…ខ្មែរយើងពីដើមឱ្យតែធ្វើផ្ទះហើយចូលនៅតែម្តង តែខ្មែរសម័យថ្មីនេះមុននឹងធ្វើផ្ទះគេត្រូវសិក្សាអំពីប្លង់គោល ប្លង់ស្ថាបត្យកម្មជាមុនសិន ដើម្បីឱ្យដឹងថា តើផ្ទះរបស់គេបែរមុខទៅទិសខាងណា សួនច្បារដាក់នៅកន្លែងណា អាងហែលទឹកដាក់នៅកន្លែងណា និងរចនាម៉ូដតាមបែបខ្មែរ ឬអឺរ៉ុប និងត្រូវតុបតែងផ្ទះបែបណា។ ដូច្នេះហើយទើបស្នាដៃស្ថាបត្យកម្មត្រូវបានគេឱ្យតំលៃខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ ដោយឃើញស្នាដៃស្ថាបត្យកម្មកាន់តែមានតំលៃនោះ ទើបមជ្ឈមណ្ឌលម៉ាក្សរៀលរៀបចំតាំងពិព័រណ៍នេះឡើងដើម្បីផ្តល់ឱកាសឱ្យនិស្សិតផ្នែកស្ថាបត្យកម្មបានបញ្ចេញស្នាដៃរបស់ខ្លួន។… (កោះសន្តិភាព៖ តាំងពិព័រណ៍ស្ថាបត្យកម្មបង្ហាញស្នាដៃនិស្សិតសាកលវិទ្យាល័យ)
រឿងដែលលើកមកពិចារណាមានពីរ គឺ៖ ១. ការប្រើសន្ធានស័ព្ទ តែ (ប៉ុន្តែ) និង ២. គោលគំនិតខ្មែរអំពីលំនៅដ្ឋាន ។
១.…ខ្មែរយើងពីដើមឱ្យតែធ្វើផ្ទះហើយចូលនៅតែម្តង តែខ្មែរសម័យថ្មីនេះមុននឹងធ្វើផ្ទះគេត្រូវសិក្សាអំពីប្លង់គោល…
ស្តាប់ទៅល្បះទាំងពីរដែលភ្ជាប់ដោយសន្ធានស័ព្ទ តែ ហាក់ដូចជាមិនសូវឆ្លើយគ្នាសោះ (correspond) ព្រោះ ល្បះដំបូងនិយាយរឿងធ្វើផ្ទះហើយ និងទី២ និយាយអំពីគម្រោងមុននឹងធ្វើផ្ទះ ។ (សូមអានសម្រង់ខាងលើម្តងទៀត ហើយជួយពិចារណា)
២. គោលគំនិតនៃការសាងសង់លំនៅដ្ឋានខ្មែរ៖ ទាក់ទងនឹងការសាងសង់លំនៅដ្ឋានខ្មែរពីដើមពិតជាមានការគិតគូរវែងឆ្ងាយណាស់ ទាំងខាងជំនៀ និងខាងបច្ចេកទេស ។ មិនបាច់ទៅពិចារណាទៅលើមរតកប្រាសាទបូរាណដែលនៅសេសសល់ដល់សព្វថ្ងៃនេះទេ គឺគ្រាន់តែមើលសំណង់ផ្ទះបូរាណខ្មែរខ្លះ ក៏សឹងយល់បានអំពីកម្រិតបច្ចេកទេសសាងសង់ និងការតុបតែងរចនារបស់ខ្មែរបានដែរ ។ ការហៅឈ្មោះផ្ទះទៅតាមរាងរៅរបស់ផ្ទះ ដូចជា ផ្ទះកន្តាំង ផ្ទះប៉ិត…ជាដើម ក៏ឆ្លុះបញ្ចាំងអំពីតម្រូវការខាងសោភណរបស់ផ្ទះខ្មែរ ។
ចំពោះពិធីកម្មដែលធ្វើឡើងតាំងពីមុននិងក្រោយការសាងសង់ (សែនក្រុងពាលី រើសពេលលើកសរសរ រកទិស ជាដើម) ក៏អាចបញ្ជាក់ពីគោលគំនិតខ្មែរទៅលើលំនៅដ្ឋានដែរ ។ ការសាងសង់សម័យបច្ចុប្បន្នក៏មិនមែនកើតពីការរកឃើញថ្មីសុទ្ធសាធដែរ ។ មានម៉ូតផ្ទះខ្លះឈរលើមូលដ្ឋានពីសម័យដើម ។
ដោយយើងជួបគ្រោះអកុសល ឈ្លោះតែគ្នាជាច្រើទសវត្ស យើងក៏គិតពីឆ្អែតជាងឆ្ងាញ់ (សោភ័ណ) ។
(ខុសត្រូវយ៉ាងណា សូមមេត្តាអធ្យាស្រ័យ)

.
