អំពើឃាតកម្មនៅលើទំព័រកាសែតខ្មែរ មើលទៅគួរឲ្យខ្លាច ព្រោះអ្នកសរសេរព័ត៌មានខ្មែរព្យាយាមភ្ជាប់រូបភាពនៃអំពើឃាតកម្មទាំងនោះឬរូបថតទាក់ទងនឹងការស្លាប់ទៅនឹងអត្ថបទរបស់ខ្លួនយ៉ាងចំហរ ។ នេះជាអំពើអយុត្តិធម៌និងអមនុស្សធម៌មួយចំពោះជនរងគ្រោះ ព្រោះត្រូវគេថតយកមកផ្សាយយ៉ាងសប្បាយលើទំព័រកាសែតរបស់គេ ដោយមិនគិតដល់កិត្តិយសនៃមនុស្សជាតិ ។ មិនដឹងថាច្បាប់សារព័ត៌មានខ្មែរមាននិយាយដល់រឿងនេះដែរឬទេ? សារព័ត៌មានស្រុកគេ គេមានការប្រយ័ត្នប្រយែងណាស់លើក្រមសីលធម៌មួយនេះ ។ អំពើមនុស្សឃាត (ការសម្លាប់មនុស្ស) នៅស្រុកណាក៏មាន ប៉ុន្តែនៅតាមបណ្តាសារព័ត៌មានស្រុកគេ គេមិនធ្វើដូចស្រុកយើងទេ គេផ្ដល់កិត្តិយសដល់បុគ្គលដែលស្លាប់ទៅណាស់ ទោះជាសាកសពចោរ ឬសាកសពអ្នកល្មើសច្បាប់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនដាក់បង្ហាញយ៉ាងចំហរនៅលើទំព័រព័ត៌មានដែរ ។ ប្រសិនបើមានចុះផ្សាយអំពីសាកសព លុះត្រាចាំបាច់ណាស់ទើបគេធ្វើ តែបើធ្វើហើយគេបិទមិនឲ្យឃើញមុខច្បាស់ដែរ ឬបាំងភ្នែក ។
ប្រសិនបើយើងស្វែងរករូបភាពទាក់ទងនឹងពាក្យ៖ ស្លាប់ die ตาย chết នៅក្នុងហ្គូហ្គល លទ្ធផលដែលចេញមកគឺ ពាក្យស្លាប់ បានបង្ហាញរូបសាកសពយ៉ាងច្រើន ពីពាក្យ die chết និង ตาย ដែលស្ទើរគ្មានតែម្តង ។ នេះមិនមែនមានន័យថា នៅប្រទេសក្រៅពីយើងមិនមានអំពើឃាតកម្ម ឬគ្មានអ្នកស្លាប់នោះទេ ប៉ុន្តែអ្នកសារព័ត៌មានគេគោរពវិជ្ជាជីវៈរបស់គេ ។ ការដាក់រូបឃាតកម្មឬអំពើហឹង្សានានានៅក្នុងទំព័រកាសែត ទស្សនាវដ្ដីនានាជះឥទ្ធិពលខ្លាំងដល់សង្គម ពិសេសដល់កុមារៗ ។ សព្វថ្ងៃនេះមានការផ្ដោតអារម្មណ៍អំពីការចាត់វិធានការលើអំពើហឹង្សាដែលបញ្ចាំងតាមទូរទស្សន៍ ភាពយន្ត ឬវិដេអូ ចំណែកការហាមប្រាមឬកម្រិតព្រំដែននៃការផ្សាយរូបឃាតកម្មឬអ្វីដែលទាក់ទងនឹងខ្លឹមសារដូចបានលើកឡើងខាងលើនៅតាមទំព័រកាសែត ទស្សនាវដ្ដីនានាហាក់ដូចជាមិនទាន់មាននៅឡើយទេ ។
សូមចុចលើពាក្យ ស្លាប់ chết die ตาย ដើម្បីមើលរូបភាពទាក់ទងនឹងការស្លាប់ ។

នៅស្រុកខ្មែរសម្បូរខ្លាំងណាស់ព័ត៌មានអំពីឃាតកម្ម អត្តឃាត វាហាក់ដូចជារឿងធម្មតាសម្រាប់ពួកគាត់ ។ តែវាដូចជាអាវុធដ៏មុតស្រួចមួយសម្រាប់ក្មេងៗ ព្រោះពួកគេបានឃើញ បានស្តាប់ហើយមិនបានគិតឲ្យវែងឆ្ងាយក៏ប្រើវិធីសម្លាប់ខ្លួនតាមបែបងាយ ៗ ដែលគេបានឃើញតាមរយៈកាសែត ទូរទស្សន៍ ទស្សនាវដ្តី … ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន មានក្មេងស្រីម្នាក់សម្លាប់ខ្លួនដោយសារតែសុំលុយម្តាយ (២០០រៀល)មិនបាន ។ ស្លាប់ហើយអាចមកវិញបានមែនទេ ?
អរគុណSomada
មែនហើយកុមារៗប្រៀបបាននឹងក្រណាត់សស្អាត កាលបើវាបានឃើញ បានជួបប្រទះអ្វីមួយដំបូងទោះល្អអាក្រក់ វានឹងផ្ដិតដិតជាប់ក្នុងអារម្មណ៍របស់វា ។ លើសពីនេះមិនថាកុមារទេ សូម្បីតែមនុស្សធំក៏មិនខុសពីនេះដែរ កាលបើឃើញសភាពសាហាវព្រៃផ្សៃញឹកញាប់ទៅ ក៏ទៅជាធម្មតា ហើយនឹងហ៊ានប្រព្រឹត្ដិអំពើទាំងនោះ ដោយគិតថាមិនមានអិប្លែកក៏មាន ។
អ្នកបោះផ្សាយគួរតែពិចារណានិងប្រៀបធៀបទៅនឹងកាសែត
ប្រទេសជិតខាងនានាដែរ រូបណាគួរដាក់ផ្សាយរូបណាមិនគួរ។
អរគុណachharia ដែលបានចូលរូបផ្ដល់យោបល់ ។ មើលទៅអ្នកយកព័ត៌មានស្រុកយើងហាក់ដូចជាចង់ឲ្យតែមានព្រឹត្ដិការណ៍អ៊ីចឹងកើតឡើងណាស់ នឹងអាលគេយកមកដាក់ផ្សាយ ។ ឬអាចមកពីទីផ្សារសារព័ត៌ស្រុកយើង អតិថិជនគេត្រូវការតែបែបនេះ ?
គាំទ្ររគំនិតបង
អញ្ចឹងបានគេថា កាសែតស្រុកខ្មែរទុកខ្ចប់បន្លែ។