ក្នុងភាសាខ្មែរមានវិធីបង្កើតពាក្យរបស់ខ្លួនច្រើនសណ្ឋាន។ វិធីដែលមានប្រើញឹកញាប់គឺវិធីកម្លាយពាក្យ។ តាមវិធីកម្លាយពាក្យ ខ្មែរមានមូលបទសំខាន់មួយចំនួនសម្រាប់បង្កើតពាក្យថ្មី ដែលមូលបទនីមួយ ៗ សុទ្ធសឹងមានតួនាទីសម្គាល់ន័យ និងតួនាទីពាក្យតាមក្បួនវេយ្យាករណ៍ខ្មែរ។ ភ្ជាប់ជាមួយវិធីកម្លាយពាក្យនេះយើងសូមសង្កេតលើការប្រើពាក្យ ទាក់ទង និង ទំនាក់ទំនង។ យើងឃើញថា លោកអ្នកប្រើភាសាខ្មែរមួយចំនួនបានប្រើពាក្យទាំងពីរខុសគោលការណ៍នៃក្បួនសម្ព័ន្វវិទ្យាខ្មែរ (Khmer Syntax)។
សូមពិនិត្យល្បះខាងក្រោមដូចតទៅនេះ៖ (ដោយរកឧទាហរណ៍ចេញពីអត្ថបទមិនទាន់ សូមអនុញ្ញាតប្រើល្បះដែលធ្លាប់ឮញឹកញាប់សិន)
១. សូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦។ (ផ្សាយពាណិជ្ជកម្ម)
២. …ការទំនាក់ទំនងរវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។ (នាទីទស្សទាយ)
ពាក្យថា ទាក់ទង ជាកិរិយាសព្ទ រីឯពាក្យ ទំនាក់ទំនង ជានាមសព្ទ។ នៅក្នុងឧទាហរណ៍ ១ ពាក្យ ទំនាក់ទំនង ត្រូវបានប្រើជាកិរិយាសព្ទ ជំនួយពាក្យ ទាក់ទង ។ ចំណែកក្នុងឧទាហរណ៍ ២ គេប្រើ អឌ្ឍមូលបទ (Semi-affix) ការ បន្ថែមពីលើនាម ទំនាក់ទំនង។ ដោយពាក្យហេតុថា ទំនាក់ទំនង ជានាមសព្ទក្លាយមកពីពាក្យ ទាក់ទង ចាំបាច់អីទៅប្រើអឌ្ឍមូលបទ ការ ជាជំនួយទៀត ឬគេយល់ថា ពាក្យ ទំនាក់ទំនង ដែលកម្លាយរួចហើយនៅមិនទាន់ជានាមសព្ទពេញលក្ខណៈ។ តាមយោបល់ខ្ញុំ និងស្របតាមក្បួនវេយ្យាករណ៍ខ្មែរផងនោះ ១ និង ២ គួរនិយាយ ឬ សរសេរថា ៖
១. សូមទាក់ទង មកទូរស័ព្ទលេខ ០៤០ ៣៤០ ៤៧៦។
២. …ទំនាក់ទំនង ឬ ការទាក់ទង រវាងគូស្វាមីភរិយាមានភាពល្អប្រសើរ។

តែពេលនេះមានគេប្រើ ការទំនាក់ទំនងច្រើនណាស់។តើមានវិធីដោះស្រាយទេ?