ឆ្ងល់តៗគ្នា ។ បន្ទាប់ពីអានសំណេរខាងលើរួច ខ្ញុំទៅជាឆ្ងល់ពីការដកឃ្លាទៅ
វិញ។ ដូចឃើញក្នុងសំរង់ឃ្លានៅខាងក្រោមនេះ ខ្ញុំឆ្ងល់ថានៅចន្លោះផ្ទះនិងទៅ
ចន្លោះមិនមែននិងកើតពី ម៉េចចាំបាច់សរសេរដកឃ្លាពីគ្នា ?
…ការហៅឈ្មោះផ្ទះ ទៅតាមរាងរៅផ្ទះ ដូចជា….
ការសាងសង់សម័យបច្ចុប្បន្នក៏មិនមែន កើតពីការរកឃើញថ្មីសុទ្ធសាធដែរ ។
ការដកឃ្លានេះចាត់ថាជារឿងតូចតាចក៏ថាបាន ប៉ុន្តែបើគ្មានក្បួនខ្នាតជាក់
លាក់ហើយម្នាក់ៗសរសេរដកឃ្លាតាមតែចិត្តចង់ឬយល់ឃើញផ្សេងៗគ្នារៀង
ខ្លួន វានឹងអាចទៅជារឿងធំដែលត្រូវចំណាយពេលច្រើនក្នុងការកែតម្រូវឧិ្យ
មានដំណូចគ្នាវិញក្នុងសំណេរជាអក្សរនិងភាសាខ្មែរយើងដែរ ។
សូមអរគុណទុកជាមុនឧិ្យហើ្យចម្ពោះចម្លើយក្នុងន័យជួយស្ថាបនានានា។
(ខុសត្រូវយ៉ាងណា ចាកប្រធានដល់ណា សូមមេត្តាអធ្យាស្រ័យផង)
.
អរគុណ achharia ដែលចាប់អារម្មណ៍អំពីរឿងនេះ ។ ការដកឃ្លារវាងពាក្យ ផ្ទះ និង ទៅ, មិនមែន និង កើត ជាកំហុសដោយអចេតនា ឥឡូវខ្ញុំដាក់ឲ្យជាប់គ្នាហើយ ។ រឿងដកឃ្លានេះ ខ្ញុំក៏ចាប់អារម្មណ៍ជាយូរមកហើយដែរ ប៉ុន្តែពេលគិតយូរៗទៅឃើញថា គួរមានការសិក្សាឲ្យបានល្អិតល្អន់បន្តិច ។ ខ្ញុំធ្លាប់អានអត្ថបទមួយអំពីរឿងដកឃ្លានេះ ដែលសរសេរដោយបណ្ឌិត្យ ព្រុំ ម៉ល់ ។ ប្រសិនបើចាប់អារម្មណ៍ achharia អាចទាក់ទងទៅវិទ្យាស្ថានភាសាជាតិដើម្បីរកអត្ថបទនេះ ។
ទុកមួយឡែកសិនទៅអារឿងដកឃ្លាហ្នុង ។
លោក achharia មើលផង ៖
ស្រង់ > សម្រង់ មិនមែន សំរង់ ទេ
ឆ្ពោះ > ចម្ពោះ? ប៉ុន្តែវចនានុក្រមសរសេរ ចំពោះ
អរគុណលោក David ចំពោះចំណាប់អារម្មណ៍លើសំណេររបស់ខ្ញុំ ។
ដូចក្តីរំពឹងរបស់ខ្ញុំ គឺមានមែន ! ចុះអែណាក្បួនខ្នាត ?
