​មកអនុវត្ត​បន្តដោយក្រុមអ្នកតែងសៀវភៅ​បង្រៀនរបស់ក្រសួង​អប់រំ​សម័យ​បច្ចុប្បន្ន។  នៅមិនទាន់បានមួយជំនាន់​មនុស្ស​​ពេញបរិបូរណ៍ផង ទំនាស់រវាង​មនុស្ស​ល្បាក់អាយុប្រមាណ ៥០ ឆ្នាំឡើងទៅ និងវ័យក្រោម ៥០ ឆ្នាំ កើតឡើង​ដោយ​សារ​ចំណេះដឹងផ្សេងគ្នាក្នុងសំណេរពាក្យខ្លះនៃភាសា(ខ្មែរ)តែមួយ។​ សឹងនិយាយបាន​ថា​ពីពេលនេះតទៅឳពុក​និងកូនមិនអាចជួយគ្នាក្នុងកិច្ចការ​មួយចំនួនទាក់នឹងសំណេរអត្ថបទភាសាខ្មែរ ឫត្រួតកែអក្ខរាវិរុទ្ធបាន​ឡើយ។ 

ទំនាស់ធំៗគួរឲ្យចាប់អារម្មណ៍គឺ សំណេរពាក្យដោយតម្រួតអក្សរ ដែលនិយម​ហៅថា ព្យាង្គតម្រួត និង ព្យាង្គរាយ, បម្លាស់ប្តូរតួអក្សរមួយចំនួន,  និងបម្រើបម្រាស់ស្រៈពេញតួ។

ភ្ជាប់ទៅនឹងទំនោរនៃបម្រែបម្រួលសំណេរក្នុងភាសានេះ និងតាមរយៈនេះ យើង សូមពិនិត្យទៅលើពាក្យសំណេរពាក្យមួយចំនួនដែលជាចំណងជើងអត្ថបទនេះ។ចាស់ជំនាន់មុនសរសេរជា បណ្តឹង ចំណែកអ្នកជំនាន់ក្រោយដោយចំណេះ ចេញ​សាលាដែលខ្លួនរៀននឹងសរសេរជា បន្តឹង។ សួរថា គ្រាន់តែប្តូរពីព្យញ្ជនៈ​ប្រកប  ណ មកជា​ ន ប៉ុណ្ណឹង តើមានអ្វីខុសឬទេ? ចម្លើយក្នុងទំព័រនេះឥតបាន​ឲ្យពិន្ទុថាខាងណាខុសខាងណាត្រូវទេ។ ប៉ុន្តែសូមលោកអ្នកជួយគ្នាពិចារណា និងគ្រាន់តែសូមរឭកថា ពាក្យថា បណ្តឹង មានឫសគល់មកពីពាក្យ ដឹង ចំណែក​ពាក្យ បន្តឹង ក្លាយមកពីពាក្យ តឹង។ តាមដែលចំណាំមក រូប ្ត មានសូរពីរ គឺក្នុង​ករណីគេសរសេរនៅក្រោម ន  រូប ្ត នេះជាជើងរបស់ ត ហើយបើសរសេរក្រោម ណ វាជាជើងរបស់ ដ បានសេចក្តីថា សំណេរ បន្តឹង អានថា បន់-តឹង និង សំណេរ បណ្តឹង អានថា បន់-ដឹង ។ ទាំងនេះបើផ្អែកតាមអ្នកចាស់ តែអ្នកថ្មី (សំណេរថ្មី)​ យើងមិនដឹងជាគេមានវិធីនឹងជួយក្នុងអំណានទេ ឬ គ្រាន់តែកំណត់ថា សំណេរ បន្តឹង អាចអានបានពីរបែប គឺ បន់-តឹង ក៏បាន បន់-ដឹង ក៏បាន ? បើបែបនេះមែន វានឹងបង្កភាពមិនច្បាស់សម្រាប់ភាសាខ្មែរកាន់តែច្រើនក្នុងសំណេរ ។

(សូមលោកអ្នកមេត្តាផ្តល់ជាយោបល់តាមការគួរ)

