រឿងព្រេងខ្មែរលើ

ខែ​មីនា 24, 2012

ខ្ញុំធ្លាប់បានអានរឿងព្រេងនានា ពិសេសរឿងព្រេងខ្មែរដែលប្រមូលចងក្រងដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ មានជួនកាលក្រោយពេលបានជួបប្រទះរឿងខ្លះ ៗ ពី ស្រុកក្រៅ ខ្ញុំចេះតែគិតថារឿងទាំងនេះជារឿងខ្មែរយើងឬយើងបានមកពីបរទេស ?

Khmer Leu Folktale Cover1aKhmer Leu Folktale Cover2a

អ្នកគ្រូកែវ ណារុំ ចាត់ទុកថាជាអ្នកនិពន្ធខ្មែរម្នាក់ដែលបានសាងស្នាដៃ​ជាច្រើនដែលមាន​ប្រយោជន៍ដល់ការទ្រទ្រង់សិល្បៈវប្បធម៌ខ្មែរ ។ នាពេលថ្មីៗ អ្នកគ្រូបាន​ប្រមូល​ចងក្រង​និងបោះពុម្ពសៀវភៅមួយក្បាលទៀតមានចំណងជើងថា រឿងព្រេងខ្មែរលើ ។ នៅ​ក្នុង​សៀវភៅដែលមានកម្រាស់ជិត ២៥០ ទំព័រ​នោះ ​មានរឿងចំនួន ៤២ រឿង ។ សៀវភៅ​នេះ​បាននាំយើងឲ្យចេះរឿងព្រេងថ្មីៗជាច្រើនទៀត ។ គួរកត់សម្គាល់ថារឿងងខ្លះ​​ជារឿង​ដែលមាននៅក្នុងប្រជុំរឿងព្រេង​របស់​ពុទ្ធ​សាសន​បណ្ឌិត្យរួចហើយ ។ ទោះបី​ទាំងខ្លឹមសារទាំងចំណងជើងរបស់​រឿងមួយ​ចំនួន​មាន​លក្ខណៈស្រដៀងគ្នាទៅ​នឹង​​រឿង​ដែលធ្លាប់មានការបោះពុម្ពកន្លងមកហើយក្ដី ក៏ស្នាដៃថ្មី​នេះ​​អាចជាការបំពេញបន្ថែម​ចំពោះ​​ចម្ងល់ដែលខ្ញុំ(ក៏ដូចខ្មែរមួយចំនួន)មានតាំងពីដើម​មក​អំពីប្រភពរឿងព្រេងខ្មែរ៖ តើរឿងជារបស់យើងឬយើងចម្លងពីខាងក្រៅ ។ ប្រវ​ត្ដិ​សាស្រ្ដ​​បានបង្ហាញថា ជនជាតិខ្មែរ​លើដែលអ្នកខ្លះហៅថាជាព្នងនោះជាខ្មែរដើម ។ ខ្មែរ​ដើមមិនមែនមាន​តែព្នងតែមួយ​នោះ​ទេ គឺមានក្រុមផ្សេងៗជាច្រើនទៀតដូចជាចារ៉ាយ កួយ, ទំពួន, សំរ៉ែ, ស្អូច, សួយ ជា​ដើម ។ គេច្រើនហៅបងប្អូនខ្មែរទាំងនោះដោយរួមថា ខ្មែរលើ ។ អ្នកទាំងនោះ​មាន​ការ​​ទទួលចំហាយវប្បធម៌ពីខាងក្រៅ ពោលគឺបរទេសតិចតួច​ជាង​ខ្មែរ​ទូទៅ ។ ហេតុនេះ​បង​ប្អូននៅរក្សាបានច្រើននូវអ្វីដែលជាលក្ខណៈខ្មែរ(បូរាណ) ទាំង​ភាសា​ទាំងជំនឿ​ប្រពៃ​ណី និងរបៀបរបបរស់នៅ ។ ផ្អែក​លើចំណុចនេះ​ រឿងព្រេង​ដែល​បានមក​ពីការនិទាន​ដោយ​ផ្ទាល់​ពីបងប្អូនខ្មែរ​ទាំងនោះពិសេសពីលោកតាលោក យាយអាចចាត់​ទុកថារឿង​មួយ​ផ្នែកធំជារបស់ខ្មែរ ។