ថា ស្រង់ ទៅជា សម្រង់ ព្រោះអោយវានៅត្រួតៗដូចគ្នា តាមគ្នា sic!
ចុះម៉េចក៏ ឆ្ពោះ ទៅជា ចម្ពោះ វិញមិនបាន ?
គឺខ្ញុំចង់អោយមានការចាប់អារម្មណ៍និងមានការលើកយកមកជជែកគ្នា
អោយឃើញភាពសមហេតុសមផល(logic)នៅទីនេះ ដោយមិនយកច្បាប់
យកអំណាចមកគំរាមគ្នាអោយបាក់ស្បាតបាក់លោង មិនភ្ជាប់ទៅនឹងរឿង
នយោបាយនឹងអាលបានចាប់គ្នាដាក់គុកដាក់ច្រវាក់បង់ប្រាក់បង់កាស ។
មានឃើញទៀតទេ? ឧិ្យ ហើ្យ ម៉េចក៍អាមួយដូរមកជា ហើយ បាន
ហើយអាមួយទុកអោយនៅ ឧិ្យ បែបអក្សរចិនដដែល ។
តើពួកអញស័ព្ទហ្នឹងជាសព្ទរឺជាពាក្យដែលអញណាម្នាក់ថាអោយត្រូវតែ
នៅសរសេរយ៉ាងណាគឺយ៉ាងនោះមិនបាច់ប្រកែកសួរតវ៉ារករឹសរកគល់
អីទេរឺ ? និយាយពីអញស័ព្ទវាហាក់ដូចជាបង្កប់នូវភាពផ្ដាច់ការក្នុងភាសា
ដែរ …គឺត្រូវសរសេរតាមអញ្ចឹង! កុំដេញដោលរកភាពសមហេតុផល!
កុំបាច់ធ្វើការកែសំរួលកែលំអ !
ដូចជាពាក្យ អែង និង ឯង ដែរ ។ ចងបាន អែ វាទាល់តែ អ ដាក់ស្រៈ ែ
បើក្មេងៗវាសួរថា ម៉េចបានចាំយក ឯ មកសរសេរជំនួស ? បើសរសេរ
អែ ទៅវាយ៉ាងម៉េច ?
កាលពីជំនាន់ខេមរយានកម្ម សិស្សណាសរសេរ អែង អោយ រឺ លឺ និង
ព្យាង្គរាយជំនួសព្យាង្គតំរួត តែងទទួលបានពិន្ទុបន្ថែមពីសំណាក់គ្រួៗ
ដែលជាកូសិស្សលោក កេង វ៉ាន់សាក់ ។
ទស្សនៈខ្ញុំខ្លះៗពីរឿង ត្រួត តម្រួត តំរួត
.
សួស្តីឆ្នាំថ្មី អ្នកទាំងអស់គ្នា ពិសេសហេឡូលោក achharia .។ គ្រានេះរវល់ដល់ហើយ ថ្ងៃចូលលេងខ្មែរលិង្គ ក៏មកជួបចម្ងល់របស់លោក achharia ។ សូមទោសដេលសំនូររបស់លោកនៅគាំងស្ញេញគ្មានចម្លើយតប ។ ខ្ញុំជាអ្នកឆ្លើយព្រោះខ្ញុំឆ្កឹះ ។ ចាំលើកក្រោយណា ។
តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ អ្នកសរសេរហ្នឹង ដូចជាមិនដែលបានសៀវភៅ ទំនៀមទម្លាប់ខ្មែរសោះ ។ ហួសចិត្តហ្ម៎ងធ្វើផ្ទះហើយចូលនៅភ្លាម ។