3G ស្រុកយើង

ខែវិច្ឆិកា 16, 2011

ពិនិត្យជារួមនៅស្រុកយើង អ្វីដែលល្អដែលមានគុណភាពដែលពិភពលោកនេះមាន ខាង យើងឯណេះក៏មានដែរ ។ ប៉ុន្ដែការដែលមាននោះ ភាពពិតជាសំបកច្រើនជាខ្លឹម ។

ពេលនេះសូមច្បិចយករឿងមួយមកចែកជូន ។ បើផ្អែកតាមការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ ឃើញថាសេវាគ្របដណ្ដប់​អ៊ិនធឹណេត​នៅស្រុកយើងសព្វថ្ងៃមាន​រហូតដល់ 3G និង 3.5G ឯណោះ ។ ពោលគឺ​ប្រទេស​យើងមាន 3G ប្រើមុនថៃទៅទៀត ។ តើ 3G ហ្នឹងទាក់ទងនឹងរឿងលឿនឬយឺតនៃអ៊ិនធឹណេតនេះដែរឬទេ ?

ពិនិត្យលើការប្រើប្រាស់ជាក់ស្ដែងសេវាអ៊ិនធឹណេតប្រទេសថៃដែលមានត្រឹមកម្រិត EDGE (Enhance Data Rates for Global) មានល្បឿនលឿនជាង​អ៊ិនធឹណេត​នៅស្រុក​យើងច្រើនដង ។ ចំណែកការដាក់ឲ្យប្រើ 3G ​នៅថៃនៅមិនទាន់​ចូល​ជាធរមាននៅឡើយទេ ។

ពិនិត្យទៅលើផែនទីអំពីសេវាគ្របដណ្ដប់អ៊ិនធឹណេតដែលធ្វើឡើងដោយ American Raomer នៅ​ស្រុក​យើង​សូម្បីតែ​កម្រិត EDGE សឹងតែមិនមានមួយតក់ផង តែបើមើល​ទៅខាង​ថៃវិញ គេមាន​ពាស​ពេញប្រទេស ។

បន្ដិចទៀត ពេលដែលពិភពលោកនេះមានសេវាអ៊ិនធឹណេតដល់ទៅ 4G…10G មិនយូរយើងនឹងស្រែកថាមាននឹងគេដែរ ។ យើងនិយាយថាយើងមានប្រព័ន្ធ 3G បានតែក្នុង​ចំណោម​​គ្នា​យើង​ទេ តែយើងមិនអាចប្រាប់ញាតិបរទេសថាយើងមាន 3G ព្រោះនាំខ្មាសគេ ។

ទាំងនេះហើយដែលបរទេសតែងតែនិយាយថា ស្រុកខ្មែរស្រួលរកស៊ី !!! ព្រោះយើង​មានលទ្ធភាពឲ្យគេជញ្ជក់បាន ។

3G vs.EDGE3a3G vs.EDGE2a

តើ ICT របស់ប្រទេសយើងស្ថិតកម្រិតណា ?

ខុសឆ្គងយ៉ាងណា សូមមេត្ដាលោកអ្នកដែលមានជំនាញខាងនេះជួយបំភ្លឺតាមការគួរ ព្រោះម្ចាស់អត្ថបទមិនមានជំនាញអ្វីខាងរឿងនេះ ចេះដឹងតាមរយៈ​ការ​ប្រើប្រាស់ជាក់ស្ដែងតែប៉ុណ្ណោះ ។

រឿងពាក់ព័ន្ធ

  1. ពាក្យ Internet
  2. American Roamer
  3. Cellmaps
  4. ប្រព័ន្ធទូរស័ព្ទចល័ត
  5. Data 3.5G Internet