មានការប្រទាញប្រទង់គ្នាលើកម្មសិទ្ធិរឿងព្រេងរវាងប្រទេសដែលមានព្រំដែនជិតខាងគ្នា ។ ខ្ញុំនៅប្រកាន់ជំហរចង្អៀតចង្អល់អំពីរឿងនេះ ប៉ុន្ដែក៏មិនចង្អៀតជ្រុលទាំងងងឹតងងុល ចេះតែថា​នេះជារបស់ខ្មែរទាំងអស់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។ ខ្មែរ ថៃ ឡាវ មានរឿងដែលមានខ្លឹមសារស្រដៀងគ្នានឹងរឿងព្រេង ព្រះថោងនាងនាគខ្មែរ ។ ម្នាក់ៗ សុទ្ធតែអះអាងថាជារបស់ខ្លួន ។ និយាយដល់រឿងនេះ បែកដល់រឿង ឥណ្ឌាសាង ប្រាសាទអង្គរវត្ដថ្មី ។ ត្រង់ចំណុចនេះខ្ញុំមិនសាទរទៅនឹងទស្សនៈដែលថា គេ(ឥណ្ឌា)ធ្វើនេះគឺគេជួយផ្សព្វផ្សាយអរិយធម៌ខ្មែរទេ ។

(គ្រាដែលកំពុងរៀបចំចុះផ្សាយអត្ថបទនេះ អ៊ិនធើណេតមិនស្រួលខ្លួន (not easy body) ហេតុនេះ​មាន​កំហុសឆ្គងដោយអន្លើដែលចូលទៅកែមិនបាន ។ ចឹងសូមទុកចាំពេល​អ៊ិនធើណេតស្រួលខ្លួន (easy body) ឡើងវិញនិងមកចាត់ការបន្ដ ។ ឬក៏ទុកឲ្យនៅស្រកេកស្រកាករហូតចឹងទៅក៏មិនដឹង ។ សូមអធ្យាស្រ័យផង!! )


ឥណ្ឌាចម្លងអង្គរវត្ដ

ខែ​មីនា 11, 2012

ខ្លឹមសារខ្លះក្នុងសំណេរនេះមិនមែនធ្វើឡើងដើម្បី​បំបែកបំបាក់​ចំណងមិត្ដភាព​នៃប្រទេស​ទាំងពីរឬជាការញុះញុងអ្វីមួយក៏ទេដែរ ។ នេះគ្រាន់តែជាការឆ្លុះបញ្ចាំងអំពី​អារម្មណ៍​ប្រកបដោយការហូងហែងចំពោះមរតកដូនតា។ (សូមមេត្ដាអានដោយការថ្លឹងថ្លែង)

តាមប្រភពវិទ្យុអាស៊ីសេរីថា ឥណ្ឌាមានគម្រោងសាងសង់ប្រាសាទមួយដែលដូចគ្នា បេះបិទនឹងប្រាសាទអង្គរវត្ដ ប៉ុន្ដែមានទំហំធំជាងនិងខ្ពស់ជាងអង្គរវត្ដទៅទៀត ។

“It will be the world’s largest Hindu temple… bigger in size, shape and height than the Angkor Wat of Cambodia,” the trust’s secretary, Acharya Kishore Kunal, told the BBC.

