គួរប្រើពាក្យ សាស្ត្រាចារ្យ ដោយសន្សំសំចៃ

ខែវិច្ឆិកា 16, 2021

បញ្ហានៃការប្រើពាក្យដែលមានន័យថា សាស្ត្រាចារ្យ ពីដើមមិញវៀតណាមទំនងជាប់ក្លិនបារាំងមកដែរ ប៉ុន្តែប្រហែលជាគេបត់បានលឿន មិនសូវសូញសាញដូចយើង គេដូចជាលែងប្រើពាក្យនេះជាទូទៅហើយ គេទុកជាងារគុណវុឌ្ឍិផ្លូវការមួយស្របទៅតាមគោលការណ៍កំណត់ ។ រាជក្រឹត្យយើងមានហើយ អ្នកដែលបានយល់អំពីច្បាប់នេះហើយ គួរដូរទម្លាប់ពីការប្រើពាក្យ សាស្ត្រារ្យ យ៉ាងខ្ជះខ្ជាយដូចពីមុន ហើយគួរលែងថ្ងូរដោយលេសថា ប្រើធ្លាប់តែចឹងយូរហើយ នោះចេញ ។ Repetition is the First Principle of All Learning អីចឹងដល់យូរ ៗ ទៅ យើងនឹងមើលឃើញតម្លៃនៃពាក្យនេះ ប្រើដោយសន្សំសំចៃ ។ ណាស់តែមានច្បាប់ហើយ តែនាំគ្នានិយមតាមទម្លាប់ ច្បាប់នីមួយ ៗ ងាយអីនឹងដូរ ។


ហ វិបត្តិ

ខែតុលា 8, 2021

ក្នុងសំណេរ យើងមានរូបព្យញ្ជនៈផ្សំជាង ១៥០ គូ (អ្នកស្រុកហៅថា ព្យញ្ជនៈផ្ញើជើង) រួចស្រេចទៅហើយ ។ អណ្ដាតខ្មែរមានលទ្ធភាពបន្លឺ (អាន) បន្សំទាំងនោះដោយមិនពិបាក ព្រោះមិនប្រទាំងឬផ្ទុយនឹងលក្ខណៈបន្លឺបែបធម្មជាតិ គ្រាន់តែថា មានបន្សំខ្លះត្រូវចុះអាគម ដូចយ៉ាង ម្ក, ល្អ, …ជាដើម ។ ដោយឡែកអក្សរផ្សំដែលយើងកំពុងពង្រឹងលើអ្វីដែលមានពីមុនមកខ្លះដែលផ្ដួលលើចរន្តបរទេសនិយម និងចិតថែមថ្មីខ្លះ ដោយឈរលើការសន្មតនិងបំបិទភ្នែកឱ្យប្រឹងថាតាម កំពុងបង្កើតភាពស្រពិចស្រពិលឱ្យភាសានាពេលអនាគតហើយ គឺក្នុងន័យថា ឱ្យប្រឹងថា បិទផ្លូវតវ៉ា ហាមសួរ ។

…ការលើកឡើងនេះឥតបានទាត់ចោលការគោរពជាតិសព្ទទេ ប៉ុន្តែគោរពដោយហេតុផលមួយដែលយកមកធ្វើពិសោធន៍កើត ។ (ហ + ក) ហ្ក, (ហ គ) ហ្គ, (ហ ស) ហ្ស … អណ្ដាតខ្មែរបន្លឺបង្គុំនេះយ៉ាងដូចម្ដេច? ធម្មជាតិនៃបង្គុំព្យញ្ជនៈភាសាយើងគ្មាន ហ ផ្ដើមទេ យើងមានតែ (ក ល) ក្ល, (ក ដ)…, (ស វ) ស្វ…រៀនសរសេរតាំងពីថ្នាក់ទី ១ ។…