រង្វាស់ប្រវែងថ្មី

ខែវិច្ឆិកា 6, 2011

អ្នក​សម្តែង លូ ហ្វេ អាយុ ៥២ឆ្នាំ មក​ពី​ខេត្ត​ចៀងស៊ី ប្រទេស​ចិន បាន​សម្តែង​នូវ​កម្ម​វិធី​ដ៏​ព្រឺ​ព្រួច​មួយ​ដោយ​ឱ្យ​ពស់​២ក្បាល​លូន​ចូល​តាម​ច្រមុះ ហើយ​វា​ចេញ​តាម​មាត់។ គាត់​ធ្វើ​បែប​នេះ​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឱ្យ​អ្នក​ទស្សនា​ព្រឺ​រោម​ស្ទើរ​បះសក់។
ចំណែក​ពស់​របស់​លោក ហ្វេ មួយ​គូ​នេះ​មិន​មាន​ពិស​ទេ ប៉ុន្តែ​វា​មាន​បញ្ហាមួយ​គឺ​ជាតិ​ពល់​ម្យ៉ាង​ដែល​ធ្វើ​អោយ​លោក​អ្នក​អាច​ផ្តាសាយ​បាន។
បណ្តាអ្នក​ទស្សនា​មួយ​ចំនួន​លាន់​មាត់​ថា តើ​គាត់​អាច​ដក​ដង្ហើម​បានទេ? គាត់​មាន​ការ​ឈឺ​ចាប់​ដែរឬ​ទេ?
ប្រាកដ​ណាស់​ពិត​ជា​មាន ព្រោះ​ពស់​នីមួយ​ៗ មាន​ប្រវែង៣ហ្វូតលូន​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​ ពិត​ជា​រង​នូវ​ការ​ឈឺ​ចាប់ និងពិបាកដកដង្ហើម ៕

ิអត្ថបទ៖ កោះសន្ដិភាព

នេះជាអត្ថបទដែលអ្នកកាសែតកោះសន្ដិភាពប្រែពីសារព័ត៌មានបរទេស ។ ទន្ទឹមនឹងការ​ចែករំលែមាននានាកើតមានក្នុងប្រទេស នេះជាការចែករំលែកចំណេះដឹងនៅក្រៅ​ប្រទេស ។ ខ្មែរលីងចាប់អារម្មណ៍ទៅលើពាក្យដែលជាខ្នាតរង្វាស់ដែលអ្នកបកប្រែបាន​ប្រើក្នុងអត្ថបទនេះ ។ ខ្មែរយើងពិតជាស្គាល់ភ្លាមប្រសិនបើយើងនិយាយឯកតា​រង្វាស់​តាមដែលយើងភាគច្រើនប្រើជាយូរយារមកហើយ នោះគឺអំបូររង្វាស់ប្រវែងត្រកូលម៉ែត្រ​ដែលជាឥទ្ធិពលភាសាបារាំង ឬខ្នាតតឹក ផឹង ដែលជាឥទ្ធិពលចិន ។ កាលបើគេថា ឈើនេះប្រវែងប្រាំតឹក, កន្លះម៉ែត្រ យើងនឹងដឹងដោយអភន្តរញាណថាប្រវែងណា ។ សព្វថ្ងៃលេចចេញរង្វាស់ថ្មីដែលទើបហូរចូលមក ដូចជា ហ្វូត ម៉ៃល៍ ផោន …។

ខ្ញុំដែលមិនទាន់ជ្រោតជ្រាបរង្វាស់ថ្មីនេះ ហាក់ដូចមិនមានអ្វីអស្ចារ្យឬមាន​អារម្មណ៍​អ្វីណានោះទេ កាលបើអានចប់ល្បះដែលថា ៖ “ប្រាកដ​ណាស់​ពិត​ជា​មាន ព្រោះ​ពស់​នីមួយ​ៗ មាន​ប្រវែង៣ហ្វូតលូន​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​ ពិត​ជា​រង​នូវ​ការ​ឈឺ​ចាប់ និង​ពិបាកដកដង្ហើម” ។ ប្រការនេះអាចផ្ទុយពីបំណងអ្នកបកប្រែ ព្រោះទំនងជាចង់បញ្ជាក់ថា​ប្រវែងនេះវែងណាស់ ។ ទម្ងន់នៃភាពអស្ចារ្យរបស់អត្ថបទគឺស្ថិតនៅលើ​ប្រវែងរបស់​ពស់តែម្ដង ប៉ុន្ដែអ្នកអានដូចខ្ញុំមិនដឹងថា ៣​ហ្វូត ហ្នុងប៉ុណ្ណាផង ប្រវែងណាផង ។ ហេតុ​នេះពេលអានចប់ហើយ ក៏ហីទៅ… ឬគ្រាន់តែឆ្ងល់ថា ៣ ហ្វូត ហ្នឹង។​ មាន​ឯកតាប្រវែង​មួយដែលដឹងមិនទាន់គ្រប់ជ្រុង (៥០) នោះគឺអ៊ិង ឬ អ៊ិញ​ប៉ុន្តែកំណត់ដឹងបានតែពេលគេ​ប្រើ​​ជាមួយអេក្រង់ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ ប៉ុណ្ណឹង ។ មានវីដេអូឯកសារមួយចំនួន​បានប្រើស្ទីលរង្វាស់បែបនេះដែរ ៖ ខ្លារត់លឿនណាស់ គឺដល់ទី ៣០ ម៉ៃល… ឆ្លាមនេះមានទម្ងន់ ២០ ផោន … ជាដើម ។

http://www.fpmonline.net/?powerpress_embed=11163-podcast&powerpress_player=default