ស្ងាត់ ៗ ឥណ្ឌាក៏ចេះលេងក្បាច់នេះដែរ ។ អ៊ីចឹងការដែលគេជួយយើងក្នុងការជួសជុល ប្រាសាទអង្គរវត្ដនាកាលកន្លងទៅ ជាវត្ថុបំណងមកក្រេបយកគំរូប្លង់លម្អិតអង្គរវត្ដទៅ វិញទេ មិនមែនមកជួសជុលដើម្បីអភិរក្សដោយស្មោះស្មគ្រនោះទេ ។ ការបំពេញការ ងារក្រុមការងារឥណ្ឌានាពេលនោះមិនបានបំពេញតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ព្រោះបានប្រើឧបករណ៍និងជាតិគីមីដែលបំផ្លាញដល់ថ្មប្រាសាទ ។ ខ្ញុំមិនដឹងថាក្រុមនេះ និងក្រុមកសាងប្រសាទតាមគំរូប្រាសាទអង្គរវត្ដនោះជាក្រុមតែមួយឬយ៉ាងណាទេ ប៉ុន្ដែ គេជាឥណ្ឌាដូចគ្នា ។

ទោះណាជាខ្មែរបានទទួលឥទ្ធិពលពីប្រទេសនេះនាបូរាណកាលក៏ពិតមែន ប៉ុន្ដែសំណង់ សាសនានានាដែលខ្មែរបានសាងសង់ឡើងដោយគំនិតច្នៃប្រឌិត ។ ជួនកាលយើង ពិបាកជឿថា យើងបានទទួលឥទ្ធិពលពីប្រទេសនេះខាងស្ថាបត្យកម្ម ព្រោះយើងមាន សំណង់ប្រាសាទរាប់ពាន់ពាសពេញប្រទេសទាំងនៅកម្ពុជាបច្ចុប្បន្ន និងនៅលើទឹក ដីប្រទេស ជិតខាងដែលជាទឹកដីអតីតរបស់មហានគរខ្មែរ ។ ចំណែកប្រទេសដែល គេយលថាជាប្រភពបែរជាគ្មានអ្វីសេសសល់ដូចសំណង់ប្រាសាទខ្មែរទៅវិញ ។

ពេលនេះគេឃ្លានពីយើងរហូតទ្រាំលែងបាន ទើបបោះបោចលុយកាក់ទៅចម្លងអង្គរ យើង ទៅធ្វើនៅលើទឹកដីខ្លួន ។ នេះជាទង្វើថោកទាបដែលប្រទេសធ្លាប់មាន អរិយធម៌ រុងរឿងមួយនេះធ្វើឡើង ។ ម៉េចមិនសាងសង់សំណងប្រាសាទតាមគំរូដែលខ្លួនមាន ឬសាងអ្វីដែលមិនប៉ះពាល់ផលដល់ប្រទេសក្បែរខាង ?

ករណីណាក៏ដោយឥណ្ឌាមិនគួរណាមកស្រេកឃ្លានអ្វីដែលជាស្នាដៃបុព្វបុរសខ្មែរ ។ ប្រទេសមេមិនចូលបក្ខសម្ព័ន្ធមួយនេះត្រូវពិចារណាឡើងវិញ ។ ឬគេគិតថាប្រទេស​ដែលមិន​ចូលបក្ខសម្ព័ន្ធ​អាចធ្វើអ្វីបានតាមចិត្ដ ព្រោះខ្លួនមិនចំណងអ្វីសន្ធិសញ្ញា​អ្វីជាមួយ​ប្រទេសនានាលើលោកនេះ ?