ហ ហត់

ខែកញ្ញា 16, 2021

ហ ហត់ ពេលនេះបើយើងយកចិត្តបរទេស ហ ហត់ហើយ ព្រោះត្រូវគេយកទៅត្រួតត្រាលើ ក គ ស វ … ជាដើម ឱ្យទៅជា ហ្ក ហ្គ ហ្ស ហ្វ ប៉ុន្តែមិនដឹងបន្លឺយ៉ាងណា ។ បច្ចុប្បន្ន ភាសាខ្មែរមានអក្សរត្រួតមិនទាបជាង ១៦០គូ ឡើយនៅក្នុងឃ្លាំង ។ អក្សរត្រួតទាំងនោះ ប្រើតាងឱ្យសូរព្យញ្ជនៈល្បាយតាមគោលការណ៍ (គោរពតាមធម្មជាតិនៃការបន្លឺ) បន្លឺនៃភាសាយើង ពោលគឺ ក្រ ផ្សំដោយ ក + រ, ខ្ម ផ្សំដោយ ខ + ម … ចេញជាផលដោយនៅរក្សាធាតុដើមទាំងពីរ (input = output) ។ ដោយឡែក អក្សរត្រួតកត់ពាក្យបរទេសខ្លះ យើងមិនដឹងថាបន្លឺយ៉ាងណាឱ្យចំទេ ពិសេសអ្នកដែលមិនមានចំណេះដឹងភាសាបរទេសឆ្អិនឆ្អៅ ដោយហេតុថាបច្ចុប្បន្ន ឃ្លាំងសូរយើងមិនមាន g z f… ។ បើបន្លឺដូចអក្សរតម្រួតដែលយើងមានស្រាប់នោះ អណ្ដាតខ្មែរទូទៅ ឬអណ្ដាតទិព្វណាក៏ទំនងជាមិនធ្វើទៅរួចដែរ (ខុសទំនង) ? តោះ! សាកល្បងចាប់ផ្ដើមពីអក្សរត្រួតដែលយើងមានក្នុងប្រព័ន្ធសំណេរយើងស្រាប់ ក+រ ក្រ ក្រា, ឆ+ល ឆ្ល ឆ្លា, (input = output)…ហ+គ ហ្គ ហ្គា, ហ+ក ហ្ក ហ្កា…(input # output) ។ ចង់ថា ត្រួតក៏ត្រួតចុះ តែត្រូវបន្លឺដូចម្ដេច ? បើ ហ្គា អានថា គា ឬ ហ្កា អានថា កា ដដែល ម៉េចមិនប្រើធនធានជាតិដែលមាននោះសរសេរជា គា ឬ កា តែម្ដងទៅ ចាំបាច់ទៅខ្ជះខ្ជាយត្រួតនេះត្រួតនោះនាំរវល់ (អតិផរណាអក្សរត្រួត) ។ ឬមួយថា យើងខ្លាចម្ចាស់ពាក្យ (បរទេស) មកតាមមើលពាក្យដែលយើងខ្ចី (borrow) មកនោះ ថាយើងកត់ពាក្យគេមិនត្រឹមមិនត្រូវ ខំ! គេដកហូតយកពាក្យត្រឡប់ទៅវិញ ខានមានពាក្យប្រើ ឬយ៉ាងណា? ហ ហត់ ព្រោះពេលនេះ ហ ធ្វើការឱ្យ រ រក (ហ៊ក), រៀន (ហ៊ៀន), រែក (ហ៊ែក) ដែលការណ៍នេះរាប់ថាជាបាតុភូតបម្រែបម្រួលសូរក្នុងភាសា… យូរទៅ យើងមានស្នៀងដូចយ៉ាងអ្នកភាសាថៃខ្លះបានទាយទុកនោះទេដឹង ។ … នៅលើ ន វ ល, ហ នេះដើរតួជា ៉ ដូចយ៉ាង ហ្លាយ (ល៉ាយ ឬ ឡាយ), ចៅហ្វាយ (ចៅវ៉ាយ), ហ្នឹង (ន៉ឹង ឬ ណឹង), ប៉ុន្តែ ហ្វ ក្នុងសំណេរ កាហ្វេ ខ្មែរខំថា ka: fei បានជោគជ័យហើយ ។ យ៉ាងណាយើងក៏មិនត្រឡប់ថា ចៅហ្វាយ ជា cao fa:j ដែរ ។ ខេមរយានកម្ម (គ.ស. ១៩៧៣) បានឈានចេញពីចំណុចប្រទាំងប្រទើសនេះហើយ តែលោកជ្រុលទៅមានបញ្ហារឿង ១- តម្រួតរាយ, ២- ស្រៈពេញតួ, ៣- ណ ជា ន, និង ៤- ឡ ជា ល ។ បច្ចុប្បន្នយើងបានត្រឡប់រូបសំណេរទៅប្រើតាមវចនានុក្រម គ.ស. ១៩៦៧ ស្ទើរអស់ទៅហើយ តែយើងបែរជ្រុលទៅថែម… ដូចឃើញសព្វថ្ងៃ ។សរុបមក បើ ហ្គ ហ្ក ស្ស ហ្វ (ហ្វ ពាក្យមួយចំនួន) គ្មានអ្វីក្រៅពីសូរ គ ក ស៊ វ ដែលយើងមានទៅហើយទេ មិនគួររវល់ត្រួតអក្សរច្រើន (អ្នកភាសាវិទ្យាច្រើនឈរលើគំនិតសន្សំសំចៃ economic ។ ហ្គារាស យើងសរសេរ ការ៉ាស បានទៅហើយទេតើ ។ អុកស៊ីសែន មើលទៅដូចស្រួលហើយតើ ចាំបាច់អីទៅសរសេរ អុកស៊ីហ្សែន ។ល។


