មួយរយៈនេះរវល់ពេក ដើរលេងតែផ្ទះគេ មិនដែលបានតុបតែងអ្វីនៅផ្ទះខ្លួនឯង ។ នេះជាមតិដែលខ្ញុំបានចូលរួមនៅវេបសាយផ្សេង អំណឹះតទៅដោយខ្លាចម្ចាស់ប្លក់គេមិនពេញចិត្ត គេក៏លប់របស់យើងទៅ យោបល់នេះនឹងបាត់ ។ ដោយហេតុនេះខ្ញុំសូមយកមកចុះនៅផ្ទះខ្លួនឯងមួយទៀត ។ មតិនោះមានខ្លឹមសារដូចខាងក្រោម ៖
ពាក្យ ខ្មែរ និង កម្ពុជា មិនមានទំនាស់អ្វីនឹងគ្នាទេ ប៉ុន្តែក្នុងបរិបទនៃការប្រើប្រាស់ទាមទារឲ្យមានការពិនិត្យដើម្បីរកភាពសមហេតុសមផលមួយដែលអ្នកស្រុកទូទៅ ពោលគឺម្ចាស់ភាសាអាចយល់បាននិងទទួលយកបាន ។ ឫសគល់នៃពាក្យទាំងពីរសុទ្ធសឹងត្រូវបានអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រខាងភាសាសាស្ត្របានធ្វើការសិក្សាថ្លឹងថ្ងែងថាមានឫសគល់យ៉ាងណារួចមកហើយ ។ ស្តិតនៅក្នុងការសន្និដ្ឋាននៅឡើយ ពាក្យ ខ្មែរ អាចមកពីកាលសម័យបូរាណខ្មែរយើងប្រកាន់យករបបមាតាធិបតេយ្យ ដែលកាលនោះខ្មែរចាត់ទុកស្រ្តី (មេ)ជាធំ (មេភូមិ, មេស្រុក, មេក្រុម, មេទ្វា, មេដៃ…) ។ ចំណែកពាក្យ កម្ពុជា មកពីឥសី កម្ពុជ និងអប្សរ មេរ៉ា ។ ផ្អែកតាមសំណល់នៃការប្រើភាសា ទំនោរនៃការប្រើពាក្យ ខ្មែរ មានកម្រិតខ្ពស់ជាងការប្រើពាក្យ កម្ពុជា ទាំងការប្រើប្រាស់ក្ក្នុងលក្ខណៈធម្មតា ការមើលងាយ និងទាំងការលើកតម្កើង ។
ខ្មែរចេះតែកិន ចិនចេះតែកត់ ។ ចិនដេញខ្មែរ ខ្មែរដេញខ្មោច (ទិសស្លោកសម័យលក់ផ្ទះក្នុងក្រុង) ។
បើអ្នកជាម្ចាស់ភាសាខ្មែរ អ្នកនឹងស្តាប់ទៅឆ្គងត្រចៀក កាលបើមានគេនិយាយបែបនេះ៖ ភាសាកម្ពុជា, ស្រុកកម្ពុជា, វចនានុក្រមកម្ពុជា, ម្ហូបកម្ពុជា ។
ខ្មែរភាគច្រើននឹងមិនយល់ស្របនឹងការនិយាយបែបនេះទេ តែបើជជីកសួរថា ហេតុអ្វីបានជាមិនយល់ស្រប ? តើខុសត្រង់ណា ? ចម្លើយនឹងពិបាករកបន្តិច ព្រោះការវិនិច្ឆ័យនេះកើតពីអព្ភន្តរញាណនៃម្ចាស់ភាសា ។ គួររំឭកថា នៅក្នុងការប្រាស់ក្នុងជីវិតប្រចាំថ្ងៃម្ចាស់ភាសាមិនដែលបារម្មណ៍ទៅនឹងការរៀបចំសំណង់ឃ្លាប្រយោគដែលត្រូវនិយាយនោះទេ ព្រោះគេមានវេយ្យាករណ៍ស្វ័យប្រវត្តិនៅក្នុងខួក្បាលសម្រាប់ធ្វើការហើយ ត្រង់នេះប្លែកពីអ្នករៀនភាសាទីពីរ បើលោកអ្នករៀនភាសាណាមួយ លោកអ្នកប្រាកដជាគិតអំពិទីតាំងពាក្យនិងពាក្យដែលត្រូវប្រើ ដោយផ្អែកតាមគំរូដែលបានរៀន ។
ត្រឡប់មករឿងដើម៖ មានមតិខ្លះថា ការដែលមិនប្រើពាក្យ ខ្មែរ សម្រាប់ជាឈ្មោះនៃសមាគម ឬស្ថាប័នខ្លួន… ព្រោះបរទេសគេមិនសូវស្គាល់ខ្មែរ បរទេសគេស្គាល់តែពាក្យ កម្ពុជា ច្រើនជាង ហេតុនេះត្រូវប្រើពាក្យ កម្ពុជា វិញ ។ ជាយោបល់ផ្ទាល់ខ្លួនខ្ញុំ អ្វីដែលយើងស្គាល់ច្បាស់អំពីខ្លួនហើយ យើងគួរនាំអ្វីនោះទៅឲ្យលោកខាងក្រៅបានស្គាល់ផង ។ បើគេមិនស្គាល់ខ្មែរ យើងត្រូវប្រើពាក្យខ្មែរឲ្យញឹកញាប់ ។ តើយើងធ្វើដើម្បីយកចិត្តបរទេស ឬរក្សាតម្លៃជាតិខ្លួន ?
ជាមតិផ្ទាល់ខ្លួន៖ កម្ពុជា សំដៅដល់អ្វីដែលទាក់ទងនឹង(ឈ្មោះ)ប្រទេស ហើយខ្មែរសំដៅដល់អ្វីដែលទាក់ទងនឹងមនុស្សឬស្នាដៃដែលបានមកពីមនុស្សនៃប្រទេសនេះទាំងគ្រប់សម័យកាល ។ ខ្ញុំសូមមិនកំណត់ថាពាក្យ កម្ពុជា ជានាម ចំណែក ខ្មែរ ជាគុណនាមនោះទេ ។

ជាគ្រោះថ្នាក់សម្រាប់ជាតិមួយបើមនុស្សនៃជាតិនោះមិនដឹងច្បាស់អំពីអ្វីដែលជាខ្លួន ។ ពិតជាបានមិនបាច់ច្រានបានមិនបាច់ខំ ខណៈដែលសៀមព្យាយាមបំភ្លៃប្រាប់កូនចៅគេថាពូជខ្មែរហ្នឹងងាប់អស់ហើយ និងខ្មែរមួយចំនួនមិនឲ្យគេហៅខ្លួនថាជាខ្មែរទៀតនោះ ឬគេហៅខ្លួនថាម៉េចក៏បាន ។ សៀមថាពួកនៅប្រទេសកម្ពុជាសព្វថ្ងៃជាមនុស្សកម្ពុជាដែលកាប់សម្លាប់ខ្មែរឲ្យផុតពូជហើយដណ្ដើមទឹកដីនេះកាន់កាប់ដរាបមក ។ កុំភ្លេចបណ្ដាំដូនតា …ជនជាតិខ្មែររស់នៅលើដីខ្មែរ, ខ្មែរអើយចូរចាំជាក់ថា… ។ ក្នុងខ្លឹមសារនៃបទចម្រៀងនេះដូនតាបានហៅឬណែនាំថាខ្លួនជាខ្មែរ ។
អរគុណ sounvichar ដែលខិតខំគំនិតល្អៗមកចូលរួម ។ តើលោកមានឯកសារអ្វីបញ្ជាក់អំពីំអំណះអំណាងរបស់លោកទេ ? បើមានសូមលើកមកបង្ហាញផង ។
ចង់ហៅខ្ញុំថាខ្មែររឺកម្ពុជា ខ្ញុំអត់ឃែរ ។ សូមអស់យោបល់ ៕
អរគុណដែលឆ្លៀតចូលលេង យោបល់របស់លោកវុធក៏ជាការចូលរួមចំណែកដែរ ។
ខ្ញុំយល់ថាកម្ពុជាគ្រាន់តែជាឈ្មោះប្រទេសតែប៉ុណ្ណោះ ដែលប្រទេសយើងទ្រង់ខុសពីគេបន្តិច ព្រោះយើងមានឈ្មោះប្រទេសផ្សេងនិងជនជាតិផ្សេង យើងប្រើប្រាស់ភាសាខ្មែរ យើងជាជនជាតិខ្មែរ និងអ្វីៗសុទ្ធតែខ្មែរ លើកលែងតែប្រទេស?
ចំពោះមតិដែលថា ខ្មែរប្រើសម្រាប់ទាក់ទងនឹងមនុស្ស.. ខ្ញុំក៏យល់ស្របខ្លះៗដែរ
អរគុណឡាវ័នដែលបានចូលរួមផ្តល់មតិ ។ គ្មាននរណាដឹងអំពីច្រើនជាងខ្មែរទេ ។
ิิប្រសិនបើចូលទៅស្រុកសៀម ក្នុងទម្រង់បំពេញបែបបទសុំទិដ្ឋាការ និង សលាក្កបត្ររបស់ថៃ ត្រង់ Nationality និង Nationality at Birth គេបង្គាប់ឲ្យសរសេរជា Cambodian ទាំងអស់ ។ ខ្ញុំសរសេរ Khmer គេលុបចោល ហើយបង្គាប់ឲ្យដាក់ Cambodian ។
ខាងខ្មែរយើងគួរមានគោលការណ៍ឲ្យច្បាស់លាស់ ។