សូមស្ដាប់អត្ថបទ នាទីទី 14:00​

ជាមតិផ្ទាល់ខ្លួន បំណាច់នឹងប្រែហើយ ប្រែឲ្យអស់អ…កុំបាច់ទុកខ្លះអ៊ីចឹងអី ។


អំពើល្អនិងអំពើអាក្រក់

ខែតុលា 21, 2011

ប្រជាជនលីប៊ីអបអរសាទរចំពោះមរណភាពរបស់ហ្គាដាហ្វី ។

Libyans cheered the fate …

Who killed Gadhafi?


ដងកើ, ដងកឺ, ដងការ, ដងកាល…

ខែកញ្ញា 12, 2011

លោកអ្នកដែលធ្លាប់ទៅកំសាន្តនៅមាត់ទន្លេមុខវាំងពិតជាបានស្គាល់ទីសក្ការៈមួយកន្លែងនៅទីនោះ ។ ពីមុនធ្លាប់អានរឿងតំណាលអំពីទីនេះម្ដង ។ មកពេលនេះខ្ញុំនឹកភ្នកពាក្យដែលគេហៅ​ទីនោះ ។ តាមចាំមកថា ព្រះអង្គដងកាល មិនដឹងថាគេសរសេរយ៉ាងម៉េចទេ ។ ​ពេល​ពិនិត្យ​តាមឯកសារនានា និងការចេះចាំផងមានការហៅឈ្មោះទីនោះតាមសំនៀង​ប្រហាក់​ប្រហែលគ្នាដូចខាងក្រោម៖

  1. ព្រះអង្គដងកឺ,
  2. ព្រះអង្គដង​ការ
  3. ព្រះអង្គដងកើ
  4. ព្រះអង្គដងកាល

RoyalPalaceRiver bank Phnom Penh3River Bank Phnom Penh2River bank Phnom Penh


នរវិទូ​ខ្មែរទទួលពានរង្វាន់ឆ្នើម

ខែសីហា 11, 2011

រូបថត អាស៊ីសេរី

ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំមានមោទនភាពជាពន់ពេកដែលជានិច្ចកាល ខ្មែរយើង​តែង​សាង​កេរឈ្មោះល្បីល្បាញសម្រាប់ជាតិខ្លួននៅលើឆាកអន្តរជាតិ ។ នាឆ្នាំនេះ នរវិទូខ្មែរមួយរូបបានទទួលពានរង្វាន់ឆ្នើមហ្វ៊ូគូអូកា (Fukuoka prize) ប្រទេសជប៉ុន នោះគឺបណ្ឌិត អាំង ជូលាន ដែលជាអ្នក​ស្រាវជ្រាវ និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា ។ អានត…អត្ថបទទាក់ទង…

ប្រសិនលោកអ្នកមានបំណងបង្កើនចំណេះដឹងបន្ថែមអំពីខ្មែរ សូមចុច ត្រង់នេះ ដើម្បី​ភ្ជាប់​បណ្ដាញសារពត៌មានខ្មែរ ដែលជាគេហទំព័រដឹកនាំដោយបណ្ឌិត អាំង ជូលាន ។


ក្រពត និង កំពត

ខែកក្កដា 30, 2011

Trey Kropot4Trey Kropot2aTrey Kropot1

ធ្លាប់តែនិយាយរត់មាត់មកហើយអំពីត្រីមួយប្រភេទ ដែលច្រឡំថាជាឈ្មោះរបស់​ខេត្តមួយនៃព្រះរាជាណាចក្រកម្ពូជា ។ នោះគឺត្រីក្រពត និង ខេត្ដកំពត ។ ក្រែងមាន​លោកអ្នកខ្មែរទាំងឡាយណាច្រឡំដូចខ្ញុំដែរ ពេលនេះសូមលើកយកមកជម្រះជូន ។ ប៉ុន្តែសម្រាប់លោកអ្នកដែលដឹងហើយក៏ហើយទៅ ។