សៀវភៅ ភាសា វប្បធម៌ និងអក្សរសាស្ត្រខ្មែរ

ខែ​ឧសភា 6, 2020

សៀវភៅ​ដែល​មាន​ចំណងជើង​ថា កម្រង​អត្ថបទ​ស្រាជ្រាវ : ភាសា វប្បធម៌ និងអក្សរសាស្ត្រខ្មែរ នេះ បាន​ត្រូវ​បោះពុម្ព​ឡើង​នៅ​ឆ្នាំ ២០១៩ ក្រោយ​ពី​បាន​កែសម្រួល​ទាំង​ខ្លឹមសារ​និង​អក្ខរាវិរុទ្ធ ។ អត្ថបទទាំងអស់ត្រូវ​បាន​រៀង​តាម​លំដាប់ ភាសា វប្បធម៌ និង​អក្សរសិល្ប៍ ។ អត្ថបទ​នីមួយ ៗ បាន​ឆ្លង​ការធ្វើបទបង្ហាញ​នៅ​ក្នុង​សន្និសីទ និង​​បានចូលរួម​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី ។ ការប្រមូល​ចងក្រង​ទៅ​ជា​សៀវភៅ​មួយ​ក្បាល​នេះ​ឡើង គឺ​ក្នុង​បំណង​ប្រមូល​ផ្ដុំ​កិច្ចស្រាវជ្រាវ​របស់​ខ្ញុំ​ឱ្យ​ស្ថិត​នៅតែក្នុង​សៀវភៅ​មួយ​ក្បាល និង​ជួយសម្រួលដល់ការស្វែងរកពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ក៏ដូច​អ្នកអាន​ដែលចាប់អារម្មណ៍នឹងវិស័យទាំងនេះ ។ ខ្ញុំសង្ឃឹមថា នឹងបានទទួលមតិរិះគន់​ក្នុង​ន័យ​ស្ថាបនា​ពីគុណម្ចាស់ លោកអ្នកនាពេលអនាគត ។

បើគុណម្ចាស់ លោក​អ្នក​ដែល​ចាប់​អារម្មណ៍​​នឹងស្នាដៃនេះ អាចរកជាវបាន​នៅ​ហាងសៀវភៅ​ក្នុងបរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងបណ្ណាគារនានាក្នុងរាជធានីភ្នំពេញ ឬអាចទាក់ទងមកទូរសព្ទលេខ 012625325 រៀងរាល់ម៉ោងធ្វើការ ។