អំណឹះតទៅ បើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការតាមផ្លូវច្បាប់ គម្រោងរបស់គេ​នឹង​លុះ​តាមវត្ថុបំណង ពេលនោះអង្គរខ្មែរលែងជាស្នាដៃឯកគ្មានពីរទៀតតទៅទៀតហើយ ។

ព័ត៌មានពាក់ព័ន្ធ


ប្ដឹង

ខែ​កុម្ភៈ 21, 2012

វិលចុះវិលឡើង ខ្ញុំកើតឆ្ងល់ពាក្យថា ប្ដឹង ។ តាមវិធីកម្លាយពាក្យ ប្ដឹង មកពីពាក្យ ដឹង ថែមដោយបុព្វបទ [p] ដែលបុព្វបទនេះមានន័យថា ធ្វើឲ្យ ឬ បណ្ដាលឲ្យ ។

ឧទាហរណ៍ ៖ ដេញ – បណ្ដេញ ចូល – បញ្ចូល ។

រឿងលម្អិតអំពីមូលបទ សូមអានសៀវភៅវេយ្យាករណ៍ខ្មែរ បន្ថែមតាមការគួរ ។

ឥឡូវនេះត្រឡប់មកមើលពាក្យ ប្ដឹង វិញ ។ យើងមានល្បះថា ៖

អ្នកភូមិបុរីកីឡាប្ដឹងមន្ត្រីខណ្ឌ ៧ មករា ។ (អាស៊ីសេរី)

ក្នុងល្បះខាងលើមាន អ្នកភូមិ និង មន្ដ្រីខណ្ឌ ។ ពិចារណាមួយភ្លែត ល្បះនេះហាក់ដូចជា​មានន័យពីរ ៖

  1. អ្នកភូមិ នាំពាក្យបណ្ដឹងទៅជូនមន្ដ្រីខណ្ឌ ដើម្បីឲ្យមន្រ្ដីខណ្ឌជួយដោះ​ស្រាយអ្វីមួយ​ដែលគេមិនពេញចិត្ដជាមួយនឹងភាគីណាមួយទៀត ។
  2. អ្នកភូមិ និង មន្ត្រីខណ្ឌ ជាគូបដិបក្ខនឹងគ្នា ពោលគឺ អ្នកភូមិជាដើមចោទ ចំណែក មន្រ្ដីខណ្ឌ ជាចុងចោទេ ។

លោកអ្នកប្រាកដជាធ្លាប់ឮគេនិយាយថា គាត់ទៅប្ដឹងតុលាការ ។ អ្នកប្រើភាសាខ្មែរ​ភាគច្រើននឹងយល់ស្របថា រវាង គាត់ និង តុលា មិនមែនចុងចោទនិងដើមចោទទេ ។ គឺគាត់នាំពាក្យបណ្ដឹងឡើងទៅតុលាការដើម្បីវិនិច្ឆ័យរឿងក្ដីក្ដាំអ្វីមួយ ។

តើភាសាខ្មែរយើងមានពាក្យអ្វីដែលប្រើទៅហើយ ធ្វើឲ្យអ្នកស្ដាប់យល់ច្បាស់ថា នេះជាចុងចោទ នេះជាដើមចោទ នេះជាអ្នកកាត់សេចក្ដី ដែរឬទេដោយមិនបាច់​មើល​បរិបទ ?

ល្បះផ្សេង ៗ ទៀតដែលទាក់ទង៖

  1. ម៉ឹក ដារ៉ា ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ។ (អាស៊ីសេរី)
  2. ប្រពន្ធប្ដឹងប៉ូលីសដោយសារប្ដីមិនព្រមយកក្រពើចេញក្រៅផ្ទះ ។ (ភ្នំពេញប៉ុស្ដិ៍)
  3. ប្រពន្ធ​ខឹង​ប្ដី​ប្ដឹង​ប៉ូលិស​ថា​មាន​លាក់​អាវុធ​ក្នុង​ផ្ទះ ។ (KSMC)

ដំណើបនិងខ្សាយ

ខែ​កុម្ភៈ 17, 2012

…ម៉ាគីត ខូភើរ៉េស្យិន ពួកអាធីអិនធី​ ត្រេនណេស្យិនណលខូភើស្យិន វាចង់មកវិនិយោគ នៅប្រទេស​ណាមួយ គេត្រូវការមនុស្សឬមួយកម្មករជំនាញនៅក្នុងប្រទេសហ្នឹងមាន​កម្រិតស្ដង់ដារ៍មួយខ្ពស់​ដើម្បីវាចៀសវាងការចំណាយមួយច្រើនទៅលើ ត្រេនីងស្ប៉េ ស្យលឡាយហ្សេស្យិនជារឿងសំខាន់បំផុត ។…