តាមពិតសំណេរពាក្យត្រីមួយប្រភេទដែលអាចបំប៉ោងខ្លួនបាន ហើយមានធ្មេញពី អាចកាត់ច្រិប…បាន ពេលយើងហែលទឹកបឹងស្ទឹងទន្លេនោះ ឈ្មោះពិតរបស់វា គឺ ក្រពត មិនមែន កំពត ទេ ។ ខ្ញុំខ្លួនឯងពីមុនយល់ថា ការដែលហៅខេត្ដខាងលើថាកំពត ព្រោះខេត្តនោះសំបូរត្រីប្រភេទហ្នឹង ឬ អាចថាមកពីខេត្តនោះ មានរឿងតំណាលអ្វី​ទាក់ទង​នឹងត្រី​នោះ ។ ដល់ពេលនេះ​ ទើបដឹងថា ខុស ។ តែក៏សុំថាមិនទាន់ខុស​ទាំងស្រុងដែរ ព្រោះក្រែងលោពាក្យ កំពត និង ពាក្យ ក្រពត ជាសន្ដាននឹងគ្នា ឬមានឬសគល់ជាមួយគ្នា ។

សូមទុកភារ​កិច្ចវែកញែកជាតិសព្ទនៃពាក្យទាំងពីរនេះដល់ប្រិយមិត្ដជួយ​ផ្ដល់​យោបល់​បន្ថែមសិនទៅចុះ ។ វត្ថុបំណងនៅទីនេះ គឺ ត្រីក្រពត មិនមែន ត្រីកំពត ទេ ។ បើថា ត្រីកំពត គឺត្រីដែលយកពី​ខេត្ដកំពត ឬត្រីរបស់ខេត្ដកំពត… ។ ក្នុងនោះមានផលិត​ផល​ទឹកត្រីមួយឈ្មោះ ទឹកត្រីកំពត ប្រហែលមិនមែនជាទឹកត្រីធ្វើពីត្រីក្រពតទេមើលទៅ ។

អរគុណមួយចំណែកដល់៖ កោះសន្ដិភាព


ក្បាច់គុនល្បុក្កតោ និង គុនដំបង

ខែកក្កដា 22, 2011

យើង​គ្រប់​គ្នា​​ធ្លាប់​តែ​បាន​ឮ​និង​ឃើញ​បុរស​ ឬ​ក៏​តាៗ​ទេ ដែល​ចេះ​ក្បាច់​គុន​ល្បុក្កតោ ឬគុន​ដំបង​ជាដើម ​​ប៉ុន្តែ​​​ប្រហែល​​ជា​ភ្លេច​គិតថា ស្ត្រី​ក៏​មាន​​ដែរ ជាក់​ស្តែង​​​លោក​​យាយ​ម្នាក់​​បាន​បង្ហាញ​​ខ្លួន​ថា​ គាត់​នៅ​ចេះ​ចាំ​ក្បាច់​គុន​រប​ស់​​បុព្វ​​បុរស​​យើង​មិន​ចាញ់​​បុរស​ឡើយ ។ លោកយាយ​​រូប​នេះ​ឈ្មោះ​សៅ វ៉ុន បច្ចុ​ប្បន្ន​អាយុ​៧០​ឆ្នាំ មានទីលំនៅភូមិ​ខ្វិត ឃុំ​ពង្រ ស្រុករលាប្អៀរ។ អានបន្ត…

ប្រភព៖ កោះសន្តិភាព (២១ កក្កដា ២០១១)

រឿងទាក់ទង៖

  1. ក្បាច់គុនបូរាណខ្មែរ…

ក្រសួង​អប់រំ​មិន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង…

ខែកក្កដា 14, 2011

គ្រប់ពេលដែលបានដឹងថាមានជនរួមជាតិយើងណាម្នាក់បានសាងអ្វីមួយដែលលេចធ្លោរក្នុង​ឆាកអន្តរជាតិ នោះហើយជាមោទនភាពសម្រាប់ខ្មែរទាំងមូល ។ ផ្ទុយទៅវិញមនុស្ស​មួយ​ក្តាប់តូចមិនមានទស្សនៈគតិបែបនេះទេ ។ ខាងក្រោមនេះជារឿងដែលនឹក​ស្មានមិន​ដល់​ថា បុគ្គលក្រុមនោះហ៊ានធ្វើបែបនេះ៖

