រឿងនយោបាយជារឿងរបស់អ្នកធំ ឬ រឿងប្រទេសជាតិជារឿងរបស់អ្នកធំ ។ យើងតែងឮគេនិយាយល្បះនេះជារឿយៗ ។ ល្បះទាំងនេះអាចធ្វើឲ្យមនុស្សចេះតែសម្ងំស្ងៀមរហូតទៅដោយមិនរវីរវល់អ្វីទាំងអស់អំពីរឿងប្រទេសជាតិ ។ ខ្ញុំមិនដឹងថាមាត្រាទីប៉ុន្មាននៃរដ្ឋធម្មញ្ញរបស់ប្រទេសកម្ពុជា ដែលមានន័យជារួមថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ អត្ថបទនេះជាយោបល់មួយធ្វើឡើងក្នុងបំណងរួមចំណែកបន្ថយបញ្ហាដែលកំពុងកើតមានរវាងខ្មែរនិងថៃ ។
ការដោះស្រាយបញ្ហាព្រំដែនទ្វេរភាគីជាមួយប្រទេសថៃមិនគួរយកមកប្រើទៀតទេ ព្រោះកន្លងមកដំណោះស្រាយនេះមិនមានឃើញលទ្ធផលវិជ្ជមានអ្វីឡើយ ។ ផ្ទុយទៅវិញទ្វេរភាគីបានអូសបន្លាយភាពតានតឹងកាន់តែយូរទៅ ៗ ហើយបានលេបត្របាក់ជីវិតមនុស្សនៃប្រទេសទាំងសងខាងជាបន្តាបន្ទាប់ ។ មូលហេតុអាចមកពីភាគីម្ខាងទៀតមិនមានសុឆន្ទៈប្រាកដក្នុងដំណោះស្រាយ ។
…ប្រទេសកម្ពុជាកំពុងតែស្វែងរកការដោះស្រាយវិបត្តិជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ តាមរយៈភាគី ទី៣ មានដូចជា អង្គការសហប្រជាជាតិ និងសមាគមអាស៊ានជាដើម…(វិទ្យុអាស៊ីសេរី ៧ កុម្ភៈ ២០១១) នេះជាក្តីសង្ឃឹមមួយដែលម្នាក់ៗពិសេសសម្រាប់រាស្ត្រខ្មែរ ពិសេសសម្រាប់អ្នកតាមដានព្រឹត្តិការណ៍ ។ រាស្រ្តទាំងសងខាង ដែលភាគច្រើនមានឈាមជ័រជាខ្មែរដែរតែកាត់ផ្តាច់ដោយរបបនយោបាយបានទទួលរងទុក្ខ ។ អ្នកទាំងនេះមិនដែលបានគិតថា គេទៅមករកគ្នាជាបងប្អូន ។ ការបណ្តុះលក្ខណៈជាតិនិយមអាចផ្តើមចេញពីរបបនយោបាយជាងចេញពីអ្នកស្រុកគ្នាឯងនៅជាយដែន ។ ខាងក្នុង (ភ្នំពេញ ឬ បាងកក)ពុះពោរ ដល់ទៅបញ្ចេញកំហឹងបែរជា អ្នកជាយដែនរងគ្រោះ ។ អ្នកស្រុកជាយដែនមិនដែលដង្ហើយហៅឲ្យផ្ទុះសង្រ្គាមនឹងគ្នាម្តងណាទេ ។ រូបភាពជន្លៀសខ្លួនចេញនៃជនភាសសឹកពីតំបន់ជម្លោះ មើលទៅ អាណោចអាធម្មណាស់ ។ នេះមិនមែនជាខ្សែភាពយន្តដែលសាងឡើងដើម្បីកែកំសាន្តទេ តែវាជាទុក្ខវេទនាពិតៗ ។ អ្នកក្រុងដេកមើលទូរទស្សន៍ទាំងអារម្មណ៍ធម្មតា និងទាំងអារម្មណ៍អាណិតអាសូរ ប៉ុន្តែគេមិនបានដឹងរសជាតិទាំងនេះដោយខ្លួនឯងថា វាល្វីងជូរចត់ វាលំបាកប៉ុណ្ណាទេ ។
ហេតុនេះដំណោះស្រាយពហុភាគីដោយអង្គការសហប្រជាជាតិជាសំខាន់អាចជាពន្លឺនៃលទ្ធផលវិជ្ជមាន ។ យើងមិនសង្ឃឹមថានឹងបានផលកម្រិតណាទេ តែគួរតែធ្វើ ជាជាងនៅដដែលៗ ទ្វេរភាគី ៗៗៗ ។
សូមឲ្យរាជរដ្ឋាភិបាលខ្មែរប្រកាន់ជំហរ ដំណោះស្រាយជម្លោះព្រំដែនដោយពហុភាគី ។

គាំទ្រយន្តការតំបន់អាស៊ាន និងយន្តការអង្គការសហប្រជាជាតិ ឬ យន្តការច្បា់អន្តរជាតិ។
ដំណោះស្រាយមិនមែនទ្វេរភាគីត្រូវតែធ្វើ ទោះណាយើងមិនដឹងថាផលនឹងទៅជាយ៉ាងក៏ដោយ ។ បោះចោលទ្វេរភាគីព្រោះយើងឆ្អែតនឹងវាហើយ ។
មើលព័ត៌មានពីខាងថៃចេះតែឆ្ងល់ ។ ថៃថានឹងព្យាយាមដោះស្រាយជម្លោះដោយទ្វេរភាគី តែខ្លួនកំពុងសម្រុកបញ្ជូនសព្វាវុធទៅផ្ញុកជាយដែន ។ គិតទៅខ្លាចតែខាងយើងចិត្តទន់ ហើយងាករកអាទ្វេរភាគីស្អីហ្នឹងទៀតទេ ។
ស្រៀវជួស!!!