អរគុណ។
តាមយោបល់ខ្ញុំប្រសិនបើម្នាក់ៗប្រកាន់ជំហរថាខ្លួនត្រូវតែរហូតវិធីដោះស្រាយប្រកដជាគ្មាន។តែប្រសិនបើយើងនាំគ្នាស្តាប់ហេតុផលដែលប្រកបដោយវិចារណញាណពីលោកអ្នកប្រាជ្ញាឬអ្នកជំនាញតាមផ្នែកនីមួយៗខ្ញុំគិតថាអ្វីៗមិនអាចគេចផុតពីដំណោះស្រាយដ៏ត្រឹមត្រូវឡើយ។ងាកមកមើលការប្រើភាសាជាតិវិញម្តង!ដល់ពេលនេះយើងមិនទាន់មានអ្នកជំនាញណាមួយមកធានាដោះស្រាយរឿងភាសាខ្មែរក្រៅពីយកឈ្នះតែរៀងខ្លួនថាខ្លួនជាអ្នកភាសាខ្លួនចេះភាសាខ្មែររកគូរប្រដូចគ្មានជាដើម។គោលការណ៍ឬដំណោះស្រាយរឿងភាសាខ្មែររាប់តាំងពីបញ្ហាតូចៗឡើងប្រាកដជាស្រាយចេញប្រសិនបើយើងទទួលយកហេតុផលជាជាងជម្នះតែលើគំនិតបែបអគតិផ្ទាល់ខ្លួន។
ខ្ញុំក៏យល់ពាក្យនេះដូចលោកដែរ។ តែដល់គេយកទៅប្រើជាកិរិយាស័ព្ទយូរៗទៅ ពាក្យនេះក៏បានក្លាយទៅជាកិរិយាស័ព្ទផងនាមស័ព្ទផង តែមិនដឹងជាខុសឬត្រូវទេ ដ្បិតយើងមិនមានអ្នកតំណាងភាសាជាតិឲ្យពិតប្រាកដចេញមកជួយបកស្រាយឲ្យច្បាស់លាស់ ច្នេះហើយក៏ចេះតែនាំគ្នាប្រើបាយបិណ្ឌជាបាយបាត្រអស់ហើយ៕
នៅរាជបណ្ឌិតសភាកម្ពុជាមាននាយកដ្ឋានមួយទទួលបន្ទុកភាសាជាតិ។ សង្ឃឹមថាអនាគតដ៏ខ្លីខាងមុខ ភាសាយើងនឹងត្រូវដោះស្រាយចេញពីវិបត្តិដែលកំពុងកើតមាន។
កាលដែលគេយកទៅប្រើ អាចមកពីគេមិនយល់អំពីការប្រើពាក្យនេះហើយចេះតែប្រើទៅដោយស្មានថាត្រូវ ដល់អ្នកខ្លះកាលបើឃើញគេប្រើអញ្ចឹងក៏ចេះតែប្រើតាមគេ ។ រឿងនេះយើងអាចចៀសវាងបាន ប្រសិនបើដឹងហើយ ហើយនាំគ្នាប្រើឲ្យបានត្រឹមត្រូវ ។ ចាត់ថាជាសំណាងល្អហើយ ដែលភាសាយើងជាភាសាជាន់ខ្ពស់ បុព្វបុរសយើងសាងគុណសម្បត្តិជាច្រើនខាងភាសាទុកឲ្យយើងប្រើ ។ ប្រសិនបើយើងប្រៀបធៀបទៅ យើងមានលទ្ធភាពបង្កើតពាក្យមិនចាញ់ភាសាអង់គ្លេសប៉ុន្មានទេ ។ ឧទាហរណ៍ ពាក្យថា កើត យើងអាចកម្លាយបានច្រើនសន្តានពាក្យ (Family words) ដែលនីមួយៗ មានប្រព័ន្ធន័យតែមួយដូចគ្នា ខុសគ្នាតែត្រង់មុខងារវេយ្យាករណ៍ (Grammatical Function) ប៉ុណ្ណោះ ។ សន្តានពាក្យនីមួយៗ ដែលចេញពីកម្លាយសុទ្ធសឹងមានមុខងារវេយ្យាករណ៍របស់ខ្លួន ។
កើត ជាកិរិយាសព្ទ
បង្កើត ជាកិរិយាសព្ទ
កំណើត ជានាមសព្ទ
ខ្នើត ជានាមសព្ទ
នៅក្នុងនោះ ពាក្យដែលក្លាយជានាមសព្ទរួចហើយ មិនសូវមានការកម្លាយដោយប្រើមូលបទ (affix) ឬអឌ្ឍមូលបទ (Semi-Affix) ដែលមុខងារបង្កើតនាមណាមួយទៀតទេ ព្រោះពាក្យកម្លាយនោះមានលំនឹងជានាមសព្ទគ្រប់គ្រាន់ហើយ ។ ហេតុនេះពាក្យថា កំណើត និង ខ្នើត យើងមិនអាចថែម ការកំណើត ការខ្នើត ឬសេចក្តីកំណើត សេចក្តីខ្នើត បានទេ ។ យើងមិនអាចបន្ថែមយន្តការណាមួយដើម្បីកម្លាយទៅទៀតបានទេ ។
ភ្ជាប់ជាមួយនេះ ពាក្យថា ទំនាក់ទំនង ដែលជានាមសព្ទកើតពាក្យកម្លាយនៃពាក្យ ទាក់ទង យើងមិនគួរណានាំគ្នាថែមអឌ្ឍមូលបទ ការ- អ្វីទៀតឡើយ វាអាចនាំឲ្យសាំ និងអាចខុសធម្មភាពនៃវេយ្យាករណ៍ខ្មែរយើងក៏ថាបាន ។
[...] ទំនាក់ទំនង , ឯកភាព ដែលបច្ចុប្បន្ននេះគេថែមពាក្យ [...]
[...] ទាក់ទង និង ទំនាក់ទំនង… [...]