17 Responses to បណ្តឹង និង​ បន្តឹង, ឯង និង អែង, សំឡេង និង សំលេង

  1. 4cambodia និយាយថា ៖

    រឿងនេះហើយដែល វាបង្ករជាបញ្ហាក្នុងអក្សរសាស្ត្រ អ្នកខំធ្វើអក្សរឲ្យមានឯកភាពតែមួយ មិនព្រមទទួលយកទេ បែរជានាំគ្នា ទៅបង្កើត ធ្វើឲ្យច្របូកច្របល់ មិនខ្វះទេវិធីបង្កើត មានរបៀបផ្សេងៗ តែក្រុមជំនុំនៅសម័យសម្តេចសង្ឃជួនណាត គេមិនបង្កើតព្រោះវានាំលំបាក។ អ្នកធ្វើនៅក្រសួងអប់រំនឹង ធ្វើទាំងងងឹតងងុលតែម្តងហើយ តាមពិតលោក កេង​វ៉ាន់សាក់ កាលសម័យនោះ ជាការស្រាវជ្រាវរបស់គាត់ទេ ហើយគាត់យកមកបង្រៀន មិនមែនឲ្យយកមកដាក់ឲ្យគេប្រើទេ សាស្ត្រាចារ្យខេមរវិទ្យា(បញ្ញាសាស្ត្រ) ហ៊ីង គឹមថន ធ្លាប់ជាសិស្សលោក កេង​វ៉ាន់សាក់ប្រាប់ខ្ញុំ តាបខ្ញុំដឹងមាន សូរ ម៉ុយខៀង និងអ្នកច្រើនទៀត ក៏ធ្លាប់ជាសិស្សកេងវ៉ាន់សាក់ដែរ តែបែរជាធ្វើខុសពីចំណេះគ្រូ ធ្វើឲ្យឡប់គេមួយប្រទេស ។ :mrgreen:

  2. 4cambodia និយាយថា ៖

    កែរផង «បង្ក»

  3. វិចិត្រ និយាយថា ៖

    តាម​តែ​ខ្ញុំ​ដឹង​មក អំពី​បញ្ហា​សរសេរ​តំរួត​រឺ​សំរាយ​នេះ សូម្បី​តែ​វចនានុក្រម​ខ្មែរ​ខ្លួន​ឯង​ ក៏​មាន​កែ​ដែរ។ កាល​គ្រា​ដំបូងៗ គេ​អនុញ្ញាត​អោយ​សរសេរ សំរាយ​ក៏​បាន​តំរួត​ក៏​បាន។ ចុង​ក្រោយ​បង្អស់ គេ​បង្កើត​ក្បួន​ថ្មី គឺ​ពាក្យ​ណា​ក្លាយ​ពី​ពាក្យ​ត្រួត ដូច​ជា​ខ្ពស់ ក្លាយ​ជា​ព្យាង្គ​តំរួត គឺ​កំពស់។ ពាក្យ​ណា​មក​ពី​ពាក្យ​សំរាយ ដូចជា​ ដោល ក្លាយ​ជា​ពាក្យ​សំរាយ​ដំណោល។ល។ ទោះ​ជា​យ៉ាង​ណា​អ្នក​និពន្ធ​មិន​បាន​ចាត់​ទុក​ថា​អ្វី​ដែល​ខ្លួនធ្វើ​នេះ​ត្រឹម​ត្រូវ​នោះ​ទេ។ វចនានុក្រម​បាន​កែ ​វចនានុក្រម ខ្លួន​ឯង​ទៅ​ហើយ។