ចុះបើប្រើភាសាសម្រាយខ្មែរសុទ្ធៗផងទៅមិនបានទេឬអី ? សូម្បីតែពាក្យដែលយើង មានទៅ​ហើយនោះ ក៏​គាត់​វាត់ជំនួសពាក្យគេដែរ ។​ មីងមា​យាយតាស្រុកស្រាចំកែ​មួយ ចំនួន​ប្រក​ដ​ជាស្ដាប់មិនយល់ដែរហើយ ។ ប្រការ​ដែលសំខាន់នៃការញាត់បញ្ចូល​ពាក្យ​បរទេស​គួរ​ធ្វើ​ឡើងក្នុងករណីយើងគ្មានពាក្យដែលត្រូវនឹងគេ ហើយយើងមិនដឹងថា​សង​ទៅ​គេ​វិញ​ថាម៉េច អ៊ីចឹងបញ្ចូលពាក្យបរទេសនោះទៅ ។ ប៉ុន្ដក្នុងសម្រង់ខាង លើស្ដាប់ ទៅមាន​ពាក្យ​មួយ​ចំនួនធំដែលខ្មែរយើងមានរួចទៅហើយ ។ ចាំបាច់អីទៅស៊កពាក្យ បរទេស​មកបន្ថែម​នាំខ្វល់​ធ្វើ​អីទៀត ។ ប្រហែលជាអ្នកយកព័ត៌មានអាស៊ីសេរី ស្ដាប់មិនដឹងដែរ​ទើបមិនមាន​សម្រង់សម្ដីដើមជាអក្សរមកបង្ហាញ ។

ដោយពេលវេលាមិនសូវសម្បូរ នៅក្នុងសម្រង់សូរខាងលើខ្ញុំមិនបានពិនិត្យឲ្យល្អិត​ល្អន់​ប៉ុន្មានទេ គឺ គ្រាន់តែយកមកដាក់ចែកជូនជួយគ្នាពិចារណាប៉ុណ្ណោះ ។ មានវគ្គផ្សេង​ដែល​ខ្ញុំសុំមិនស្រង់មកចែកជូន ។

បើលោកអ្នកចង់ជ្រាបបន្ថែមអំពីសម្រង់ងខាងលើនិងផ្នែកបន្ថែមទៀត សូមតាមដាន​នៅក្នុង ៖ ស្ថានភាពនៃការវិនិយោគ… នាទីទី2:25 និងនាទីទី3:23 ។


ដីតូចតម្រូវការច្រើន

ខែ​កុម្ភៈ 14, 2012

អំណឹះតទៅកំណើនរាស្ដ្រនឹងចេះតែកើនឡើង ។ កន្លែងខ្លះដែលពីមុនជាទីវាល បឹង ថ្លុក​ត្រពាំង កាលជាង ១០ ឆ្នាំមុន ឥឡូវ​បាន​ប្រែក្លាយជាលំនៅដ្ឋាន ជាសំណង់អាគារផ្សេង ៗ ។ សាលារៀនខ្លះមានអាគារសិក្សាតែពីរបី ឥឡូវត្រូវបានសាងសង់បន្ថែម​ជាបន្ដបន្ទាប់ ដើម្បីបំពេញតម្រូវការកំណើនសិស្សានុសិស្ស ។ ការសាងសង់បន្ថែមនូវអាគារ​សិក្សា​នេះ​នឹងត្រូវមានឡើងជាបន្ដបន្ទាប់ជៀសមិនរួច ។ មានសាលាខ្លះនៅសល់ដីទូលាយ ប៉ុន្ដែ​មិន​ប្រាកដដីនោះនឹងនៅទំនេររហូតទេ ព្រោះតម្រូវការខាងសិក្សាអប់រំដូច​បានលើក​ឡើង​ខាងលើ ។

