ទាក់ទង និង ទំនាក់ទំនង

ក្នុងភាសាខ្មែរមានវិធីបង្កើតពាក្យរបស់ខ្លួនច្រើនសណ្ឋាន។​ វិធីដែលមានប្រើញឹកញាប់គឺវិធីកម្លាយ​ពាក្យ​។​​ តាម​វិធីកម្លាយ​ពាក្យ ខ្មែរ​មាន​មូលបទសំខាន់មួយចំនួនសម្រាប់បង្កើតពាក្យថ្មី ដែលមូលបទនីមួយ ៗ សុទ្ធ​សឹង​មានតួនាទីសម្គាល់ន័យ និងតួនាទីពាក្យតាម​ក្បួនវេយ្យាករណ៍ខ្មែរ។ ភ្ជាប់ជាមួយវិធីកម្លាយពាក្យនេះ​យើង​​សូម​​សង្កេតលើការប្រើពាក្យ ទាក់ទង និង ទំនាក់ទំនង។ យើងឃើញថា លោកអ្នកប្រើភាសាខ្មែរ​មួយចំនួន​បានប្រើពាក្យទាំងពីរខុសគោលការណ៍នៃក្បួន​សម្ព័ន្វវិទ្យាខ្មែរ (Khmer Syntax)។

សូមពិនិត្យល្បះខាងក្រោមដូចតទៅនេះ៖ (ដោយរកឧទាហរណ៍ចេញពីអត្ថបទមិនទាន់ សូមអនុញ្ញាតប្រើល្បះដែលធ្លាប់ឮញឹកញាប់សិន)

១. សូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦។ (ផ្សាយពាណិជ្ជកម្ម)

២. …ការទំនាក់ទំនងរវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។ (នាទីទស្សទាយ)

ពាក្យថា ទាក់ទង ជាកិរិយាសព្ទ រីឯពាក្យ ទំនាក់ទំនង ជានាមសព្ទ។​ នៅក្នុងឧទាហរណ៍ ១ ពាក្យ ទំនាក់ទំនង ត្រូវបានប្រើជាកិរិយាសព្ទ ជំនួយពាក្យ ទាក់ទង ។​ ចំណែកក្នុងឧទាហរណ៍ ២ គេប្រើ អឌ្ឍមូលបទ (Semi-affix) ការ បន្ថែមពីលើនាម ទំនាក់ទំនង។ ដោយពាក្យហេតុថា ទំនាក់ទំនង ជានាមសព្ទក្លាយមកពីពាក្យ ទាក់ទង ចាំបាច់អីទៅប្រើអឌ្ឍមូលបទ ការ ជាជំនួយទៀត ឬគេយល់ថា ពាក្យ ទំនាក់ទំនង ដែលកម្លាយរួចហើយនៅមិនទាន់ជានាមសព្ទពេញលក្ខណៈ។ តាមយោបល់ខ្ញុំ និងស្របតាមក្បួនវេយ្យាករណ៍ខ្មែរផងនោះ ១ និង ២ គួរនិយាយ ឬ សរសេរថា ៖

១. សូមទាក់ទង មកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦​។

២. …ទំនាក់ទំនង ការទាក់ទង រវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។

 

7 Responses to ទាក់ទង និង ទំនាក់ទំនង

  1. Nimit និយាយថា ៖

    តែពេលនេះមានគេប្រើ ការទំនាក់ទំនង​ច្រើនណាស់។​តើមានវិធីដោះស្រាយទេ?
    អរគុណ។

  2. ចចក និយាយថា ៖

    តាមយោបល់ខ្ញុំ​ប្រសិនបើម្នាក់​ៗ​ប្រកាន់ជំហរថាខ្លួនត្រូវតែរហូត​វិធីដោះស្រាយ​ប្រកដជាគ្មាន។​តែប្រសិនបើយើងនាំគ្នាស្តាប់ហេតុផល​ដែលប្រកបដោយវិចារណ​ញាណពីលោកអ្នកប្រាជ្ញា​ឬអ្នកជំនាញតាមផ្នែកនីមួយ​ៗ​ខ្ញុំគិតថា​អ្វី​ៗ​មិនអាច​គេចផុតពីដំណោះស្រាយដ៏ត្រឹមត្រូវឡើយ។​ងាកមកមើលការប្រើភាសាជាតិវិញម្តង!​ដល់ពេលនេះ​យើងមិនទាន់មានអ្នកជំនាញណាមួយមកធានាដោះស្រាយ​រឿងភាសាខ្មែរ​ក្រៅពីយកឈ្នះតែរៀងខ្លួន​ថាខ្លួនជាអ្នកភាសា​ខ្លួនចេះភាសាខ្មែរ​រកគូរប្រដូចគ្មាន​ជាដើម។​គោលការណ៍​ឬដំណោះស្រាយរឿងភាសាខ្មែរ​រាប់​តាំងពីបញ្ហាតូច​ៗ​ឡើង​ប្រាកដជាស្រាយចេញ​ប្រសិនបើយើងទទួលយក​ហេតុផលជាជាងជម្នះតែលើគំនិតបែបអគតិផ្ទាល់ខ្លួន។

  3. សុភ័ក្ត្រ និយាយថា ៖

    ខ្ញុំ​ក៏​យល់​ពាក្យ​នេះ​ដូច​លោក​ដែរ។ តែ​ដល់​គេ​យក​ទៅ​ប្រើ​ជា​កិរិយាស័ព្ទ​យូរ​ៗ​ទៅ ពាក្យ​នេះ​ក៏​បាន​ក្លាយ​ទៅ​ជា​កិរិយាស័ព្ទ​ផង​នាម​ស័ព្ទ​ផង តែ​មិន​ដឹង​ជា​ខុស​ឬ​ត្រូវ​ទេ ដ្បិត​យើង​មិន​មាន​អ្នក​តំណាង​ភាសា​ជាតិ​ឲ្យ​ពិត​ប្រាកដ​ចេញ​មក​ជួយ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់ ច្នេះ​ហើយ​ក៏​ចេះ​តែ​នាំ​គ្នា​ប្រើ​បាយ​បិណ្ឌ​ជា​បាយ​បាត្រ​អស់​ហើយ៕

  4. ពូជអង្គរ និយាយថា ៖

    នៅរាជបណ្ឌិតសភាកម្ពុជាមាននាយកដ្ឋានមួយទទួលបន្ទុកភាសាជាតិ។ សង្ឃឹមថាអនាគតដ៏ខ្លីខាងមុខ ភាសាយើងនឹងត្រូវដោះស្រាយចេញពីវិបត្តិដែលកំពុងកើតមាន។

  5. ពូជអង្គរ និយាយថា ៖

    កាលដែលគេយកទៅប្រើ អាចមកពីគេមិនយល់អំពីការប្រើពាក្យនេះហើយចេះតែប្រើទៅដោយស្មានថាត្រូវ ដល់អ្នកខ្លះកាលបើឃើញគេប្រើអញ្ចឹងក៏ចេះតែប្រើតាមគេ ។ រឿងនេះយើងអាចចៀសវាងបាន ប្រសិនបើដឹងហើយ ហើយនាំគ្នាប្រើឲ្យបានត្រឹមត្រូវ ។ ចាត់ថាជាសំណាងល្អហើយ ដែលភាសាយើងជាភាសាជាន់ខ្ពស់ បុព្វបុរសយើងសាងគុណសម្បត្តិជាច្រើនខាងភាសាទុកឲ្យយើងប្រើ ។ ប្រសិនបើយើងប្រៀបធៀបទៅ យើងមានលទ្ធភាពបង្កើតពាក្យមិនចាញ់ភាសាអង់គ្លេសប៉ុន្មានទេ ។ ឧទាហរណ៍ ពាក្យថា កើត យើងអាចកម្លាយបានច្រើនសន្តានពាក្យ​ (Family words)​ ដែលនីមួយៗ មានប្រព័ន្ធន័យតែមួយដូចគ្នា ខុសគ្នាតែត្រង់មុខងារវេយ្យាករណ៍ (Grammatical Function) ប៉ុណ្ណោះ ។ សន្តានពាក្យនីមួយៗ ដែលចេញពីកម្លាយសុទ្ធសឹងមានមុខងារវេយ្យាករណ៍របស់ខ្លួន ។​
    កើត ជាកិរិយាសព្ទ
    បង្កើត ជាកិរិយាសព្ទ
    កំណើត ជានាមសព្ទ
    ខ្នើត ជានាមសព្ទ
    នៅក្នុងនោះ ពាក្យដែលក្លាយជានាមសព្ទរួចហើយ មិនសូវមានការកម្លាយដោយប្រើមូលបទ (affix) ឬអឌ្ឍមូលបទ (Semi-Affix) ដែលមុខងារបង្កើតនាមណាមួយទៀតទេ ព្រោះពាក្យកម្លាយនោះមានលំនឹងជានាមសព្ទគ្រប់គ្រាន់ហើយ ។ ហេតុនេះពាក្យថា កំណើត និង ខ្នើត យើងមិនអាចថែម ការកំណើត ការខ្នើត ឬសេចក្តីកំណើត សេចក្តីខ្នើត បានទេ ។ យើងមិនអាចបន្ថែមយន្តការណាមួយដើម្បីកម្លាយទៅទៀតបានទេ ។
    ភ្ជាប់ជាមួយនេះ ពាក្យថា ទំនាក់ទំនង ដែលជានាមសព្ទកើតពាក្យកម្លាយនៃពាក្យ ទាក់ទង យើងមិនគួរណានាំគ្នាថែមអឌ្ឍមូលបទ ការ- អ្វីទៀតឡើយ វាអាចនាំឲ្យសាំ និងអាចខុសធម្មភាពនៃវេយ្យាករណ៍ខ្មែរយើងក៏ថាបាន ។

  6. […] ទំនាក់ទំនង , ឯកភាព ដែលបច្ចុប្បន្ននេះគេថែមពាក្យ […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: