កាលសង្រ្គាមលោកលើកទី ២ ប្រទេសជប៉ុនបានទទួលរងនូវការទម្លាក់គ្រាប់បែកបរមាណូពីកងទ័ពអាមេរិក ។ កាលនោះការរងគ្រោះដោយគ្រាប់បែកនេះជាសោកនាដ្យកម្មធំមួយសម្រាប់ប្រទេសជប៉ុន ។ របស់ដែលធ្លាប់បំផ្លាញប្រទេសនេះកាលពីសង្រ្គាមលោកត្រូវបានយកមកប្រើជាប្រយោជន៍ដល់មនុស្សជាតិ នៅពេលចប់សង្រ្គាម។ ជាងមួយសប្តាហ៍មកនេះ គូបំផ្លាញអតីតបានត្រឡប់មកវិញក្រោមការជំរុញពីធម្មជាតិ គឺក្រៅពីការបង្កើតរលកយក្សស៊ឹណាមិ បង្កើតទឹកជំនន់ជន់លិចតាមតំបន់មួយចំនួនដែលនៅក្បែរវា វានៅបានបណ្តាលឲ្យរោងចក្រអគ្គិសនីដើរដោយកម្លាំងនុយក្លេអែរផ្ទុះឆេះខួចខាត ។ អ្នកជំនាញខាងសេដ្ឋកិច្ចបានព្យាករណ៍ក្រោយពីព្រឹត្តិការណ៍ស៊ឹណាមិថា សេដ្ឋកិច្ចជប៉ុននឹងត្រឡប់មកប្រសើឡើងវិញក្រោយគ្រោះមហន្តរាយធម្មជាតិនេះយ៉ងហោចបីទៅបួនខែ ។ ប៉ុន្តែពេលនេះការព្យាករណ៍នេះអាចក្លាយជាការពិតទេ ប្រសិនបើការរាលដាលនៃចំហាយនុយក្លេអែរកើតពេញបន្ទុកនោះ ។ ការចេញមកអះអាងរបស់ប្រធានាធិប្បតេយ្យអាមេរិកដែលថា “វិទ្យុសកម្មមិនភាយដល់អាមេរិកឡើយ” អាចជាសារមួយបញ្ជាក់ថា ចំហាយវិទ្យុសកម្មប្រហែលជាមិនមែនប៉ះពាល់ត្រឹមតែប្រទេសជប៉ុនខ្លួនឯងប៉ុណ្ណោះទេ ប្រទេសក្បែរខាងក៏ទំនងជាគេចមិនផុតពីឥទ្ធិពលវិទ្យុសកម្មនេះដែរ ។
ការផ្ទុះរោងចក្រអគ្គិសនីដើរដោយកម្លាំងនុយក្លេអែរនេះ មិនមែនជាលើកដំបូងទេ ។ ធ្លាប់មានការផ្ទុះច្រើនលើកមកហើយ ហើយធ្ងន់ធ្ងរបំផុត គឺការផ្ទុះកាលពីថ្ងៃទី ២៦ មេសា ឆ្នាំ ១៩៨៦ នៅរោងចក្រឈើណូប៊ីល (Chernobyl) ប្រទេសអ៊ុយក្រែន ដែលជារដ្ឋមួយរបស់អតីតសហភាពសូវៀត ។ ការផ្ទុះនោះមិនបណ្តាលមកពីធម្មជាតិទេ គឺកើតពីបញ្ហាបច្ចេកទេស ។ គ្រប់គ្នាពិសេសអ្នកដែលរងគ្រោះដោយសារចំហាយវិទ្យុសកម្មពិតជានៅចាំបានល្អណាស់អំពីវិនាសកម្មពីបន្ទុះនោះ ។ ចំហាយវិទ្យុសកម្មនាពេលនោះឡើងដល់ម្រិត ៧ ដែលតាមអ្នកជំនាញខាងនុយក្លេអែរចាត់ទុកថាជាកម្រិតខ្ពស់មួយ ។
![]()
សំណាករោងចក្រនៅអ៊ុយក្រែនបន្ទាប់ការផ្ទុះ នៅឆ្នាំ ១៩៨៦
ឥឡូវក្រឡេកមើលប្រទេសជិតខាងយើងនេះវិញ ដោយចង់បង្កើតឋាមពលអគ្គសនីដើម្បីបម្រើក្នុងប្រទេសនិងលក់ទៅក្រៅ ប្រទេសថៃកំពុងសិក្សាលើគម្រោងសាងសង់រោងចក្រអគ្គសនីដើរដោយកម្លាំងនុយក្លេអែរ ។ ប៉ុន្តែគម្រោងនេះកំពុងមានបញ្ហា ព្រោះមានមតិប្រឆាំងនិងស្រប ។ ប្រសិនប្រទេសនេះបង្កើតរោងអគ្គសនីដើរដោយកម្លាំងនុយក្លេអែរបាននោះ ទាំងប្រទេសនោះនិងប្រទេសយើងព្រមទាំងប្រទេសក្បែរខាងថៃសុទ្ធជាប្រទេសដែលកំពុងរង់ចាំគ្រោះមហន្តរាយដែលអាចនឹងកើតមាននៅពីរោងចក្រនេះជាយថាហេតុ ។
សូមរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលទទួលរងគ្រោះផ្ទួនៗពីគ្រោះធម្មជាតិនិងនុយក្លេអែរ ។
សេចក្តីបន្ថែម ៖ កាលពីផ្ទុះនៅអ៊ុយក្រែន កម្រិតវិទ្យុសកម្មឡើងដល់កម្រិត ៧ ។ ចំណែកប្រទេសជប៉ុននាពេលនេះ កម្រិតវិទ្យុសកម្មឡើងពីកម្រិត ៤ ពីម្សិលមិញ និងឡើងដល់កម្រិត ៥ នាថ្ងៃនេះ (១៨ មីនា ២០១១) ។

ខ្មែរយើងក៏ជ្រើមនឹងរឿងនុយក្លេអ៊ែរនេះដែរ។ បើធ្វើបានវាល្អហើយ តែបានហើយមិនចេះការពារ មានតែរលាយប៉ុណ្ណោះ។ មុននឹងប៉ះរបស់អស់នេះ គេគួរអភិវឌ្ឍរបៀបការពារដោះស្រាយបញ្ហាអោយបានល្អប្រសើរសិន។
សូម្បីតែប្រទេសជប៉ុនជឿនលឿនប៉ុណ្ណឹងហើយ មានបញ្ហាបែបហ្នឹង ដោះស្រាយមិនដឹងណាណីផង ចុះទម្រាំតែពួក យួនសៀមខ្មែរអីនេះទៀត រលាយមិនខាន។ ធ្វើតែមធ្យោបាយការពារ អគ្គិភ័យអោយបានគ្រប់គ្រាន់សិនទៅ។
ទើបដឹងថាខ្មែរយើងចង់មានរោងចក្របែបហ្នឹងដែរ ។ ម្នាក់ៗដឹងតែពីបាន ឯការទប់ស្កាត់នោះដូចជាគ្មានទេ ។ ប្រសិនលក្ខណៈបែបនេះកើតមានចំពោះប្រទេសផ្សេងពីប្រទេសជប៉ុននោះ ពោលគឺប្រទេសក្បែរយើងនេះ មកដល់ពេលនេះប្រហែលជាខ្ទេចអស់ហើយ ។ រដ្ឋាភិបាលប្រទេសផ្សេងមួយចំនួនកំពុងមានវិធានការជន្លៀសប្រជាជនគេចេញពីប្រទេសជប៉ុនហើយ ។ ដោយឡែករដ្ឋាភិបាលខ្មែរយើងដូចជាមិនឮមានវិធានការអ្វីសោះចំពោះពលរដ្ឋខ្មែរនៅជប៉ុន។ ឬមិនមានខ្មែរនៅប្រទេសជប៉ុនទេដឹង ?
តាមស្តាប់ព័ត៌មានខាងទូរទស្សន៍ថៃ គេបានបញ្ជាក់ថាកាលដែលគេចង់បង្កើតរោងចក្រនោះ គឹមកពីធនធានធម្មជាតិនឹងអស់ក្នុងរយៈពេល២០ឆ្នាំទៀត ហើយថាមពលពន្លឺព្រះអាទិត្យប្រើប្រាស់មិនគ្រប់គ្រាន់ទេដូច្នេះទើបគេរកវិធីដោះស្រាយដោយបង្កើតរោងចក្រអគ្គីសនីដើរដោយថាមពលអគ្គីសនីដូច្នេះ ។
សូមចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋជប៉ុនដែលរងគ្រោះដោយការរញ្ជួយដី និង សូមផ្តល់កម្លាំងចិត្តដល់អ្នកដែលរងរបួស ។
សព្វង៉ៃណេះKhmelingដូចអត់មានរឿងភាសាមកជជែកសោះនៀ! ឃើញតែរឿងមិនពាក់ព័ន្ធនឹងភាសា ។ សរុបម៉ោសូមចូលរួមរឿងទាក់ទងនឹងប្រកាស ផង !!! អ្នកធំៗយើងជ្រើមមែន ឃើញគេធំចង់ធំដូចគ្នាអាដែលខ្លួនឯងមិនដឹងស្អីផង ធើអីដូចមិនមានគោលដៅ ដូចជាមនិមានការសិក្សាឱ្យបានល្អិតល្អន់សោះ ។ គេមិនធ្វើដូចមិនយល់ថាធនធានយើងមានប៉ុណ្ណាដើម្បីគ្រប់គ្រងបច្ចេកវិទ្យាជាន់ខ្ពស់នេះ ។