    អំពី​បញ្ហា ន ណ។ តាម​ដែល​ខ្ញុំ​ដឹង​ទៅ​ទៀត​នោះ​ក្រុម​ខេមរយានកម្ម​បាន​កែពី ណ មក​ ន មិន​មែន​ចេះ​តែ​កែ​តាម​ការ​នឹក​ឃើញ​នោះ​ទេ គេ​កែ​ព្រោះ​តែ​គេ​គិត​ថា វចនានុក្រម​សរសេរ​ខុស​តែ​ម្តង ដោយ​ផ្អែក​លើ​ក្បួន​ខ្មែរ​បុរាណ។ វចនានុក្រម​ខ្មែរ​បាន​បង្កើត​ក្បួន​ថ្មី​ខុស​ពី​មុនត្រង់​ចំនុចខ្លះ ដូច​ជា​ការ​ប្រើ ន ណ ល ឡ។ (ខាង​ខេមរយានកម្ម ក៏​បង្កើត​ក្បួន​ថ្មី​ខុស​ពី​ក្បួន​បុរាណ ត្រង់​ស្រៈ​ពេញ​តួ និង​ព្យាង្គ​តំរួតដែរ។)។ គេ​អាច​សួរ​បាន​ថា ន៉ ក៏​ក្លាយ​ជា ណ ដែរ ម៉េច​ចាំ​បាច់​បង្កើត​ ណ មក​ធ្វើ​អី​ទៀត។ ហើយ​ជា​ពិសេស​នោះ ន និង ណ មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ជា​មួយ​គ្នា​ទៀត (ត ថ ទ ធ ន- ដ ឋ ឌ ឍ ណ) ម៉េច​ក៏​មិន​ដូច ក និង គ : ក ខ គ ឃ ង ?។

    អំពី​អក្សរ​ត និង ដ​ នេះ​វិញ។ តើ​អ្នក​​មាន​ដែល​ឆ្ងល់​ទេ ម៉េច​ក៏ ត ជួន​កាល​អាន​ថា ដ ជួន​កាល​អាន​ថា ត។ ដូច​ជា​តំបន់ អាន​ថា ដំបន់។ ចុះ​បើ​មាន​អ្នក​កែ​អោយ​មក​សរសេរ​ថា ដំបន់​វិញ លោក​គិត​យ៉ាង​ណា​ដែរ។ ហើ់យចុះ​អ្នក​កែ​អ្នក​ដែលសរសេរ​ដំបន់​បែប​នេះ មក​ដាក់​ថា​តំបន់​វិញ លោក​គិត​យ៉ាង​ណា​ដែរ?។​

    ចំពោះ​បញ្ហា​ស្រៈ​ពេញ​តួ។ តាម​ខ្ញុំ​លឺ​ត​ៗ​គ្នា​មក​ថា​ខាង​ខេមរយានកម្ម លុប​ចោល​ទាំង​ស្រុង​តែ​ម្តង។ ប៉ុន្តែ​សួរ​ថា ខាង​អ្នក​និពន្ធ​វចនានុក្រម មាន​ដែល​លុប​រឺ​កែ​ស្រៈ​ពេញ​តួ​ដែរ​រឺ​ទេ? ដូច​ជា​ក្រឹត្យ (មក​ពី ​ក្ឫត្យ )ម៉េច​ក៏​សរសេរ ក-រឹ-ត​ បាន? (កែ ឫ មក រឹ)។ ឫទ្ធិ សរសេរ​ថា រឹទ្ធិ។ លាន់​ឮ អាច​សរសេរ​ថា លាន់​លឺ​ បាន។ មានន័យ​ថា វចនានុក្រម​ក៏​បាន​កែ​ដែរ តែ​កែ​ខ្លះ(?)។ អក្សរ​ខ្លះ​ទៀត ដូចជា ឝ ឞ ម៉េច​ក៏​មិន​ដែល​ឃើញ​ប្រើ ម៉េច​ក៏​ដូរ​មក​ដាក់​ជា ស បាន?។

    ដូច្នេះ ជា​សរុប​ទៅ អ្វី​ដែល​ខាង​ខេមរយានកម្ម​បាន​កែ​នោះ គឺ​កែ​ក្បួន​ថ្មី ទើប​តែ​បង្កើត​ឡើង​​ដោយ​ក្រុម​អ្នក​និពន្ធ​វចនានុក្រម​ខ្មែរ​នេះ​ឯង។ ហើយ​ក្បួន​ថ្មី នេះ ក៏​មិន​ប្រាកដ​ដូច​ក្បួន​ខ្មែរ​បុរាណ​នោះ​ទេ។