ព័ត៌មានពីរបីថ្ងៃនេះរបស់វុទ្យុអាស៊ីសេរីអំពីរឿងដីក្នុងវិទ្យាល័យបឹងត្របែក បានធ្វើខ្ញុំ​នឹក​ឆ្ងល់​នឹងទង្វើច្រៀកដីសាលានេះ ។ ឆ្ងល់ថាពេលនេះសាលាចេះតែចែក???ឲ្យគេស៊ីចឹង ចុះថ្ងៃណាមួយសាលាត្រូវការដីសាងសង់ដែរ ឬត្រូវការដីសម្រាប់បំពេញតម្រូវសិក្សា​រប់សសិស្សានុសិស្ស តើសាលានឹងបានដីពីណាមកប្រើប្រាស់ ឬត្រូវដូរសាលាទៅកន្លែង​ផ្សេង ។

អានប្រភពទាំងស្រុង ៖

គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ នាំ​គ្នា​លើក​បដា​ប្រឆាំង​នឹង​ការ​បង្រួញ​ទី​ធ្លា​សាលា​យក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។…

រូបថត៖ RFA

តែមិនស្រួលគ្រូ ៗ ដែលងើបប្រឆាំងហ្នឹងត្រូវគេចោទថាមិនស្រឡាញ់អង្គការ ជា​ជនរាំងស្ទះចលនាអង្គការទៀត ក៏មិនដឹង!!!


អក្សរខ្មែរលើស្មាតារាហូលីវូដ

ខែ​កុម្ភៈ 6, 2012

ឯកសារនានាទាក់ទងនឹងការសាក់បង្ហាញថា  ការសាក់មានអាយុកាល​ជាង​ប្រាំពាន់​ឆ្នាំ​មកហើយ ។ ការសាក់ក្រៅពីជំនឿដែលថានឹងជួយការពារខ្លួនឬជួយ​ផ្ដល់ឋាមពលតាម​បែប​​អរូបិយ ត្រូវ​បាន​មនុស្សមួយចំនួននាសម័យនេះចាត់ទុកថាជាសិល្បៈមួយប្រភេទ​ក្នុង​ការតុបតែងរាងកាយ ។​ នៅសម័យបូរាណ ការចាក់សាក់ត្រូវគេជឿថាជាការ​បញ្ចុះ​មន្ដ​អាគមដើម្បីការពារខ្លួន បញ្ចៀសឧបទ្រពចង្រៃឲ្យចៀសចេញឆ្ងាយ ។ ​គ្រឿងសញ្ញា​ដែលគេយកមកសាក់​​មាន​ជាអាទិ៍ រូបសត្វ សញ្ញាផ្សេងៗ និង អក្សរ ឬលេខ ។ អក្សរ​ខ្មែរ​ត្រូវបានគេចាត់ទុក​ថាជា​អក្សរសក្ដិសិទ្ធិមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ។ ហេតុ​នេះទាំងការចាក់សាក់​ឬ​សរសេរ​​យ័ន្តជាដើម គេនិយមយកអក្សរនេះមកប្រើ ។ មាន​អ្នកចាក់និងអ្នកឲ្យ​គេចាក់​មួយចំនួនចេះតែសាក់ដោយមិនដឹងថាអក្សរដែល​សាក់នោះ​មានខ្លឹមសារនិងអានថាម៉េច ថាម៉េចផងក៏មាន ។ ទោះជាយ៉ាងណាក្ដី គេជឿថា​ ខ្លឹម​សារ​នៃអក្សរដែលសាក់​នោះនឹង​ឃុំគ្រងរក្សា នាំសិរីសួស្ដី ធ្វើឲ្យគេផុតពីភ័យន្តរាយនានា ជាដើម ។

ខាងក្រោមនេះជារូបថតតារាភាពយន្ដអាមេរិកាំង ដែលនៅលើស្លាបប្រចៀវ​របស់នាង​មានសាក់ជាអក្សរខ្មែរ ។ ខ្លឺមសារនៃសាក់នោះមានយ៉ាងណា សូមលោកអ្នក​ព្យាយាម​អានដោយខ្លួនឯងចុះ ។

Khmer Letters on Angelina Jolie

អត្ថបទដែលទាក់ទង៖

  1. ខ្មែរគ្មានអក្សរឬ?
  2. Angelina Jolie

ផ្ទុះទូរស័ព្ទដៃ iPhone

ខែធ្នូ 25, 2011

លោកអ្នកពិតជាធ្លាប់ទទួលដំណឹងញឹកញាប់អំពីឧបទ្ធវហេតុកើតចេញពីទូរស័ព្ធដៃ ។ អ្នកប្រើប្រាស់មួយចំនួនយល់ថាទូរស័ព្ទដែល​បង្ករ​បញ្ហានោះច្រើនជា​ផលិតផល​ក្លែង​ក្លាយ ឬអ្នកខ្លះថាអាចកើតពីបញ្ហាបច្ចេកទេសក្នុងការផលិត… ។ កាលពីថ្ងៃទី ២៦  វិច្ឆិកា ២០១១ កន្លងទៅនេះ Rex Flight បានចុះផ្សាយអំពីការផ្ទុះទូរស័ព្ទដៃ iPhone នៅ​លើ​យន្ដ​ហោះរបស់ក្រុមហ៊ុនខ្លួន ។ ក្នុងឧបទ្ទវហេតុនេះមិនមាននរណា​ទទូលរងគ្រោះទេ ក្រៅពីការបង្ករ​ឲ្យមាន​ភាពជ្រួលច្របល់នៅលើយន្ដហោះ ។

ប្រភព៖

  1. iPhone Spontaneously…
  2. iPhone 4 mid-air explosion

ទ្វារនរក

ខែធ្នូ 17, 2011

បាតុភូតធម្មជាតិតែងកើតមានជារឿយៗទាំងនៅនឹងពិភពផែនដីនិងក្នុងលំហមេឃ ។ នៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) មានរណ្ដៅមួយដែលអ្នកស្រុកហៅឈ្មោះ មានន័យជាភាសាខ្មែរថា ទ្វារនរក ។ នៅទីនោះមានភ្លើងឆេះសន្ធោសន្ធៅពីក្នុង រណ្ដៅ អស់កាលជាង ៣០ ឆ្នាំមកហើយ ។ អ្នកខ្លះថាចំហេះនេះជាចំហេះឧស្ម័នដែលប្រកប ដោយសារធាតុពុល ។

Darvaz3 صور : بلباس الإحرام ويهرب مخدرات + الباب إلى الجحيم + مطعم على شكل مستشفى + مراحل النوم الخمس


ខ្មែរគ្មានអក្សរឬ?

ខែធ្នូ 2, 2011

Kamchay Dam2

តើទិដ្ឋភាពក្នុងរូបនេះនៅប្រទេសណា ?

បន្ដិចទៀតស្រុកខ្មែរនឹងមានភ្លើងខ្លួនឯង ។ ទំនប់វារីអគ្គសនីនេះនឹងផ្ដល់ផលអវិជ្ជមាន និងវិជ្ជមានដល់ការរស់នៅរបស់ប្រជាជន ។ ផលទាំងពីរនេះពិតជាកើតព្រមគ្នា ចៀស មិនផុត គ្រាន់តែថា តើមួយណាមានទម្ងន់ធ្ងន់ជាងមួយណាប៉ុណ្ណោះ ។

នៅទីនេះសូមមិនវែកញែកក្នុងរឿងនេះ ដោយសូមលើកយករឿងមួយដែលខ្មែរយើង​មួយ​ចំនួនទំនងជាមើលរំលងឬក៏គិតថាជារឿងតូចតាច ។

ជាភ័ព្ទសំណាងដែលភាសាយើងមានអក្សរប្រើប្រាស់ដូចភាសានៃជាតិនានាក្នុងលោក ។ យើងមានអក្សរប្រើជិតពីរសហសវត្ស​មកហើយ បើផ្អែកតាមសិលាចារឹកខ្មែរដំបូង ។ វិលទៅមើលរូបខាងលើវិញ ខ្ញុំសូមឆ្លើយនឹងសំណួរខាងលើថា ទីនោះជាទឹកដីខ្មែរ គឺជា​ទំនប់វារអគ្គសនីភ្នំកម្ចាយនាទឹកដីខេត្ដកំពត ។ កូនសំណួរតូចមួយទៀតប្រាកដឡើង ៖ តើម៉េចបានជាស្លាកទាំងនោះសរសេរជាភាសាបរទេសទៅវិញ ? ត្រង់នេះសូមទុកឲ្យ​ប្រិយ​មិត្ដ​ជួយឆ្លើយផងចុះ ប៉ុន្ដែម្ចាស់ប្លក់សូមបញ្ចេញមតិតូចមួយលើរឿងនេះបន្ដិតថា  តាមគំនិត​ជាតិនិយមរបស់ខ្ញុំក៏ដូចជាជនរួមជាតិមួយភាគធំ អក្សរនៃភាសា​ជាតិទាំង​នោះ​គួរតែ​ជាគ្រឿងបន្ទាប់បន្សំសរសេរអែបៗនឹងអក្សរភាសាខ្មែររទៅវិញទេ ទើបត្រូវ ។

រឿងទាក់ទង៖

  1. ក្ដីបារម្មណ៍…
  2. China’s Growing…
  3. សម្ពោធវារី…

មេរោគ System Fix

ខែវិច្ឆិកា 24, 2011

តើមានកុំព្យូទ័រអ្នកណាធ្លាប់ឆ្លងមេរោគ System Fix ទេ ? កុំព្យូទ័រខ្ញុំពេលនេះ មេរោគកំពុងទន្ទ្រានពេញទីហើយ រាល់ទិន្នន័យបាត់អស់គ្មានសល់ទេ ។ មិនដឹងថាវាស៊ី ឬយ៉ាងណាទេ ។ តើមានវិធីទាញយកទិន្នន័យមកវិញទេ ? សូមអរគុណចំពោះជំនួយពីអ្នកទាំងអស់គ្នា ។

អាការៈជំងឺ៖

  1. កម្មវិធីដែលកំពុងដំណើរស្រាប់តែបិទឯកឯង
  2. អេក្រង់ប្រែជាខ្មៅ
  3. ហ្វូលឌើបាត់ម្ដងមួយ ៗ
  4. ក្នុង Open Explorer មើលហាដឌីសឃើញតែចូលទៅទៀតមិនបាន
  5. Start អត់មានអីទាំងអស់ … ។
  6. សន្លឺកតឿនអាសន្នចេញមកបន្ដបន្ទាប់ ស្គេននោះស្គេន ខ្ញុំគិតថាវាជា​ទង្វើរបស់មេរោគ
  7. សន្លឺកហើយទីបំផុតគេណែនាំឲ្យទិញផលិតផលកម្ចាត់មេរោគរបស់គេ …។

មេរោគបិទច្រកទាំងអស់ សូម្បីអ៊ិនធឹណេតក៏ចូលមិនដល់ ចូលបានតែវេបផលិតផល​របស់​គេ ។ ល្អដែរដែលគេទុក Windows Live Writer ឲ្យ ។

សូមជួយផង!!!


តាមដាន

Get every new post delivered to your Inbox.