សូមអរគុណ ចំពោះការគាំទ្រពីគុណម្ចាស់ និងលោកអ្នកទាំងអស់ ។​

4 Collective Article Khmer Book 15 8 2020_00sa14 Collective Article Khmer Book 15 8 2020_00a14 Collective Article Khmer Book 15 8 2020_0034 Collective Article Khmer Book 15 8 2020_006

អ្នកនិពន្ធ : បណ្ឌិត ជុំ ស៊ុនណាង (Chom Sonnang, จุม สุนนาง)


ពិចារណាអំពីលទ្ធភាពភាសាខ្មែរ

ខែ​កុម្ភៈ 4, 2019

6. Vol 17 No11 INL Journals ពិចារណាលទ្ធភាពភាសាខ្មែរ


ស្លាកសញ្ញាចរាចរ

ខែ​មេសា 19, 2018

 

20180412_141451a

 

មានមតិជាច្រើនអំពីការបើកកៀរខ្លោងបម្រាមនៅដើមស្ពានថ្មី ផ្សារដីហុយ ដោយនៅក្នុងនោះមាន​សំណួរ​មួយលើកឡើងថា តើនេះជាកំហុសនរណា?

អ្នកចូលរួមផ្ដល់គំនិត/មតិភាគច្រើនបានដាក់កំហុសនេះទៅអ្នកបើកបរទាំងស្រុង ដោយលើកឡើងថា អ្នកបើកបរមិនចេះច្បាប់ចរាចរ ខ្វាក់ភ្នែក…ជាដើម។

ជុំវិញបញ្ហានេះ មានចំណុចគួរពិចារណាជាច្រើនមុននឹងសម្រេចថាយ៉ាងណានោះ។ ក្នុងនោះយើងគួរ​ពិចារណា​ទៅ​លើការបើកបរ ទីតាំងនៃស្លាក ស្លាកតឿនបន្ទាប់បន្សំឯទៀត។

តាមរយៈកាសែតរស្មីកម្ពុជា ឧបទ្ទវហេតុនេះកើតឡើងពីអ្នកបើកបររវល់និយាយទូរសព្ទ។ បើពិនិត្យ​ទៅ​លើស្លាកសញ្ញាចរាចរវិញ តើមុននឹងដល់ស្លាកដែលត្រូវបុកនេះមានស្លាកតឿនជាមុនដែរឬទេ? ដូចជាមិនមានស្លាកតូចៗដើម្បីដាស់តឿនមុនទៅដល់ទេ(តាមរូប) ចំណែកស្លាកសញ្ញានៅលើ បារ៉ាស់ដូចជាតូចពេក មើលពីចម្ងាយមិនដឹងថាជាអ្វីផង។ ចុះទម្រាំបើកបរពេលយប់ទៀត តើយ៉ាង​ណា​ដែរ?

តាមរយៈធ្វើដំណើរកន្លងមក(នៅស្រុកក្បែរខាងនេះទេ) កាលណាមានបម្រាម​អ្វីមួយ​ឬចំណុច​គ្រោះ​ថ្នាក់​នៅខាងមុខ ដូចជាការដ្ឋានជាដើម គេតែងតែដាក់តាំងសញ្ញាតឿន ភ្លើងបំភ្លឺ ឬធ្វើគំនូស​សញ្ញាច្រើន​កន្លែង មុននឹងដល់កន្លែងដែលត្រូវប្រុងប្រយ័ត្ន។

1384816 (1)trucks-and-buses-keep-right-lanjee-chee

ទិដ្ឋភាព​​បែបនេះកម្រឃើញណាស់នៅស្រុកយើង។ អ្នកបើកបរត្រូវមានញាណ​ពិសេស​មួយសម្រាប់​ដឹងថា​ខាងមុខមានអ្វីខ្លះ។ ដូចករណីគ្រោះថ្នាក់បុកបង្គោល​ខ្សែភ្លើង​នៅ​ផ្លូវទ្រុងមាន់​កាលពីពេល​កន្លង​ទៅ។ បង្គោលនៅចំកណ្តាលផ្លូវ អ្នកដែលធ្លាប់ធ្វើដំណើរឆ្លង​កាត់​ទើបអាចដឹងថា មានបង្គោលភ្លើង​ឈរ​ជាជួរ​លើទ្រូងផ្លូវ។ អ្នកមកពីចម្ងាយពិតជាមិនដឹងទេ។ ប៉ុន្តែប្រសិនបើគេមានសញ្ញា ឬស្លាក​ចំណាំង​គ្រប់គ្រាន់តាមបច្ចេកទេចរាចរ នោះក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិតដែរ។

សរុបមកអ្នកធ្វើដំណើរនៅស្រុកខ្មែរត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់និងត្រូវមានញាណទិព្វដឹងមុន ត្រូវមានបំណិនឡេមឡឺម។ នៅស្រុក​យើង អ្នកទទួលម៉ៅការសាងសង់ផ្លូវថ្នល់​ទំនងជាមិនសូវអស់ទុន​ច្រើនសម្រាប់​ផ្ដល់សុរត្ថិភាពអ្នកប្រើ​ប្រាស់ផ្លូវ​ថ្នល់ក្នុងអំឡុងពេលការដ្ឋានកំពុងដំណើរការទេ។ មានការដ្ឋានខ្លះដោតមែកឈើ ឬឫស្សីតូចៗ ចងខ្សែរយាលចាំចាប ឬមានការដ្ឋានខ្លះមិនអីជាសញ្ញាសោះឡើយ។ អ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវម្ចាស់ការលើការបើកបរ។

 20170927_131413a20170623_113058a

អានបន្ថែម៖


សួស្ដីឆ្នាំថ្មី

ខែ​មេសា 14, 2018

សួស្ដីឆ្នាំថ្មី ឆ្នាំចរ សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ (គ.ស. ២០១៨)។ នៅក្នុងឱកាសឆ្នាំថ្មីនេះ សូមទេព្តាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្ដី ភាពចម្រុងចម្រើនដល់ជនរួមជាតិគ្រប់រូប។


វចនានុក្រមជាគោល

ខែ​កុម្ភៈ 27, 2017

មកដល់ថ្ងៃនេះភាសាខ្មែរយើងនៅពឹងលើវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៦៧ (ដែលយើងនិយមហៅថា វចនានក្រម សម្ដេចសង្ឃ ជួន ណាត) ជាមូលដ្ឋាន។ ពាក្យខ្លះសាធារណជនបានប្រើរត់មាត់រត់ដៃ ទៅហើយ ប៉ុន្តែពេលងាកមកមើលក្នុងវចនានុក្រមបែរជាមានរូបសំណេរឬសេចក្ដីពន្យល់ផ្សេង, ដូចយ៉ាងពាក្យ អញ្ចឹង អាមេរិក អធ្យាស្រ័យ ធ្ងន់ធ្ងរ ឃាតករ មោទនភាព ជាដើម។ ក្នុងចំណោមពាក្យដែលលើកឡើងខាងលើ នៅក្នុងវចនានុក្រម លោកសរសេរជា អីចឹង(អ៊) អាម៉េរិក អជ្ឈាស័យ ឃាតក មោទកភាព។ តាមពិតពាក្យ អធ្យាស្រ័យ ក៏មាននៅក្នុងវចនានុក្រមដែរ ប៉ុន្តែលោកហាក់ផ្ដល់តម្លៃដល់ អជ្ឈាស័យ ច្រើនជាង។ ពាក្យ អធ្យាស្រ័យ/អជ្ឈាស័យ និង ធ្ងន់ធ្ងរ ន័យនៅក្នុងវចនានុក្រម និងនៅក្នុងការប្រើប្រាស់ជាក់ស្ដែងនាពេលបច្ចុប្បន្នមិនដូចគ្នាទេ។ ធ្ងន់ធ្ងរ នៅក្នុងវចនានុក្រមផ្ដល់ន័យវជ្ជមាន ចំណែកការប្រើប្រើប្រាស់សព្វថ្ងៃនេះ យើងប្រើ ធ្ងន់ធ្ងរ ក្នុងន័យអវិជ្ជមាន។ លោកអៀវ កើស តាមរយៈស្នាដៃរបស់លោក (ភាសាខ្មែរ ការសាកល្បពិនិត្យដោយរកហេតុផល.​ ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧, ទំ. ១៨-១៩) ក៏ទំនងជាមានគំនិតផ្ទុយពីសំណេរខ្លះក្នុងវចនានុក្រមពុទ្ធសាសនបណ្ឌិត្យខ្លះដែរ។ ប៉ុន្តែទោះជាយ៉ាងនោះក្ដីលោកបានក្រើនរំឭកអំពីបញ្ហានេះដែរ៖