…បន្ទាប់​ពី​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ហូឡង់ ក្រសួង​អប់រំ​ត្រូវ​បាន​រក​ឃើញ​ថា ​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រកួត​នៅ​បរទេស​ចំនួន​១១​នាក់​ហើយ​ដែល​ក្នុង​នោះ​រួមមាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​និង​រូបវិទ្យា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្រៀន​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ។…សូមអានបន្ត…

សូមចុចត្រង់នេះដើម្បីស្តាប់…

ក្នុងនាមជាខ្មែរ តើលោកអ្នកគិតយ៉ាងណាចំពោះទង្វើរបស់បុគ្គល(ក្រសួងអប់រំ)ខាងលើ ?

ฺព័ត៌មានទាក់ទង៖ សិស្ស​ពូកែ​គណិតវិទ្យា​សោក​ស្ដាយ​…


ក្រមសីលធម៌តាមរយៈ ស្លាប់ die ตาย chết

ខែកក្កដា 6, 2011

អំពើឃាតកម្មនៅលើទំព័រកាសែតខ្មែរ មើលទៅគួរឲ្យខ្លាច ព្រោះអ្នកសរសេរ​ព័ត៌មាន​ខ្មែរព្យាយាមភ្ជាប់រូបភាពនៃអំពើឃាតកម្មទាំងនោះឬរូបថតទាក់ទង​នឹងការស្លាប់​ទៅនឹងអត្ថបទរបស់ខ្លួនយ៉ាងចំហរ ។ នេះជាអំពើអយុត្តិធម៌​និងអមនុស្សធម៌មួយចំពោះ​ជនរងគ្រោះ ព្រោះ​ត្រូវគេថតយកមក​ផ្សាយ​យ៉ាងសប្បាយលើទំព័រកាសែតរបស់គេ ដោយមិនគិតដល់កិត្តិយសនៃមនុស្សជាតិ ។ មិនដឹងថាច្បាប់​សារព័ត៌មាន​ខ្មែរ​មាននិយាយដល់រឿងនេះដែរឬទេ? សារព័ត៌មានស្រុកគេ គេមានការ​ប្រយ័ត្ន​​ប្រយែងណាស់លើក្រមសីលធម៌មួយនេះ ។ អំពើមនុស្សឃាត (ការសម្លាប់​មនុស្ស) នៅស្រុកណាក៏មាន ប៉ុន្តែនៅតាមបណ្តាសារព័ត៌មានស្រុកគេ គេមិនធ្វើដូច​ស្រុក​​​យើងទេ គេផ្ដល់កិត្តិយសដល់បុគ្គលដែលស្លាប់ទៅណាស់ ទោះជាសាកសពចោរ ឬសាកសពអ្នកល្មើសច្បាប់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនដាក់បង្ហាញយ៉ាងចំហរ​នៅលើទំព័រព័ត៌មានដែរ ។ ប្រសិនបើមានចុះផ្សាយអំពីសាកសព លុះត្រាចាំបាច់​ណាស់ទើបគេធ្វើ តែបើធ្វើហើយ​គេ​បិទមិនឲ្យឃើញមុខច្បាស់ដែរ ឬបាំងភ្នែក ។

ប្រសិនបើយើងស្វែងរករូបភាពទាក់ទងនឹងពាក្យ៖ ស្លាប់ die ตาย chết នៅក្នុង​ហ្គូហ្គល លទ្ធផលដែល​ចេញមកគឺ ពាក្យស្លាប់ បានបង្ហាញរូបសាកសពយ៉ាង​ច្រើន ពីពាក្យ die chết និង ตาย ដែលស្ទើរគ្មានតែម្តង ។ នេះមិនមែនមានន័យថា នៅប្រទេស​ក្រៅពីយើង​មិនមាន​អំពើឃាតកម្ម ឬគ្មានអ្នកស្លាប់នោះទេ ប៉ុន្តែ​អ្នក​សារព័ត៌មាន​​គេគោរពវិជ្ជាជីវៈ​របស់​គេ ។ ការដាក់រូបឃាតកម្មឬអំពើហឹង្សានានា​នៅក្នុងទំព័រកាសែត ទស្សនាវដ្ដី​នានាជះឥទ្ធិពល​ខ្លាំងដល់សង្គម ពិសេសដល់កុមារៗ ។ សព្វថ្ងៃនេះមានការផ្ដោត​អារម្មណ៍​អំពីការចាត់វិធាន​ការលើ​អំពើ​ហឹង្សាដែលបញ្ចាំង​តាមទូរទស្សន៍ ភាពយន្ត ឬវិដេអូ ចំណែកការហាមប្រាមឬកម្រិតព្រំដែននៃការផ្សាយរូបឃាតកម្មឬអ្វី​ដែលទាក់​ទងនឹងខ្លឹមសារដូចបានលើកឡើងខាងលើនៅតាមទំព័រកាសែត ទស្សនាវដ្ដីនានា​ហាក់ដូចជាមិនទាន់មាននៅឡើយទេ ។

សូមចុចលើពាក្យ ស្លាប់  chết  die   ตาย ដើម្បីមើលរូបភាពទាក់ទងនឹងការស្លាប់ ។


រតនៈភ័ណ្ឌ និង រតនភណ្ឌ

ខែកក្កដា 1, 2011

ពាក្យសមាសក្នុងភាសាខ្មែរអាចកើតពីបន្សំរវាងពាក្យខ្មែរនិងខ្មែរ, បាលីនិងបាលី, បាលីនិងសំស្ក្រឹត…។ នៅទីនេះសូមផ្ដោតអារម្មណ៍លើពាក្យសមាសដែលកើតពី​បន្សំ​ពាក្យកម្ចី បាលី-សំស្ក្រឹត និងនិយាយឲ្យចង្អៀតទៅទៀត គឺរឿងយុគលពិន្ទុក្នុង​ពាក្យ​សមាស ។​ នៅក្នុងពាក្យសមាសប្រភេទនេះ​ប្រសិនបើពាក្យដើម​ឬ​ពាក្យ​កណ្តាល​មាន​សញ្ញា យុគលពិន្ទ (សញ្ញាចុចពី ៈ) សញ្ញានៅលើពាក្យទាំង​នោះបុរាណលោកឲ្យ​លុប​​ចេញ ។ សូមមិនបូរបាច់ច្រើនអំពីរឿងនេះថាម៉េចនោះទេ តែសូមលើកជាឧទាហរណ៍​មក​ចែកគ្នាសង្កេតដូចខាងក្រោម ៖

  1. គណៈ + បក្ស > គណបក្ស    គណៈបក្ស
  2. គណៈ + កម្មាធិការ > គណកម្មាធិការ    គណៈកម្មាធិការ
  3. រតនៈ + សម្បត្តិ > រតនសម្បត្តិ    រតនៈសម្បត្តិ
  4. រតនៈ + គិរី > រតនគិរី    រតនៈគិរី
  5. រតនៈ + វត្ថុ > រតនវត្ថុ    រតនៈវត្ថុ
  6. សារៈ + ប្រយោជន៍ > សារប្រយោជន៍    សារៈប្រយោជន៍
  7. ភាវៈ + គតិ > ភាវគតិ    ភាវៈគតិ

20 Phnom Penh jewel

ថ្មី ៗ នេះ សាលារាជធានីភ្នំពេញប្រកាសអំពីទីកន្លែងសំខាន់ចំនួន ២០ កន្លែង​របស់​រាជធានីនៅលើទំព័រវេបសាយរបស់ខ្លួន ។ ទីកន្លែងទាំងនេះត្រូវបានគេហៅថា រតនៈភ័ណ្ឌ ។ ប្រសិនបើយើងបំបែកពាក្យមួយដុំនេះ យើងបានពាក្យផ្សេងគ្នាពីរម៉ាត់ គឺ រតនៈ និង ភណ្ឌ ។ ពាក្យទាំងពីរនេះសុទ្ធសឹងជាពាក្យកម្ចីពីឥណ្ឌា ។ តាមកម្រងពាក្យ​ខាងលើ និងតាមវចនានុក្រមភាសាខ្មែរដែលពាក្យ ភណ្ឌ មិន មានសំយោគសញ្ញាទេ នោះ ហេតុនេះ រតនៈភ័ណ្ឌ ត្រូវសរសេរ រតនភណ្ឌ ទើបដូចគេដូចឯង ។

ខ្ញុំបានផ្ញើសារដំណឹងអំពីរឿងនេះទៅ http://www.phnompenh.gov.kh​​ ដើម្បីធ្វើការ​ពិចារណា​ហើយ និងកំពុងចាំមើលចម្លើយ ។

រឿងទាក់ទង៖

រយះ និង រយៈ


តាមដាន

Get every new post delivered to your Inbox.