  4. vannak និយាយថា ៖

    តាម​ខ្ញុំ​យល់​លោក​អ្នក​ដែល​មាន​ទំនោរ​ កេង វ៉ាន់សាក់​និយម​ប្រាកដ​ជា​ថា​គ្មាន​បញ្ហា តែ​បើ​គេ​ក្រឡេក​មើល​ទៅ​ឲ្យ​បាន​វែងឆ្ងាយ​បន្តិច​នោះ គេ​ប្រាកដ​ជា​ដឹង​ខ្លួន​ថា​គេ​ខុស​ទាំងស្រុង ដោយ​ពួក​គេ​គ្មាន​ឫសគល់​ច្បាស់លាស់​ក្នុង​ការ​បង្កើត​ពាក្យ​នីមួយៗ​នោះ​ទេ ។ មាន​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ខ្លះ​ព្យាយាម​បកស្រាយ​ពី ការ​សរសេរ​ពាក្យ​ «ឲ្យ» ទៅ​ជា​ «អោយ» ដោយ​ពុំមាន​មូលដ្ឋាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ ។ មិន​ត្រឹម​តែប៉ុណ្ណោះ ពួក​គេ​បាន​ព្យាយាម​អាន​ពាក្យ​តាម​បែប​ថ្មី និង​តាម​ទ្រឹស្ដី “ទំនាញ​សូរ” ដ៏​ផ្សងព្រេង​បំផុត​នោះ​មក​ប្រើ ។
    តាម​ខ្ញុំ​យល់​ពួក​អ្នក​ទាំង​នោះ​មិន​គួរ​បង្ក​ផល​វិបាក​ថ្មី​មក​លើ​ផល​វិបាក​ចាស់​ដែល​អ្នក​ជំនាន់​មុន​ខំ​ប្រឹង​ដោះស្រាយ​នោះ​ទេ ។ ប្រមាណ​ជិត​បី​ទសវត្សរ៍​ក្នុង​ភ្លើង​សង្គ្រាម​ដ៏​រេចរឹល​នោះ អក្សរសាស្ត្រ​ខ្មែរ​ស្ទើរ​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ ។ ចូរ​សង្កេត​មើល​ការ​បិត​ដែល​មាន​នៅ​នឹង​មុខ​ស្រាប់ តាម​បដា​ផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ ។ល។ បាន​បង្កើត​នូវ​សំណេរ​ខុស​យ៉ាង​”សន្ធឹកសន្ធាប់” (នេះ​ក៏​ជា​ករណី​នៃ​ទំនាញ​សូរ​មួយ​ដែរ) ជា​ពិសេស​ក្មេងៗ​សិស្ស​សាលា​បាន​ចាប់ផ្ដើម​សរសេរ​ពាក្យ​ខ្លះ​តាម​តែ​គេ​នឹក​ឃើញ ដោយ​សំអាង​លើ​ទ្រឹស្ដី​ថ្មី​របស់​ពួក​គេ​ថា “ឲ្យ​តែ​អាន​ខ្លួន​ឯង​រួច​ទៅ​បាន​ហើយ” ។ តើ​យើង​គិត​យ៉ាងណា​ចំពោះ​បញ្ហា​នេះ?

  5. វិចិត្រ និយាយថា ៖

    លោក​Vannak អាច​លើក​យក​ ចំនុច​ “…តែ​បើ​គេ​ក្រឡេក​មើល​ទៅ​ឲ្យ​បាន​វែងឆ្ងាយ​បន្តិច​នោះ គេ​ប្រាកដ​ជា​ដឹង​ខ្លួន​ថា​គេ​ខុស​ទាំងស្រុង ដោយ​ពួក​គេ​គ្មាន​ឫសគល់​ច្បាស់លាស់​ក្នុង​ការ​បង្កើត​ពាក្យ​នីមួយៗ​នោះ​ទេ…” មក​ជា​ឧទាហរណ៍​ខ្លះ​បាន​ទេ?