Untitled-2_001Untitled-2_002.jpg


រឿងព្រេងខ្មែរលើ

ខែ​មីនា 24, 2012

ខ្ញុំធ្លាប់បានអានរឿងព្រេងនានា ពិសេសរឿងព្រេងខ្មែរដែលប្រមូលចងក្រងដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ មានជួនកាលក្រោយពេលបានជួបប្រទះរឿងខ្លះ ៗ ពី ស្រុកក្រៅ ខ្ញុំចេះតែគិតថារឿងទាំងនេះជារឿងខ្មែរយើងឬយើងបានមកពីបរទេស ?

Khmer Leu Folktale Cover1aKhmer Leu Folktale Cover2a

អ្នកគ្រូកែវ ណារុំ ចាត់ទុកថាជាអ្នកនិពន្ធខ្មែរម្នាក់ដែលបានសាងស្នាដៃ​ជាច្រើនដែលមាន​ប្រយោជន៍ដល់ការទ្រទ្រង់សិល្បៈវប្បធម៌ខ្មែរ ។ នាពេលថ្មីៗ អ្នកគ្រូបាន​ប្រមូល​ចងក្រង​និងបោះពុម្ពសៀវភៅមួយក្បាលទៀតមានចំណងជើងថា រឿងព្រេងខ្មែរលើ ។ នៅ​ក្នុង​សៀវភៅដែលមានកម្រាស់ជិត ២៥០ ទំព័រ​នោះ ​មានរឿងចំនួន ៤២ រឿង ។ សៀវភៅ​នេះ​បាននាំយើងឲ្យចេះរឿងព្រេងថ្មីៗជាច្រើនទៀត ។ គួរកត់សម្គាល់ថារឿងងខ្លះ​​ជារឿង​ដែលមាននៅក្នុងប្រជុំរឿងព្រេង​របស់​ពុទ្ធ​សាសន​បណ្ឌិត្យរួចហើយ ។ ទោះបី​ទាំងខ្លឹមសារទាំងចំណងជើងរបស់​រឿងមួយ​ចំនួន​មាន​លក្ខណៈស្រដៀងគ្នាទៅ​នឹង​​រឿង​ដែលធ្លាប់មានការបោះពុម្ពកន្លងមកហើយក្ដី ក៏ស្នាដៃថ្មី​នេះ​​អាចជាការបំពេញបន្ថែម​ចំពោះ​​ចម្ងល់ដែលខ្ញុំ(ក៏ដូចខ្មែរមួយចំនួន)មានតាំងពីដើម​មក​អំពីប្រភពរឿងព្រេងខ្មែរ៖ តើរឿងជារបស់យើងឬយើងចម្លងពីខាងក្រៅ ។ ប្រវ​ត្ដិ​សាស្រ្ដ​​បានបង្ហាញថា ជនជាតិខ្មែរ​លើដែលអ្នកខ្លះហៅថាជាព្នងនោះជាខ្មែរដើម ។ ខ្មែរ​ដើមមិនមែនមាន​តែព្នងតែមួយ​នោះ​ទេ គឺមានក្រុមផ្សេងៗជាច្រើនទៀតដូចជាចារ៉ាយ កួយ, ទំពួន, សំរ៉ែ, ស្អូច, សួយ ជា​ដើម ។ គេច្រើនហៅបងប្អូនខ្មែរទាំងនោះដោយរួមថា ខ្មែរលើ ។ អ្នកទាំងនោះ​មាន​ការ​​ទទួលចំហាយវប្បធម៌ពីខាងក្រៅ ពោលគឺបរទេសតិចតួច​ជាង​ខ្មែរ​ទូទៅ ។ ហេតុនេះ​បង​ប្អូននៅរក្សាបានច្រើននូវអ្វីដែលជាលក្ខណៈខ្មែរ(បូរាណ) ទាំង​ភាសា​ទាំងជំនឿ​ប្រពៃ​ណី និងរបៀបរបបរស់នៅ ។ ផ្អែក​លើចំណុចនេះ​ រឿងព្រេង​ដែល​បានមក​ពីការនិទាន​ដោយ​ផ្ទាល់​ពីបងប្អូនខ្មែរ​ទាំងនោះពិសេសពីលោកតាលោក យាយអាចចាត់​ទុកថារឿង​មួយ​ផ្នែកធំជារបស់ខ្មែរ ។

មានការប្រទាញប្រទង់គ្នាលើកម្មសិទ្ធិរឿងព្រេងរវាងប្រទេសដែលមានព្រំដែនជិតខាងគ្នា ។ ខ្ញុំនៅប្រកាន់ជំហរចង្អៀតចង្អល់អំពីរឿងនេះ ប៉ុន្ដែក៏មិនចង្អៀតជ្រុលទាំងងងឹតងងុល ចេះតែថា​នេះជារបស់ខ្មែរទាំងអស់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។ ខ្មែរ ថៃ ឡាវ មានរឿងដែលមានខ្លឹមសារស្រដៀងគ្នានឹងរឿងព្រេង ព្រះថោងនាងនាគខ្មែរ ។ ម្នាក់ៗ សុទ្ធតែអះអាងថាជារបស់ខ្លួន ។ និយាយដល់រឿងនេះ បែកដល់រឿង ឥណ្ឌាសាង ប្រាសាទអង្គរវត្ដថ្មី ។ ត្រង់ចំណុចនេះខ្ញុំមិនសាទរទៅនឹងទស្សនៈដែលថា គេ(ឥណ្ឌា)ធ្វើនេះគឺគេជួយផ្សព្វផ្សាយអរិយធម៌ខ្មែរទេ ។

(គ្រាដែលកំពុងរៀបចំចុះផ្សាយអត្ថបទនេះ អ៊ិនធើណេតមិនស្រួលខ្លួន (not easy body) ហេតុនេះ​មាន​កំហុសឆ្គងដោយអន្លើដែលចូលទៅកែមិនបាន ។ ចឹងសូមទុកចាំពេល​អ៊ិនធើណេតស្រួលខ្លួន (easy body) ឡើងវិញនិងមកចាត់ការបន្ដ ។ ឬក៏ទុកឲ្យនៅស្រកេកស្រកាករហូតចឹងទៅក៏មិនដឹង ។ សូមអធ្យាស្រ័យផង!! )


ឥណ្ឌាចម្លងអង្គរវត្ដ

ខែ​មីនា 11, 2012

ខ្លឹមសារខ្លះក្នុងសំណេរនេះមិនមែនធ្វើឡើងដើម្បី​បំបែកបំបាក់​ចំណងមិត្ដភាព​នៃប្រទេស​ទាំងពីរឬជាការញុះញុងអ្វីមួយក៏ទេដែរ ។ នេះគ្រាន់តែជាការឆ្លុះបញ្ចាំងអំពី​អារម្មណ៍​ប្រកបដោយការហូងហែងចំពោះមរតកដូនតា។ (សូមមេត្ដាអានដោយការថ្លឹងថ្លែង)

តាមប្រភពវិទ្យុអាស៊ីសេរីថា ឥណ្ឌាមានគម្រោងសាងសង់ប្រាសាទមួយដែលដូចគ្នា បេះបិទនឹងប្រាសាទអង្គរវត្ដ ប៉ុន្ដែមានទំហំធំជាងនិងខ្ពស់ជាងអង្គរវត្ដទៅទៀត ។

“It will be the world’s largest Hindu temple… bigger in size, shape and height than the Angkor Wat of Cambodia,” the trust’s secretary, Acharya Kishore Kunal, told the BBC.

ស្ងាត់ ៗ ឥណ្ឌាក៏ចេះលេងក្បាច់នេះដែរ ។ អ៊ីចឹងការដែលគេជួយយើងក្នុងការជួសជុល ប្រាសាទអង្គរវត្ដនាកាលកន្លងទៅ ជាវត្ថុបំណងមកក្រេបយកគំរូប្លង់លម្អិតអង្គរវត្ដទៅ វិញទេ មិនមែនមកជួសជុលដើម្បីអភិរក្សដោយស្មោះស្មគ្រនោះទេ ។ ការបំពេញការ ងារក្រុមការងារឥណ្ឌានាពេលនោះមិនបានបំពេញតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ព្រោះបានប្រើឧបករណ៍និងជាតិគីមីដែលបំផ្លាញដល់ថ្មប្រាសាទ ។ ខ្ញុំមិនដឹងថាក្រុមនេះ និងក្រុមកសាងប្រសាទតាមគំរូប្រាសាទអង្គរវត្ដនោះជាក្រុមតែមួយឬយ៉ាងណាទេ ប៉ុន្ដែ គេជាឥណ្ឌាដូចគ្នា ។

ទោះណាជាខ្មែរបានទទួលឥទ្ធិពលពីប្រទេសនេះនាបូរាណកាលក៏ពិតមែន ប៉ុន្ដែសំណង់ សាសនានានាដែលខ្មែរបានសាងសង់ឡើងដោយគំនិតច្នៃប្រឌិត ។ ជួនកាលយើង ពិបាកជឿថា យើងបានទទួលឥទ្ធិពលពីប្រទេសនេះខាងស្ថាបត្យកម្ម ព្រោះយើងមាន សំណង់ប្រាសាទរាប់ពាន់ពាសពេញប្រទេសទាំងនៅកម្ពុជាបច្ចុប្បន្ន និងនៅលើទឹក ដីប្រទេស ជិតខាងដែលជាទឹកដីអតីតរបស់មហានគរខ្មែរ ។ ចំណែកប្រទេសដែល គេយលថាជាប្រភពបែរជាគ្មានអ្វីសេសសល់ដូចសំណង់ប្រាសាទខ្មែរទៅវិញ ។

ពេលនេះគេឃ្លានពីយើងរហូតទ្រាំលែងបាន ទើបបោះបោចលុយកាក់ទៅចម្លងអង្គរ យើង ទៅធ្វើនៅលើទឹកដីខ្លួន ។ នេះជាទង្វើថោកទាបដែលប្រទេសធ្លាប់មាន អរិយធម៌ រុងរឿងមួយនេះធ្វើឡើង ។ ម៉េចមិនសាងសង់សំណងប្រាសាទតាមគំរូដែលខ្លួនមាន ឬសាងអ្វីដែលមិនប៉ះពាល់ផលដល់ប្រទេសក្បែរខាង ?

ករណីណាក៏ដោយឥណ្ឌាមិនគួរណាមកស្រេកឃ្លានអ្វីដែលជាស្នាដៃបុព្វបុរសខ្មែរ ។ ប្រទេសមេមិនចូលបក្ខសម្ព័ន្ធមួយនេះត្រូវពិចារណាឡើងវិញ ។ ឬគេគិតថាប្រទេស​ដែលមិន​ចូលបក្ខសម្ព័ន្ធ​អាចធ្វើអ្វីបានតាមចិត្ដ ព្រោះខ្លួនមិនចំណងអ្វីសន្ធិសញ្ញា​អ្វីជាមួយ​ប្រទេសនានាលើលោកនេះ ?

អំណឹះតទៅ បើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការតាមផ្លូវច្បាប់ គម្រោងរបស់គេ​នឹង​លុះ​តាមវត្ថុបំណង ពេលនោះអង្គរខ្មែរលែងជាស្នាដៃឯកគ្មានពីរទៀតតទៅទៀតហើយ ។

ព័ត៌មានពាក់ព័ន្ធ