…មានចចកមួយដើរដាច់សង្វែង ហើយបានទៅឃើញផ្លែទំពាំងបាយជូរនៅលើទ្រើង ។ វាឃ្លានខ្លាំងណាស់ វាខំឈោងប្រវារជំទើតពេញទំហឹងតែបេះមិនបានមួយសោះសូម្បីក្ដិបមួយក៏មិនបានផង ។ វាដើរចេញទៅដោយក្ដីស្រេកឃ្លាន និងបានប្រាប់ខ្លួនឯងថា កុំទៅឃ្លានអីសព្វអាទំពាងបាយជូរហ្នឹង តើមានប្រយោជន៍អ្វីទេទៅប្រឹងបេះវា ។ …
សម្រង់ខាងលើនេះជាស្នាដៃរបស់លោកឡាហ្វុងតែន ដែលជាអ្នកកវីល្បីឈ្មោះរបស់បារាំង នាសតវត្សទី ១៧ ក្នុងរឿង ចចកនិងផ្លែទំពាំងបាយជូរ ។ នេះគ្រាន់តែជាការចេះចាំតាមគ្រូធ្លាប់តំណាលប្រាប់កាលនៅរៀន ។ ដើម្បីផ្ដល់ក្ដីសង្ឃឹមឬលួងលោមខ្លួនឯងអំពីអ្វីដែលខ្លួនខកប្រាថ្នា មនុស្សយើងមួយចំនួនក៏បានប្រើគតិដូចតួអង្គចចករបស់លោកហ្វុងតែននោះដែរ ។
ក្រោយពីលើកគ្នាមួយហ្វូងទៅឡប់ប៊ីការពិចារណាអំពីគម្រោងការគ្រប់គ្រងប្រាសាទព្រះវិហារក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូមិនបានផលនោះមក ថៃក៏បានដកខ្លួនចេញពីគណៈកម្មាធិការបេតិភ័ណ្ឌពិភពលោក កាលពីថ្ងៃទី ២៦ មិថុនា ២០១១ ។ ពេលត្រឡប់មកដល់ស្រុកវិញ លោកសុវិទ្យ៍ត្រូវបានអ្នកយកព័ត៌នានាចូលធ្វើសម្ភាសន៍ជាបន្តបន្ទាប់ ។ លោកអះអាងថា ការដកខ្លួនពីគណៈកម្មាធិកានេះមិនធ្វើឲ្យថៃបាត់បង់ប្រយោជន៍ទេ ។ មានតែចំណេញ ព្រោះកាលនៅជាសមាជិក ថៃមិនដែលបានអ្វីយូណេស្កូទេ ថៃមានតែខាតទៅវិញ ដោយត្រូវបង់ពន្ធសមាជិកភាពរាល់ ៗ ឆ្នាំ ទៅអង្គការនេះ ហើយថៃមិនដែលយកលុយពីអង្គការនេះដូចកម្ពុជានិងបណ្តាប្រទេសនានាដែលជាសមាជិកទេ ។
គួរំឮកថាប្រតិភូថៃដែលលើកគ្នាទៅប៉ារីសលើកនេះប្រើប្រាស់ថវិការជាតិថៃ ១០ លានបាត ឬជាងបីសែនដុល្លារ៍អាមេរិក ។ នៅមុននេះបន្តិច កាលពីថ្ងៃទី 21 មិថុនា 2011 ប្រិតភូថៃបានរៀបចំពិធីជប់លៀងប៉ាវគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនិងភាគីសមាជិកនៅទីក្រុងប៉ារីសយ៉ាងអ៊ឹកធឹកផងដែរ ។ ចំពោះគោលដៅនៃការប៉ាវស៊ីចុកនេះដើម្បីអ្វីនោះ ស្រេចតែលោកអ្នកធ្វើការវិនិច្ឆ័យតាមការគួរទៅចុះ ។

ក្នុងអំឡុងពេលនេះរដ្ឋាភិបាលចាំផ្ទះមិនអាចធ្វើអ្វីបានទេ ។ ក្រុមអភិសិទ្ធបោករាស្ត្រគេទេ មិនបាច់ឆ្ងល់ទេ ។ នេះជាវិធីបោកថ្មីដែលគេធ្វើដូចមែនទែនអញ្ចឹង ។ រដ្ឋាភិបាលនេះអត់មានសិទ្ធិសម្រេចអ្វីទេ ចាំចុះ ព្រោះជារដ្ឋាភិបាលចាំផ្ទះ ។ រដ្ឋាភិថ្មីក្រោយបោះឆ្នោតប៉ុណ្ណោះដែលមានសិទ្ធអារកាត់រឿងនេះ ។
អានអត្ថបទនេះ នឹងភ្លឺកាន់តែច្បាស់៖ http://www.thairath.co.th/content/pol/182430
ចំពោះបញ្ហានេះខ្ញុំក៏បានសួរជនជាតិថៃដែរ គាត់ឆ្លើយថា គ្មានឃើញអីគួរឲ្យបារម្ភទេចំពោះការលាចេញពីគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ព្រោះគាត់ជឿថានេះជាល្បិចរបស់អភិសិទ្ធតែប៉ុណ្ណោះ ។ គាត់ថែមទាំងបញ្ជាក់ទៀត ឲ្យតែបោះឆ្នោតហើយ បញ្ហាទាំងអស់នឹងវិលមករកភាពដើមវិញជាមិនខានឡើយ ។