  6. វិចិត្រ និយាយថា ៖

    Vannak: និង ចំនុច​មួយ​ទៀត “…មិន​ត្រឹម​តែប៉ុណ្ណោះ ពួក​គេ​បាន​ព្យាយាម​អាន​ពាក្យ​តាម​បែប​ថ្មី និង​តាម​ទ្រឹស្ដី …” បែប​ថ្មី​នោះ យ៉ាង​ម៉េច បែប​ចាស់​យ៉ាង​ម៉េច?

  7. វិចារ និយាយថា ៖

    ខ្ញុំក៏យល់ថាភាសាយើងពិតជាមានបញ្ហាមែន។ខ្ញុំអានពាក្យក្នុងសៀវភៅដើមមិនសូវយល់ពាក្យទេ រឺមកពីគេមិនទាន់សម័យដូចយើងអីលូវ?

  8. សំបុកចោរ និយាយថា ៖

    ភាសានេះនឹងអាលាយព្រោះអត់មានអ្នកស្រឡាញ់ទេ មានតែអ្នកបំផ្លាញ។ ម៉េចក៏មិនរកវិធីស្រួលមកដោះស្រាយ។ អេ!!!

  9. វិចិត្រ និយាយថា ៖

    ទោះ​យ៉ាងណា ពាក្យ សម្លេង គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ​ទេ មាន​តែ សំឡេង។

  10. Sonnang និយាយថា ៖

    អរគុណ វិចិត្រ ដែលជួយពិនិត្យ ៖ កែពី​ សម្លេង មកជា សំឡេង នៅក្នុងអត្ថបទនេះ ។

  11. veha និយាយថា ៖

    វាពិបាកហើយព្រោះគេប្រើស្រេចនឹងចិត្ត ។ គេមិនសូវគិតថាខុសឬត្រូវយ៉ាងណាទេ គ្រាន់តែប្រើៗ ក៏បានហើយ ។

  12. Maly និយាយថា ៖

    បើរបៀបនេះតើអ្នកដែលសរសេរ គួរយកមួយណា ? ព្រោះក្មេងជំនាន់ក្រោយ គេសរសេរអ្វីតាមតែគេបានរៀនពីសាលាមក ។ គ្រូសរសេររបៀបណា គឺគេសរសេរតាមនោះ ។​

  13. KHMERLING និយាយថា ៖

    […] តែមានជើងដូចគ្នា (្ត) (អានបន្ថែមអំពីជើង ត និង ដ) ។ ក្រៅពីនោះព្យញ្ជនៈ ត […]

  14. ទឹម បឿន និយាយថា ៖

    ការសរសេរ​តាម​ក្បួន​របស់​កេង វ៉ាន់សាក់ ដើម្បី​ឱ្យ​អក្សរ​ខ្មែរ​មាន​ភាព​ងាយស្រួល មិន​មេន​តម្រួត​ជើង​រញ៉េរញ៉ៃ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា ក្បួន​ច្បាប់​ពី​មុន​ច្បាស់លាស់​ជាង ។

  15. khmerling ភាសាខ្មែរ និយាយថា ៖

    ខ្ញុំក៏ធ្លាប់ជាសិស្សចៅរបស់លោកតា កេង វ៉ាន់សាក់ ព្រោះចូលរៀនចំណេះ
    ដឹងទូទៅក្រោយរបបខ្មែរក្រហម ។ ចំណេះខាងសំណេរភាសាខ្មែរមួយចំនួន
    ដែលចេះចាំពីសាលា​ត្រូវប្តូរមកតាមរបៀបសំណេរក្នុងវចនានុក្រម ក្រោយពី
    ចប់បរិញ្ញាបត្រ ។

  16. ដាវីដ និយាយថា ៖

    និយាយរឿងតម្រួតជើងអាញ៉េអាញ៉ៃណឹង យាយខ្ញុំកាលពីគាត់នៅរស់ គាត់ថា អើ រៀនអាម៉េចនឹងចេះ បើមានអាទូលផង កណ្តៀតផង រែកផង, មានដៃផង មានជើងផង ហ្អា ឈប់រៀន ឈប់ អ្ហៈ !!!

  17. achharia និយាយថា ៖

    -បណ្ដឹង និង​ បន្តឹង
    តាមខ្ញុំធ្លាប់ដឹងក្នុងក្បួនវេយ្យាករណ៍ខ្មែរ នៅក្រោម ណ មិនដែលមានជើងត(្ត)
    ទេ ហើយនៅក្រោម ន ក៏មិនដែលមានជើង ដ(្ដ) ដែរ ។ បណ្ដឹង និង បន្តឺង មិន
    ត្រូវសរសេរជំនួសគ្នាបានទេ ។ កាលខ្ញុំនៅរៀនក្នុងកំរិតបឋមសិក្សា មានគ្រូខ្ញុំ
    ម្នាក់ប្រាប់ថា ជើងត និង ជើងដ សរសេរខុសគ្នាគឺ ជើងត(្ត)សរសេររាងជ្រុង
    ចំណែកជើងដ(្ដ)សរសេររាងទាល ។ គេអាចរកមើលរូបភាពខុសគ្នានេះបាន
    ច្បាស់នៅក្នុងសៀវភៅ កុមារដ្ឋាន រៀបរៀងដោយលោក ចែត ឆែម សំរាប់
    កម្មវិធីសិក្សាជំនាន់ឆ្នាំមួយពាន់ប្រាំបួនរយហាផ្លាយនិងហុកផ្លាយ ។

    – ឯង និង អែង
    កាលជំនាន់ខេមរយានកម្មសរសេរមួយណាក៏បាន ប៉ុន្តែពួកគាំទ្រទស្សនៈ
    លោក កេង វ៉ាន់សាក់ និយមសរសេរ អែង ជាង ។ វាស្រួលពន្យល់ក្មេងៗ
    ជាងផង ប៉ុន្តែគ្មានការហាមប្រាមមិនអោយប្រើរឺលុបបំបាត់ស្រៈពេញតួចោល
    ដែរ ទុកគ្រាន់សរសេរលើយ័ន្តនិងជាបាលីបាគូមន្តអាគមអូមអាមផង ។

    -សម្លេង សំលេង សំឡេង
    កាលជំនាន់ខេមរយានកម្មមានគ្រូម្នាក់ធ្លាប់ពន្យល់ថា​៖
    ស្រៈដែលមិនបង្អោនរឺប្រែប្រួលសំលេងទៅតាមព្យញ្ជនៈខ្យល់អនិងព្យញ្ជនៈ
    ខ្យល់អ៊មាន៤គឺស្រៈ ួ ឿ ៀ េ ។ សរសេរទាំងបីបែបនោះបានដូចគ្នា ប៉ុន្តែ
    ជំរើសយក សំលេង គឺមកពីការគិតគូរពីសំរស់នៃសំនេរផង ភាពងាយស្រួល
    ជាងក្នុងការសរសេរផង ដោយកាត់បន្ថយព្យាង្គតំរួត មិនមែនត្រូវតែកែជៀស
    វាងរឺហាមប្រាមដាច់ខាតរឺថាអោយខុសទេ ។ ដូចគ្នាដែរក្នុងជំរើសយកតួ ល ជំនួស ឡ និងជំរើស ន ជំនួស ណ ក្នុងករណីជំនួសគ្នាបាន មិនមែនបំបាត់តួ
    ណ តួអក្សរ​ ល ចោលបានទេ ។ ដូចនេះហើយបានជាមានដូចជាជំរើសយក សំនេរ ជាជាង សំណេរ ។ តាមវចនានុក្រមស.ជ.ណ.គឺ សំឡេង ។

    …នេះជាអ្វីដែលខ្ញុំធ្លាប់ដឹង ខុសត្រូវយ៉ាងណា សូមអធ្យាស្រ័យផង ។
    អរគុណ !
    .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: